បច្ចុប្បន្ន​អ្នក​ទស្សនា​ភាគ​ច្រើន​និយម​ចូល​ចិត្ត​និង​គាំទ្រ​ភាព​យន្ត​បែបឆ្លង​ភព ពិសេស​រឿង​រ៉ាវ​អភិនិហារ​ មាន​ឈុត​ឆាក​ប្រយុទ្ធ ប្រើយុទ្ធសិល្ប៍​ ក្បួន​ច្បាំង​ និង​យុទ្ធសាស្ត្រ​ផ្សេងៗ នៅ​ក្នុង​សម័យ​កាល​ចិន​បុរាណ​ ដូច្នេះ​ហើយ​ផលិតកម្ម​ធំ​ៗ​បាន​ព្យាយាម​សម្រិត​សម្រាំង​ និង ​រិះរក​ឆ្អឹង​សាច់​រឿង​ប្លែក​ៗ​ដើម្បី​តម្រូវ​ទី​ផ្សារ​ និង​បំពេញ​បំណង​អ្នក​ទស្សនា​។ ថ្ងៃ​នេះ​ត្រយង​សូម​លើក​យក​រឿង​ភាគ​ចិន​បែប​អភិនិហារ​ ឆ្លងភព​ជ្រែក​ពេលវេលា​ ចំនួន​៥​រឿង​ ដែល​ជា​រឿង​ល្បី​ល្បាញ​និង​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ចំណោម​អ្នក​​ចូលចិត្ត​ទស្សនា​រឿង​ភាគ​ចិន​។ រឿង​ទាំង​៥​ដែល​សារព័ត៌មាន​ត្រយង​នឹង​បញ្ហាញ​ជូន​រួម​មាន​៖

១.Palace​ (39 ភាគ​ ​បញ្ចាំង​ឆ្នាំ​២០១១​) ​

˗        ​សម្តែង​ដោយ​ Yang Mi​ និង William Feng
˗        បើ​និយាយ​ដល់​រឿង​ឆ្លងភព​ ​អ្នក​ចូលចិត្ត​តាមដាន​រឿង​ភាគ​ចិន​ ប្រហែល​ជា​នឹក​ដល់​រឿង​នេះ​មុន​គេ​ ​ព្រោះ​ជា​រឿង​ដែល​ល្បី​ខ្លាំង​កាល​ពី​​ឆ្នាំ​២០១១​។ ​តួ​ឯក​​ស្រី​ Luo Qingchuan (​សម្តែង​ដោយ​ Yang Mi​) កូន​ស្រី​ថៅកែ​ហាង​លក់​វត្ថុបុរាណ​​ជា​មនុស្ស​ម្នាក់​ស្រលាញ់​ប្រវត្តិសាស្ត្រ​ចិន​បុរាណ​ នាង​បាន​ឆ្លង​ភព​ទៅ​កាន់​រជ្ជកាល​ឆេង​ ​ដោយសារ​រត់​តាម​គំនូរ​មួយ​ផ្ទាំង​ ​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​របស់​នាង​។​ ដំណើរ​ជីវិត​ផ្សងព្រេង​ ​ជួប​ជាមួយ​នឹង​តួឯក​ប្រុស​ព្រះ​អង្គ​ម្ចាស់​ទី​៨​​ (​សម្តែង​ដោយ ​William ​Feng​)​ និង​ស្នេហា​ប្រទាក់ក្រឡា​ជាមួយ​ព្រះអង្គ​ម្ចាស់​ទី​៤​ ​និង​ព្រះអង្គ​ម្ចាស់​ដទៃ​ទៀត​។​ ក្រោយ​ពី​ឆ្លងកាត់​រឿងរ៉ាវ​តូច​ធំ​ជា​ច្រើន​ ​ធ្វើ​ឱ្យ​ Luo Qingchuan​បាន​យល់​ពី​ការ​ពិត​ជា​ច្រើន​ ចេះ​ស្រឡាញ់​ថែរក្សា​អ្វី​ដែល​នៅ​ចំពោះ​មុខ ​និង​យល់​ច្បាស់​ពី​ការ​បាត់បង់​។​ ​ទីបំផុត​ ធ្វើ​ឱ្យ​នាង​បាន​រក​ឃើញ​ស្នេហា​ពិត​របស់​នាង​។​

