សិល្បៈ​ជាតិ​៖ ឆ្នាំ​២០២២​នេះ​ ប្រទេស​កម្ពុជា​ មាន​ភាព​មមាញឹកច្រើន​លើ​វិស័យ​ប្រកួត​សម្រស់​ព្រោះ​មាន​បេក្ខភាព​តំណាង​ប្រទេស​ជា​ច្រើន​រូប​កំពុង​តែ​ត្រៀម​លក្ខណៈ​និង​សម្រិត​សម្រាំង​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​យក​មកុដ​ជ័យ​លាភី​​កម្រិត​ពិភពលោក​។ ក្នុង​នោះ​បេក្ខនារី​ខ្លះ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ជា​ស្ថាពរ​ហើយ​ ថែម​ទាំង​ទទួល​បាន​ការ​សាទរ​និង​ពេញ​ចិត្ត​ពេញ​ថ្លើម​ពី​សំណាក់​អ្នក​គាំទ្រ​ទាំង​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​។

ថ្ងៃ​នេះ​ត្រយង​កម្សាន្ត​សូម​ណែនាំ​បេក្ខនារី​បវរកញ្ញា​ចំនួន​ ១០​រូប​ តំណាង​ឱ្យ​ប្រទេស​​កម្ពុជា​នៅ​លើ​ឆាក​ប្រកួត​កម្រិត​អន្តរជាតិ​ តើ​មាន​បេក្ខនារី​រូប​ណា​ខ្លះ​?

១. កម្មវិធី​ប្រកួត​ Miss Universe Cambodia 2022

បេក្ខនារី​ដែល​នឹង​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​កម្មវិធី​នេះ​គឺ​កញ្ញា​ ហង្ស​ ម៉ានីតា​។ ហង្ស​ ម៉ានីតា គឺជា​កូន​កាត់​ខ្មែរ​-បារាំង​ ដែលកើត​នៅ​​លើ​ទឹក​ដី​ខ្មែរ​។ ម៉ានីតា មាន​អាយុ​២០​ឆ្នាំ​ ​ជា​និស្សិត​បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែក គណនី និងហិរញ្ញាវត្ថុនៅសកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ។ យុវតី​កូន​កាត់​រូប​នេះ ​អាច​​ប្រើ​ប្រាស់​ភាសា​ចំនួន​ ៤​យ៉ាង​ស្ទាត់​ជំនាញ​គឺ​ ខ្មែរ បារាំង អង់គ្លេស​ និង​អេស្ប៉ាញ។ កាល​ពី​ឆ្នាំ​២០១៦ កញ្ញា​គឺ​ជាម្ចាស់ជយលាភី បវរកញ្ញាឯកជយលាភីលេខ៣ ក្នុងកម្មវិធី Miss Tourism 2016។ បវរកញ្ញា​ចក្រវាឡ​តំណាង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​មុខ​មាត់​ស្រដៀង​ទៅ​នឹង​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ Megan Young ផង​ដែរ​។

២. កម្មវិធី​ Miss World Cambodia 2021

កញ្ញា​ សារី​ សុវត្តី​ ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ក្រចេះ ​ក្រៅ​ពី​ឈ្នះ​មកុដ​ Miss World Cambodia ហើយ​នោះ​​កញ្ញា​ក៏​ទទួល​បាន​ពាន​រង្វាន់​ពិសេស​មួយ​ផ្សេង​ទៀត​ដែរ​គឺ​ «បេក្ខនារី​ស្រស់សោភា​បែប​ខ្មែរ​»។ យុវតី​វ័យ​២៤​ឆ្នាំ​​រូប​នេះ​ មិន​ត្រឹម​តែ​មាន​អាជីព​ជា​តារា​សម្ដែង ពិធីការិនី​ប៉ុណ្ណោះទេ កញ្ញា​ថែម​ទាំង​ជា​គ្រូ​បង្រៀន​មួយ​រូប​ផង​ដែរ។ រំដួល​ក្រចេះដែល​មាន​កម្ពស់​ ១.៦៣ ​ម៉ែត្រ​​ម្នាក់​នេះ​ មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្អាត អាកប្បកិរិយា​សមរម្យ សមត្ថភាព​ពូកែ​ រី​ឯ​ចំណេះ​ដឹង​ទៀត​សោតក៏​ខ្ពង់​ខ្ពស់​ណាស់​ដែរ​ ព្រោះ​កញ្ញា​ធ្លាប់​ជា​និស្សិត​អាហារូបករណ៍​សិក្សា​បរិញ្ញាប័ត្រ​អក្សរសាស្ត្រ​អង់គ្លេស​ ផ្នែក​អប់រំ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ IFL ហើយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០១៩​។ កញ្ញា​បាន​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ផ្នែក​អប់រំ​​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក្រោយ​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​លើ​ជំនាញ​នេះ​។​

