នៅមិនទាន់មានមូលហេតុជាក់លាក់នៅឡើយទេ ប៉ុន្ដែហេតុផល២យ៉ាង គឺរដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ជារដ្ឋមន្រ្តីធ្វើការរបៀប «ជិះសេះមើលផ្កា» និងមិនចេះធ្វើការជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត។ មួយទៀត ក្រសួងកសិកម្មបានផ្ដល់អាជ្ញាបណ្ណឲ្យនាំចូលសារធាតុកសិកម្ម ដែលអាចផ្សំជាសារធាតុញៀន។ ហេតុផលពីរយ៉ាងនេះ ត្រូវបានមហាជនលើកមកជជែកគ្នា និងបណ្ដាសារព័ត៌មាន បានដកស្រង់វីដេអូខ្លីៗ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចក្រឡាហោម បានលើកឡើងនូវចំណុចខាងលើនេះ។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ក្នុងពិធីបិតសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្ដីបន្ទោសចំៗ នៅចំពោះមុខ ឯកឧត្តម វេង សាខុន ថា ឯកឧត្តម វេង សាខុន ជារដ្ឋមន្រ្តីធ្វើការតាមបែប «ជិះសេះមើលផ្កា» និងការធ្វើការមិនដែលសហការជាមួយរដ្ឋមន្រ្តីណាទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ថា នៅពេលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហៅទៅប្រជុំ តែលោកវេង សាខុន មិនបានទៅប្រជុំដោះស្រាយដែរ។ «លោកឯងដោះស្រាយយ៉ាងម៉េច បានជាធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ?»! នេះជាចំណោទ នៃការចោទសួររបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់លោក វេង សាខុន។

ទន្ទឹមនឹងគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន រិះគន់ថា របៀបធ្វើការរបស់រដ្ឋមន្រ្តី វេង សាខុន ជារបៀប «ជិះសេះមើលផ្កា» ដោយលើកយកករណីចុះជួបកសិករនៅខេត្តពោធិ៍សាត់។ សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចតឹងទ្រូងណាស់ជាមួយនឹងការងារ រដ្ឋមន្រ្តី វេង សាខុន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រឹមតែ២៤ម៉ោងទេ ខ្ញុំដករដ្ឋមន្រ្តីមួយបានហើយ។

បន្ទាប់ពីមានការិះគន់ចំៗរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះលោក វេង សាខុន ករណីមួយទៀត គឺសារធាតុកសិកម្មអាចផ្សំបានជាសារធាតុញៀន ក្លាយជាប្រធានបទក្ដៅមួយ ដែលសម្ដេចក្រឡាហោម បានចោទជាសំណួរ និងស្នើឲ្យក្រសួងផ្ដល់អាជ្ញាបណ្ណនាំចូល ត្រូវមានចំណាត់ការ និងទទួលខុសត្រូវ។

កាលពីថ្ងៃទី៣០ ខែមីនា ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា អ្នកជាប់ឃុំប្រមាណជា ៣,៨០០០នាក់ ក្នុងនោះអ្នកជាប់ឃុំ ៥៤,៥២% គឺជាប់ឃុំដោយសារគ្រឿងញៀន។ តួលេខនេះបង្ហាញឲ្យឃើញថា គ្រឿងញៀនកំពុងវាយលុកក្នុងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សារធាតុផ្សំទាំងអស់នោះ ត្រូវបាននាំចូលមកប្រទេសកម្ពុជា ដោយស្របច្បាប់ផង និងមិនស្របច្បាប់ផង។ សម្ដេចបានពន្យល់ថា ការនាំចូលដោយស្របច្បាប់មានន័យថា មានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែស្ថាប័នជំនាញមិនបានតាមដានពិនិត្យច្បាស់លាស់ នៅពេលយកទៅប្រើប្រាស់ឲ្យដល់គោលដៅ។ ចំណុចនេះសម្ដេចធ្លាប់បញ្ជាក់ថា សារធាតុផ្សំទាំងអស់នោះភាគច្រើនមានអាជ្ញាប័ណ្ណជាវត្ថុធាតុដើម ដើម្បីធ្វើជាជីកសិកម្មជាដើម។