សូមចុចអាន៖ តិច​​ស្ដាយ​ក្រោយ​!​ កុំភ្លេច​មើល​ភាពយន្ត​ភាគចិន​​ល្អ​ ​ផ្ដាច់​គេ​ប្រចាំ​ខែ​ឧសភានេះ​

២.Scarlet Heart​ (35 ​ភាគ​ បញ្ចាំង​ឆ្នាំ​២០១១)​

˗        ​សម្តែង​ដោយ​ Liu Shi Shi និង Nicky Wu
˗        រឿង​នេះ​ផ្ដើម​ចេញ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​ ធ្វើឱ្យតួស្រី​ Zhang Xiao​ (សម្តែង​ដោយ​ Liu Shi Shi) ​ឆ្លង​ភព​ ​ហើយ​ក្លាយ​ទៅ​ជា​នាង​ច្រមក់​ Maertai Ruoxi ​អាយុ​១៦​ឆ្នាំ​។​ ដោយសារ​អត្តចរិត​ហ៊ាន​ស៊ីហ៊ាន​សង​ ធ្វើ​ឱ្យ​នាង​តូច​រូប​នេះ​មាន​ភាព​ខុស​ប្លែក​ពី​មនុស្ស​ស្រី​សម័យ​មុន​ ដែល​មាន​អត្តចរិត​សុភាព​រម្យទម​​ ​ធ្វើ​ឱ្យ​ព្រះមហាក្សត្រ​ក៏​លាន់មាត់​ពី​ចរិត​របស់​នាង​ដែរ​។​ ដោយសារ​តែ​ព្រហ្មលិខិត​ ​នាំ​ឱ្យ​ក្មេង​ស្រី​តូច​ច្រមក់​ដែល​បាន​ធំ​ដឹង​ក្តី​ ត្រូវ​ចូលមក​ពាក់ព័ន្ធ​ជាមួយ​ការ​ដណ្តើម​រាជបល្ល័ង​របស់​ព្រះអង្គ​ម្ចាស់​ទាំង​៩​អង្គ​។​ ​ក្តី​ស្រឡាញ់​របស់​នាង​ ​ចំពោះ​ព្រះអង្គ​ម្ចាស់​ទី​៤​ (​សម្តែង​ដោយ​ ​Nicky Wu)​ ​ក៏​ត្រូវ​ស្ថិត​នៅ​រវាង​អំណាច​ ​និង​ស្នេហា​ ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​នាង​ចុង​ក្រោយ​ត្រូវ​ជួប​នឹង​ការ​ឈឺចាប់​ខ្លាំង​មិន​អាច​ដឹង​ពី​ខ្សែ​ជីវិត​កំសត់​របស់​ខ្លួន​ ​ទាំង​ដែល​នាង​ពូកែ​ខាង​ប្រវត្តិសាស្ត្រ​ និង​អាច​ដឹង​ពី​ខ្សែ​ជីវិត​របស់​ព្រះអង្គ​ម្ចាស់​ទាំង​៩​អង្គ​នេះ​។ រឿង​នេះ​បាន​ផលិត​ចំនួន​ពីរ​វគ្គ​នៅ​ឆ្នាំ​២០១១​និង​នៅ​ឆ្នាំ​២០១៤​។​​

