នៅពេលថ្ងៃ៧មករាឆ្នាំ១៩៧៩ត្រូវបានប្រវត្តិសាស្រ្តចងចាំថាជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ថ្ងៃនោះក៏ជាថ្ងៃកំណើតឯកឧត្តម ឌិត ទីណា។ ឯកឧត្តម ឌិត ទីណា កើតនៅសង្កាត់លេខ១ ក្រុងភ្នំពេញ និងជាកូនប្រុសឯកឧត្តម ឌិត មន្ទី បច្ចុប្បន្នជាប្រធានតុលាការកំពូល។ ត្រយង សូមផ្ដល់ជូនប្រវត្តិសិក្សា ស្នាដៃ និងព័ត៌មានមួយចំនួនអំពីឥស្សរជនវ័យក្មេង ត្រៀមចូលកាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា ទទក ឯកឧត្តម ឌិត ទីណា បានបញ្ចប់ការសិក្សាទុតិយភូមិនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នៅឆ្នាំ១៩៩៤ មុនពេលត្រូវបានក្រុមគ្រួសារបញ្ជូនទៅបន្តការសិក្សានៅប្រទេសបារាំង រហូតទទួលបានសញ្ញាបត្រទុតិយភូមិ Baccalaureate នៅ Lycée Gérard de Nerval នៅឆ្នាំ១៩៩៩ រហូតបន្តការសិក្សាទទួលបានសញ្ញាបត្រវិស្វកររ៉ែ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករូបវិទ្យា នៅប្រទេសបារាំង។

ឆ្នាំ២០០៩ គឺពេលវេលាដែលឯកឧត្តម ឌិត ទីណា ចាប់ផ្ដើមបំពេញការងារក្នុងមុខតំណែងនយោបាយ ដោយចាប់ផ្ដើមពីដំបូងគឺជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បន្ទាប់មកនៅឆ្នាំ២០១៣ បន្តឡើងជារដ្ឋលេខាធិការក្រសួងដដែលនេះ មុននឹងឯកឧត្តមបន្តទៅកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលនៅឆ្នាំ២០១៤ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបំបែកក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាពីរ គឺក្រសួងរ៉ែ និងថាមពល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

តាមរយៈមុខតំណែងនយោបាយជាបន្តបន្ទាប់មក ឯកឧត្តម ឌិត ទីណា ធ្លាប់បានដឹកនាំតាក់តែងច្បាប់ស្តីពីទំនិញសម្គាល់ភូមិសាស្ត្រ ចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យក្នុងដងទន្លេ ដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយជាតិស្តីពីធនធានរ៉ែ ឆ្នាំ២០១៨-២០២៨  និងដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកា (ផ្នែកដោនស្ទីម)។

សម្រាប់ជីវភាពក្នុងជួរគណបក្សវិញ ឯកឧត្តម ឌិត ទីណា ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សក្រសួងរ៉ែនិងថាមពល ធ្លាប់ជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្អាង និងជាប្រធានក្រុមការងារចុះជួយឃុំកោះខ្សាច់ទន្លា  និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារចុះជួយឃុំចាម។

សូមបញ្ជាក់ថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានស្នើសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស ឯកឧត្តម វេង សាខុន ដែលត្រូវបានបញ្ចប់មុខតំណែង និងតែងតាំជារដ្ឋមន្រ្តីប្រតិភូមនាយករដ្ឋមន្រ្តី៕

Share.