ដោយឡែក ការនាំចូលដោយមិនស្របច្បាប់ សម្ដេចក្រឡាហោម ស ខេង បានដាក់ការសង្ស័យថា អាចលួចបន្លំជាមួយទំនិញ ដែលស្របច្បាប់ ដែលសមត្ថកិច្ចឆែកមិនទាន់ដល់កម្រិត ឬអាចនាំចូលតាមច្រករបៀងផ្សេងៗជាដើម។ ប៉ុន្ដែសម្ដេចគិតថា បើករណីនាំចូលតាមច្រករបៀង មិនបានច្រើនរាប់សិបគីឡូនោះទេ ដូច្នេះមានតែបន្លំជាមួយទំនិញដែលស្របច្បាប់ប៉ុណ្ណោះ។

យ៉ាងណាមិញ សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានលើកឡើងដែរថា ការទប់ស្កាត់គ្រឿងគឺជាកិច្ចការរួមសហការគ្នា ដោយអាជ្ញាធរគ្រឿងញៀនត្រូវរៀបចំបញ្ជីឈ្មោះ សារធាតុអ្វីខ្លះដែលអាចផ្សំបានជាសារធាតុញៀន ឲ្យទៅក្រសួងពាក់ព័ន្ធ ហើយក្រសួងពាក់ព័ន្ធត្រូវធ្វើការទប់ស្កាត់ការនាំចូល។

បញ្ហាគ្រឿងញៀនបានក្លាយជាក្ដីកង្វល់បន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលចំណុចនេះសម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកជាថ្មីម្ដងទៀត ដល់អាជ្ញាធរមានសមត្ថកិច្ច និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងពង្រឹងលើការងារគ្រប់គ្រង ពិសេសត្រួតពិនិត្យមើលទំនិញដែលនាំចូល ព្រោះខ្លាចក្រែងមានការលួចបន្លំ នូវសារធាតុផ្សំបម្រើឲ្យការផលិតគ្រឿងញៀន។

ហេតុផលពីរយ៉ាង គឺសម្ដេចតេជោ ហ៊ុន សែន ស្ដីបន្ទោសរដ្ឋមន្រ្តីក្រសួងកសិកម្ម ពីរបៀបធ្វើការ «ជិះសេះមើលផ្កា» និងការធ្វើការមិនចេះសហការជាមួយអ្នករដ្ឋមន្រ្តីដទៃ ព្រមទាំងសម្ដេចក្រឡាហោម ស ខេង បានលើកឡើងរឿង សារធាតុកសិកម្មផ្សំជាសារធាតុញៀនបានរាប់សិបតោន ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន បើទោះសម្ដេចក្រឡាហោមមិននិយាយចំឈ្មោះរដ្ឋមន្រ្តីណាមួយក្ដី ក៏មហាជនយល់ថា នោះគឺសម្ដៅដល់លោក វេង សាខុន ដែលជាអ្នកគ្រប់គ្រង និងផ្ដល់អាជ្ញាបណ្ណឲ្យនាំចូលសារធាតុទាំងនោះ។ ហេតុផលធំៗពីរយ៉ាងនេះហើយ ញាំងឲ្យលោកវេង សាខុន របូតតំណែងពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។ យ៉ាងណាមិញហេតុផលពិតប្រាកដ នៅមិនទាន់ទម្លាយនៅឡើយ មហាជនក៏នៅតែរង់ចាំតាមដានជាបន្ដ ហើយអ្នកតាមដានក៏កំពុងមើលដែលថា តើនរណាជារដ្ឋមន្រ្តីកសិកម្ម ជំនួសលោកវេង សាខុន?

កាលពីថ្ងៃទី ៨ តុលា ២០២២ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង ឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

នៅថ្ងៃ​ដដែល​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​សម្រេច​ចាត់​តាំង​ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធ​មុន្នីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជា​រដ្ឋមន្ត្រី​ស្ដី​ទី​ ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​នេសាទ​ បន្ថែម​លេីមុខងារ​បច្ចុប្បន្ន​រហូត​ដល់​មានការ​តែងតាំង​ជាផ្លូវការ​នូវ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​នេសាទ​ ៕

ចុះអ្នកវិញ?

Share.