បន្ទាប់ពីក្រុមការងារស្រាវជ្រាវ រកឃើញថា លោក វ៉ាន់ វាសនា អាយុ២៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិល្វា ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ជាបុគ្គលមានទំនាក់ទំនងផ្ទាល់ ជាមួយបុគ្គលិកវិជ្ជមានជំងឺកូវីដ-១៩ នៅភោជនីយដ្ឋានពិភពធម្មជាតិនោះ រដ្ឋបាលខេត្តសៀមរាបបាន អំពាវនាវឲ្យបុគ្គលរូបនេះចូលរួមសហការជាមួយសមត្ថកិច្ច។

បើតាមរដ្ឋបាលខេត្តសៀមរាប សមត្ថកិច្ច បានចុះមកដល់អាសយដ្ឋានបណ្តោះអាសន្នរបស់បុគ្គលនេះ នៅបន្ទប់ជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-សៀមរាប(ក្រោយសណ្ឋាគារអង្គរអេរ៉ា) តែបុគ្គលនេះ មិនបានសហការ និងបានរត់គេចខ្លួនបាត់។

រដ្ឋបាលខេត្តសៀមរាបបានអំពាវនាវដល់លោក វ៉ាន់ វាសនា សូមរួសរាន់សហការជាមួយសមត្ថកិច្ច និងក្រុមគ្រូពេទ្យ (មណ្ឌលចត្តាឡីស័កគរុកោសល្យ និង វិក្រឹតការខេត្ត) ដើម្បីយកសំណាកធ្វើតេស្តស្រាវជ្រាវជំងឺកូវីដ-១៩ កុំបីខាន។

ជាមួយគ្នានេះ ចំពោះបងប្អូនដែលបានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយ លោក     វ៉ាន់ វាសនា សូមរួសរាន់ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងតាមដានសុខភាព ក្នុងករណីសង្ស័យ ឬមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

បុគ្គលទាំងឡាយណាមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក ឬគេចវេច មិនសហការជាមួយសមត្ថកិច្ចក្នុងការយកសំណាក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់សាធារណជន ដែលបានឃើញ លោក វ៉ាន់ វាសនា សូមរាយការណ៍មករដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ ០១១ ៦៦៦ ៨៣៨ / ០៨៥ ២២២ ៣៧៤ ឬ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត៕

Share.