បើ​យោង​តាម​គេហទំព័រ​របស់​ក្រសួងព័ត៌មាន បាន​បញ្ជាក់​ថា​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មានបាន គាំទ្រ​ចំពោះ​គម្រោង​បង្កើត​កម្មវិធី​ ប្រដាល់​របស់​ស្ថានីយ៍​ទូរទស្សន៍​ជាតិ​កម្ពុជា សម្រាប់ទស្សនិកជន​បានទស្សនានៅក្នុងបរិបទកូវីដ-១៩ នេះ។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ត្រូវ​បាន​ស្រង់​សម្តី​ថា គម្រោងបង្កើតកម្មវិធី ប្រដាល់នៅទូរទស្សន៍ជាតិកម្ពុជាដែលលើកឡើងដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន គឺដើម្បីបម្រើដល់​ការ​ទស្សនា​របស់​ប្រជាពលរដ្ឋ​ដែល​ភាគ​ច្រើន​និយម ​លើវិស័យ​ប្រដាល់គុនខ្មែរ ហើយម្យ៉ាងទៀតក្នុងគោលដៅជួយលើកកម្ពស់វិស័យ​ប្រដាល់​នេះ ​ឱ្យ​កាន់​តែ​រីកចម្រើនផងដែរ។

« ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនៅការគាំទ្រជារួមទៅដល់ទូរទស្សន៍ជាតិកម្ពុជា នៅ​ក្នុង​ការ​បង្កើតកម្មវិធី ប្រដាល់​របស់​ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដែលគ្រោង​នឹង​ផ្សព្វផ្សាយ​នៅ​ពេល​ខាង​មុខ​នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យយកចិត្តទុកដាក់ នៅក្នុងការពិនិត្យទៅលើកម្មវិធី​ ដ៏សំខាន់​ពី​រ​គឺកម្មវិធី​ការ​ប្រកួតរ៉ូបូត កម្មវិធីប្រកួតប្រចាំឆ្នាំ និងកម្មវិធីប្រកួតស្នាដៃគំនូរជីវចល ដែល​ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យយកចិត្តទុកដាក់​នៅក្នុងការ​ពិនិត្យ​មើល​លើ​លទ្ធភាព​នៅ​ក្នុង​ការ​រៀបចំ​កម្មវិធីនេះឡើងវិញ​នៅក្នុង​ឆ្នាំ​២០២១នេះ​ហើយធ្វើយ៉ាង​ណាពង្រឹង​ឱ្យបាន​នូវ​គុណភាព​នូវការ​ផលិត​ជា​ស្នាដៃនៃការប្រកួតប្រជែងកម្មវិធីទាំងពីរហ្នឹង»។

សូម​បញ្ជាក់​ថា ទូរទស្សន៍​ជាតិ​កម្ពុជា ក៏​មាន​សកម្មភាព​ផ្សាយផ្ទាល់​ពី​ការ​ប្រកួត​កីឡា​បាល់ទាត់​ដែរ ក្រោយ​បាន​ចាប់​ដៃ​គូ​ជាមួយ​​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​ពី​ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា Metfone Cambodian League និង​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ផង​ដែរ៕

Telegram-Troryorng
Share.