ជនសង្ស័យ១០នាក់ បានជិះម៉ូតូ៥គ្រឿង បានជិះមកជួបម៉ូតូជនរងគ្រោះ មានគ្នា២នាក់ បានព្រួតវាយផង និងគប់ដុំថ្មផង ចំណុចលើកំណាត់ផ្លូវជាតិលេខ០៤​  ស្ថិតនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ចន្លោះគីឡូម៉ែត្រ​ ២១ និង២២​ បណ្ដាល​ឲ្យ​ជនរងគ្រោះម្នាក់ស្លាប់​ និងម្នាក់ទៀត​រងរបួស។ ហេតុការណ៍នេះ​កើត​ឡើង​នាថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០២១​ វេលាម៉ោង២៣ និង១០នាទី នៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ច បានប្រាប់​សារព័ត៌មានត្រយង​ ថា ជនរងគ្រោះចំនួន​ ០២នាក់ ក្នុងនោះ ៖

១- ឈ្មោះ​ មុត​ ឧត្តម​ ភេទប្រុស​អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ​ ទីលំនៅភូមិចក​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល (ស្លាប់) ត្រូវជាប្អូនរបស់ឈ្មោះ ផុន ចាន់ណា ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅភូមិចក​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល ។

២- ឈ្មោះ​ ឌី​ សម្បត្តិ​ ភេទប្រុស​ អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ​ ទីលំនៅភូមិចក​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ (របួសស្រាល)​ ។

ចំពោះដំណើររឿងសមត្ថកិច្ច​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ បង្ហើប​ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ខាងលើ បានជិះម៉ូតូ០១គ្រឿង​ ម៉ាកហុងដា​ស្កុបពី ពណ៍ក្រហម​ គ្មានផ្លាកលេខ​ ចេញពីផ្ទះឆ្ពោះទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។ ពេលជនរងគ្រោះជិះដល់មុខផ្សារបែកចានស្រាប់តែមានបក្ខពួកជនសង្ស័យ ជិះម៉ូតូចំនួន០៥គ្រឿងជិះដេញតាមពីក្រោយ និងយកដុំថ្មគុបទៅលើជនរងគ្រោះ ហើយជនរងគ្រោះបាននាំគ្នាជិះម៉ូតូគេចខ្លួនដល់ចំណុចខាងមុខមន្ទីរពេទ្យបង្អែកស្រុក ក៏បានបត់ម៉ូតូត្រឡប់ទៅទិសខាងលិចគោលបំណងទៅផ្ទះវិញ ពេលនោះជនសង្ស័យ និងបក្ខពួកក៏បានបត់ម៉ូតូដេញតាមពីក្រោយទៀត ពេលដេញដល់ចំណុចកើតហេតុ ជនសង្ស័យនឹងបក្ខពួកបានយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះ ឈ្មោះឌី សម្បត្តិ ចំនួនពីរខ្សែក្រវ៉ាត់ចំក្បាល និងយកដុំថ្មគុបចំមុខជនរងគ្រោះឈ្មោះ មុត ឧត្ដម ទើបបណ្ដាលជនរងគ្រោះបានរេចង្កូតដួលម៉ូតូធ្លាក់ចូលប្រឡាយទឹកស្អុយនៅចិញ្ចើមផ្លូវជាតិលេខ៤ ហើយជនរងគ្រោះឈ្មោះ មុត ឧត្ដម ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយឈ្មោះ ឌី សម្បត្ដិ (មានរបួសក្បាល លើឆ្អឹងជំនីខាងស្ដាំ និងរបួសប្រអប់ទាំងឆ្វេងនឹងស្ដាំ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។

សមត្ថកិច្ចបានឲ្យដឹងទៀថា ចំពោះសាកសពជនរងគ្រោះ ឈ្មោះ មុត ឧត្ដម ត្រូវក្រុមគ្រួសារនឹងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះករណីខាងលើនេះ កម្លាំងជំនាញស្រាវជ្រាវបន្តតាមនីតិវិធី។​ តែយ៉ាងណាមិញ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញាជនសង្ស័យ​ចំនួន​ ១០នាក់ រួចហើយ​ដែលមានអត្តសញ្ញាណ ដូចខាងក្រោម៖

1- ឈ្មោះ កើត អៀង ភេទប្រុស​កើតឆ្នាំ២០០២ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិថ្មី ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល អ្នកជិះពីក្រោយកាន់ដុំថ្ម (ឃាត់ខ្លួន)។

2- ឈ្មោះ សំ សោភា ហៅភា ភេទប្រុស​កើតឆ្នាំ២០០៤ ជនជាតិខ្មែរមុខរបរមិនពិត​ នៅភូមិព្រៃសំរោង ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល អ្នកបើកម៉ូតូ (ឃាត់ខ្លួន)។

3- ឈ្មោះ ហេង រ៉ាយុទ្ធ ភេទប្រុស​ កើតឆ្នាំ២០០៧ ខែតុលា ថ្ងៃទី២៧ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃសំរោង ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល អ្នកបើកម៉ូតូ (ឃាត់ខ្លួន) និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួន០១លើក រយៈពេល០២ខែ ពីបទលួចមានស្ថានទម្ងន់ទោស ។

4- ឈ្មោះ រស់ វិរះ ភេទប្រុស​ កើតឆ្នាំ២០០៤ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃបឹង ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល អ្នកជិះពីក្រោយ (គេចខ្លួន)។

5- ឈ្មោះ ប៊ិន សុធិ ហៅតុង ភេទប្រុស​ អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខមិនពិត នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល អ្នកបើកម៉ូតូ (គេចខ្លួន)។

6- ឈ្មោះ ឌី ភេទប្រុស​ កើតឆ្នាំ១៩៩៧ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិមនោរម្យ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល អ្នកបើកម៉ូតូ (គេចខ្លួន)។

7- ឈ្មោះ ខ្នន ភេទប្រុស​ អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ទីលំនៅភូមិរកាធំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល អ្នកជិះពីក្រោយ (គេចខ្លួន)។

8- ឈ្មោះ និត ភេទប្រុស​ កើតឆ្នាំ២០០៣ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល អ្នកជិះពីក្រោយកាន់ដុំថ្ម (គេចខ្លួន)។

9- ឈ្មោះ វី ភេទប្រុស​ កើតឆ្នាំ២០០០ ជនជាតិខ្មែរមុខរបរមិនពិត ទីលំនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ អ្នកបើកម៉ូតូ (គេចខ្លួន)។

10- មិនស្គាល់អត្តសញ្ញាណ កាន់ដុំថ្ម៕

Share.