៣.The ​Romance of Tiger and Rose (២៤​ភាគ​, បញ្ចាំង២០២០)​

˗        សម្តែង​ដោយ​ Zhao Lusi ​និង​ Ryan Ding​
˗        ​ជា​រឿង​ឆ្លងភព​ល្បី ​និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ​នៅ​ក្នុង​ឆ្នាំ​២០២០​ ដែល​ជា​រឿង​ភាគ​ក្នុង​អ៊ីនធឺណេត​ ​ប៉ុន្តែ​មាន​គ្រប់​ឈុត​ឆាក​ទាំង​កំប្លែង​ ​ឆ្នាស់ឆ្នើម​ ​ផ្អែមល្អែម​ ​ឌឺដង​ ​ម្យ៉ាង​ទៀត​រឿង​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ពី​រឿង​ផ្សេងៗ​ ​ដែល​មនុស្ស​ប្រុស​មិន​សូវ​មាន​សិទ្ធ​អ្វី​ឡើយ​។​ ​Chen Xiaoqian​ (​សម្តែង​ដោយ​ ​Zhao Lusi) ​គឺ​ជា​អ្នកនិពន្ធ​ ​បែរ​ជា​ត្រូវ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ ដោយ​បាន​ឆ្លងភព​ចូល​ទៅ​ក្នុង​សៀវភៅ​ដែល​នាង​និពន្ធ​។​ ​ប៉ុន្តែ​ ជីវិត​នៅ​រឿង​នាង​បែរ​ជា​ក្លាយ​ទៅ​ជា​តួស្រី​ឆ្នាសឆ្នើម​ Chen Qianqian ​មិនមែន​ជា​តួ​ឯក​ស្រី​នៅ​ក្នុង​រឿង​ទៅ​វិញ​​។ ដើម្បី​អាច​បន្ត​ជីវិត​បាន​ នាង​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​តួឯក​ប្រុស​ Han shuo (​សម្តែង​ដោយ​ Ryan Ding) មាន​អារម្មណ៍​ល្អ​ចំពោះ​នាង​ ​ប៉ុន្តែ​ធ្វើ​បែប​ ​គឺ​​ត្រូវ​ដើរ​ខុស​សាច់​រឿង​ដើម​ជ្រុល​។ ដោយសារ​បាន​ទាក់ទង​ជីវិត​គូ​ជាមួយ​តួ​ប្រុស​ ​ធ្វើ​ឱ្យ​ស្រី​តូច​ម្នាក់​នេះ​ ដកចិត្ត​មិន​រួច​ ​បង្កើត​ជា​ដំណើរ​ស្នេហា​មួយ​ដែល​ទាក់ទាញ​ចិត្ត​អ្នក​ទស្សនា​គ្រប់ៗ​គ្នា​។​

៤.The Eternal Love វគ្គ​ទី​១ (២៤ភាគ​,បញ្ចាំង២០១៧), វគ្គ​ទី​២ (៣០ភាគ,បញ្ចាំង​២០១៨​), វគ្គទី៣ (បញ្ចាំង​២០២១)

