បាត់ដំបង÷ ដំបូងក្នុងពិធីអុំទូក បណ្តែតប្រទីបខេត្តបាត់ដំបង មានភ្ញៀវទេសចរចំនួនជាង ៦ម៉ឺននាក់ចូលរួមអបអរសាទរ​ ដើរលេងកម្សាន្ត។

ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីស្សារ៉ា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២នេះថា ចំនួនភ្ញៀវទេសចរដែលមកកម្សាន្ត ក្នុងពិធីអុំទូកចេញព្រះវស្សាតាមស្ទឹងសង្កែក្នុងក្រុងបាត់ដំបងនៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា នេះភ្ញៀវទេសចរមានសរុបចំនួន ៦១,២៧៨ នាក់។

លោក អ៊ុច អ៊ុភីនីស្សារ៉ា បានបន្តថា÷ ក្នុងចំណោមភ្ញៀវទេសចរចំនួន ៦១,២៧៨ នាក់ រួមមានភ្ញៀវទេសចរជាតិចំនួន ៦១,១៨៩ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ទេសចរផ្ទៃក្នុង មានចំនួន៨៩ នាក់ផងដែរ។

អភិបាលខេត្តបាត់ដំបង បានលើកឡើងដែរថា ការរៀបចំ ក៏ដូចជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅក្នុងពិធីនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ និងការគាំទ្រដល់វិស័យកីឡា ជាពិសេសលើកស្ទួយវប្បធម៌ កេរ្តិ៍ដំណែលប្រពៃណីរបស់បុព្វបុរសខ្មែរ ព្រមទាំងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាព និងបង្កការសប្បាយរីករាយ ស្និតស្នាលរវាងប្រជាពលរដ្ឋពីគ្រប់មជ្ឍដ្ឋាន ហើយបានផ្សារភ្ជាប់ទំនៀមទំលាប់ប្រពៃណី និងវប្បធម៌ របស់ពលរដ្ឋខ្មែរក្នុង និងក្រៅខេត្ត បានយ៉ាងល្អ ពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋពីគ្រប់ទិសទីមកលេងកម្សាន្ត និងបានទស្សនានូវសមិទ្ធផលផ្សេងៗក្នុងខេត្តបាត់ដំបង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ : ដំបងក្រញូង

Share.