ក្រុម​​បាល់ទះ​ជា​​សមាជិក​ទាំង​១១ក្រុម ក្នុង​​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ​២០២២ បាន​​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ចាប់​ឆ្នោត​បែងចែក​ពូល​រួចរាល់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​តុលា ឆ្នាំ​២០២២ នេះ នៅ​មជ្ឈមណ្ឌល​ជាតិ​​ហ្វឹកហ្វឺន​កីឡា ខណៈ​ការ​ប្រកួត​ចាប់​ដំណើរ​ទៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២២ តទៅ។

លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ឃើញ​ថា៖
ពូល A៖ រដ្ឋបាល​រាជធានី​ភ្នំពេញ, សមាគម​បាល់ទះ​វិសាខា, ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង
ពូល B៖ បញ្ជាការដ្ឋាន​កង​អង្គរក្ស​, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ, សមាគម​បាល់ទះ​ខេត្ត​សៀមរាប
ពូល C៖ ក្លិប​កងពលធំ​អន្តរាគមន៍​​លេខ៣, ក្លិប​កូននាគ​ឧត្តរ, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ
ពូល D៖ សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង

លោក​ តែន ឡន អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បញ្ជាក់​​ថា​ក្រុម​ដែល​មាន​ឈ្មោះ​ចូលរួម​នេះ​មាន ៥ក្រុម (បាន​ពី​ការ​អញ្ជើញ) និង​៦ក្រុម​​ដែល​ឡើង​មក​ពី​ពានរង្វាន់​សម្តេច​ក្រឡាហោម កន្លង​ទៅ។ ជា​ដំបូង​នេះ​ក្រុម​ដែល​ចូលរួម​ទាំង​១១​នេះ​ត្រូវ​បែងចែក​ជា​៤​ពូល ប្រកួត​វិលជុំ​១ជើង​សន្សំ​ពិន្ទុ ហើយ​ក្រុម​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ ដែល​ការ​ប្រកួត​វិលជុំ ហើយ​ក្រុម​ដែល​ឈ្នះ មាន​ឈ្មោះ​បន្ត​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​បញ្ជាក់ នេះ​ជា​សកម្មភាព​​ប្រកួត​មួយ​ក្នុង​ចំណោម​សកម្មភាព​​មួយ​ចំនួន​ដែល​សហព័ន្ធ​រៀបចំ​ឡើង​នៅ​ឆ្នាំ​២០២២ នេះ​៖«ព្រឹត្តិការណ៍​នេះ​នឹង​កក្រើក​ក្នុង​ពិភព​បាល់ទះ​ យើង​បាន​ជីក​កាយ​​ពានរង្វាន់​នេះ​ឡើយ​វិញ ខណៈ​នៅ​ទសវត្ស​ទី​៩០​ធ្លាប់​បាន​រៀបចំ​ម្តង​រួច​មក​ហើយ។ ព្រឹត្តិការណ៍​នេះ​ក៏​យើង​ទទួល​បាន​ការ​ឯកភាព​ពី​សម្តេច​ផង​ដែរ។ ខ្ញុំ​ជឿជាក់​ថា​និរន្តរភាព​នៃ​ពានរង្វាន់​នេះ​នឹង​រៀបចំ​ឡើង​រៀងរាល់​ឆ្នាំ ព្រោះ​ថា បើ​ចង់​បាន​គុណផល​សម្រាប់​ជាតិ​បាន​ទាល់​តែ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ឱ្យ​បាន​ច្រើន។ ​​​​ហើយ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​នេះ​គឺ​យើង​ត្រូវ​បែងចែក​ជា​​កម្រិត​នៃ​ការ​ប្រកួត​ផង​ដែរ។ ពានរង្វាន់​កាន់​តែ​ធំ កីឡាករ​អាជីព​​មាន​កាន់​តែ​​ច្រើន»។

តាម​គម្រោង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នេះ​នឹង​រៀបចំ​ប្រកួត​ពី​ថ្ងៃ ១៥ ដល់​ថ្ងៃ​ទី​៣០​ខែ​តុលា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ)។ សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​​បាន​ដូចជា៖
-​ក្រុម​ជើងឯក៖ ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ
ជើង​ឯក​រង៖ មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ
លេខ៣៖ មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ
-លេខ៤៖ ថវិកា ២ពាន់ដុល្លារ

អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ​ក្នុង​​ការ​ប្រកួត​ពានរង្វាន់​បាល់ទះ​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ នេះ​ ក៏​មាន​ការ​​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២គូ​ដែរ ដោយ​ក្នុង​នោះ​៖
-១៥ តុលា ២០២២ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ប៉ះ សិង្ហបុរី វេលា​ម៉ោង​៧​យប់
-២០ តុលា ២០២២ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ប៉ះ គុយបា វេលា​ម៉ោង​៧យប់

Share.