˗        សម្តែង​ដោយ​ Xing Zhao Lin និង​ Jie Liang
˗        ជឿជាក់​ថា​ប្រាកដ​ជា​មាន​អ្នក​ស្គាល់​រឿង​នេះ​ច្រើន​ហើយ​ ដោយសារ​រឿង​នេះ​ចេញ​រហូត​ដល់​វគ្គ​៣ ​ដែល​កំពុង​ចាក់​ផ្សាយ​ក្នុង​ឆ្នាំ​នេះ​។ ព្រលឹង​របស់​តួស្រី​ Qu Xiaotan (សម្តែង​ដោយ​ Jie Liang) បាន​ឆ្លង​ភព​ ​និង​ត្រូវ​មក​ស្ថិត​ក្នុង​រាងកាយ​របស់​ Qu Tan’er​ ដែល​ព្យាយាម​សម្លាប់​ខ្លួន​ដោយសារ​តែ​ស្នេហា​។​ ចាប់​ពី​ពេលនោះ​មក​ ​នាង​មាន​ចរិត​ពីរ​ប្លែក​ពី​គ្នា​ ដែល​ម្តង​ស្លូតបូត​ទន់ភ្លន់​ ម្តង​កាច​ឆ្នាស​ ហើយ​ជា​និស្ស័យ​បាន​នាំ​ឱ្យ​នាង​ត្រូវ​មក​ជួប​ព្រះអង្គ​ម្ចាស់​ទី​៨​ Mo Liancheng។ ​ប៉ុន្តែ ​ដោយ​សារ​ Qu Tan’er ម្ចាស់​ខ្លួន​នៅ​តែ​អាឡោះអាល័យ​ជាមួយ​នឹង​រាជបុត្រ​ ​នាំ​ឱ្យ​ក្លាយ​ជា​ចំណង​ស្នេហ៍​ប្រទាក់ក្រឡា​ វិញ​ជំពាក់​មុខ​ប្រៀប​ដូច​សរសៃ​អំបោះ​ហើយ​បន្ត​ដល់​ការ​រៀបយុទ្ធវិធី​ដើម្បី​ឱ្យ​រាជបុត្រ​បាន​ស្នង​រាជបល្ល័ង្ក​ថែម​ទៀត​ផង​។

៥.Love Weaves Through a Millennium ​(២៤​ភាគ​,ឆ្នាំ​២០១៥)​

˗        សម្តែង​ដោយ​ Jing Bo Ran ​និង​ Zheng Shuang​
˗        ​ជា​រឿង​ឆ្លងភព​ ​ដែល​បាន​ទិញសិទ្ធិ​ ​និង​យក​លំនាំ​តាម​រឿង​កូរ៉េ​ ​Queen and I ដោយ​បាន​កែប្រែ​តាម​ប្រវត្តិសាស្ត្រ​ចិន​ជា​ច្រើន​។ ​ខុស​ពី​រឿង​បាន​ដែល​បរិយាយ​មុនៗ​ ​សាច់​រឿង​នេះ ​តួ​បុ្រស​ Gongming (​សម្តែង​ដោយ​ Jing Bo Ran) ​មិន​គាំទ្រ​ ​និង​ប្រឆាំង​ក្នុង​ការ​បណ្តេញ​ម្ចាស់​ក្សត្រី​ Xu ចុះ​ចេញ​ពី​ដំណែង​ ​ធ្វើ​ឱ្យ​ខ្សែ​រាជវង្ស​ និង​មន្រ្តី​ ​ជាន់​ខ្ពស់​មួយ​ចំនួន​ ​ដែល​គាំទ្រ​ Zhao Feiyan​  ក្លាយ​ជា​ម្ចាស់ក្សត្រី​ ​ដេញ​តាម​សម្លាប់​។ ​ដោយ​សារ​គុជទិព្វ​ Gongming បាន​ឆ្លងភព​មក​សម័យ​ថ្មី​ ជួប​ជាមួយ​តារា​សម្តែង​ស្រី​ ​Lin Xiangxiang (​សម្តែង​ដោយ​ ​Zheng Shuang)​ និង​បាន​ស្គាល់​នូវ​ភាព​ជឿនលឿន​ក្នុង​សម័យ​នេះ ​និង​ដឹង​ពី​ប្រវត្តិសាស្ត្រ​។​ ​ប៉ុន្តែ Gongming ​នៅ​តែ​មិន​រាថយ​ ហើយ​តាំង​ចិត្ត​ត្រូវ​តែកែ​ប្រែ​ប្រវត្តិសាស្ត្រ​ឱ្យ​បាន​ ​ដោយ​មាន​ការ​សហការ​ពី​ ​Lin Xiangxiang​ ដែល​កំពុង​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​តារា​ស្រី​ជួរ​មុខ​ដូច​គ្នា​។​

បក​ប្រែ​អត្ថបទ​៖ ក. លីម ជីងហួន
សម្រួល​អត្ថបទ៖ លួង ភីរ៉ូនីកា

Telegram-Troryorng
Share.