៣. កម្មវិធី​ Miss International Cambodia 2022

កញ្ញា​ ជា ឆារ៉ានី គឺជា​និស្សិត​ បញ្ចប់ការសិក្សាផ្នែកធនាគារ និងហិរញ្ញវត្ថុ បច្ចុប្បន្ន​មាន​អាយុ​២៦ ឆ្នាំ​ មាន​កម្ពស់​ ១,៦៥ គឺជា​បេក្ខនារី​ជយលាភី​ Miss International Cambodia 2022 តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​ប្រជែង​​កម្មវិធី​បវរកញ្ញា​អន្តរជាតិ​លើក​ទី​៦០ នៅ​ប្រទេស​ជប៉ុន​ នៅ​ចុង​ឆ្នាំ​២០២២​នេះ​។ តាម​ប្រភព​ពី​ខាង​ក្នុង​បាន​ឱ្យ​ដឹង​ថា​ បេក្ខនារី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​រូប​នេះ​បាន​ខិតខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ ដើម្បី​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​ប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​មិន​​​ខ្លាច​ភាពនឿយ​ហត់​អ្វីទាំងអស់​។​

៤. កម្មវិធី​ Miss Earth Cambodia 2022

កញ្ញា​ ហង្ស សូរិយ៉ាន់ តារា​បង្ហាញ​ម៉ូដ​ដ៏​លេចធ្លោរ​ ដែល​មាន​បទ​ពិសោធ​យ៉ាង​ច្រើន​ជោគជាំ​ នៅ​ក្នុង​វិស័យ​ប្រកួត​នោះ​ ត្រូវ​បាន​តែង​តាំង​ជា​ Miss Earth Cambodia 2022 ដើម្បី​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​។ សូរិយ៉ាន់​ ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ជា​ច្រើន​ដង​ ដូចជា​ក្នុង​កម្មវិធី​ បវរកញ្ញា​ទេសចរណ៍ កម្មវិធី​ Miss Universe ​និង​​កម្មវិធី​ Miss Grand Cambodia។ យ៉ាង​ណា​មិញ​ ដោយសារ​បញ្ហា​សុខ​ភាព​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២២ សូរិយ៉ាន់ បាន​ប្រកួត​ថា​កញ្ញា​មិន​បាន​ចេញ​ទៅ​ប្រកួត​នោះ​ទេ​។ អ្នក​គាំទ្រ​បាន​ចូលរួម​លើក​ទឹក​ចិត្តនិង​ជូន​ពរ​ឱ្យ​អតីត​ First Runner Up of MGC 2022 ​និង​ជាម្ចាស់​ពាន​ Popular Award រូប​នេះ​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​ផង​ដែរ​។

៥. កម្មវិធី​ Miss Grand Cambodia 2022

កញ្ញា​ ពេជ្រ វត្តី​ សារ៉ាវឌ្ឍី Miss Grand Cambodia 2022 ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​បេក្ខនារី​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​​ប្រកួត​នៅ​ប្រទេស​ ឥណ្ឌូនេស៊ី។ បេក្ខនារី​រូប​នេះ​បាន​ធ្វើ​ឱ្យ​ក្រសែ​ភ្នែក​ពិភពលោក​ផ្ដោត​ការ​ចាប់​អារម្មណ៍​មក​លើ​ប្រទេស​កម្ពុជា​ ដោយសារតែ​ភាព​ក្លាហាន​ ជឿជាក់ ឆ្លាតវៃ និង​ជា​មនុស្ស​ប្រជាប្រិយចូលចិត្ត​ជួយ​អ្នក​ដទៃ​ ទើប​ធ្វើ​ឱ្យកញ្ញា​ ឆក់​បាន​បេះដូង​អ្នក​គាំទ្រ ក៏ដូចជា​បេក្ខនារី​ដែល​ប្រកួត​ជាមួយ​គ្នា​។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្កើត​បាន​ប្រវត្តិ​សាស្ត្រ​ថ្មី​នៅ​លើ​ឆាក​ប្រកួត​ Miss Grand International 2022 ដោយ​អាច​ឈាន​ចូល​ទៅ​ដល់​ Top10 ដោយ​សមត្ថភាព​ពិត​ប្រាកដ​របស់​ខ្លួន​។

៦. កម្មវិធី​ Miss Supranational Cambodia 2022

កញ្ញា អ៊ិន​ លក្ខិណា ដែល​ជា​អតីត​បេក្ខនារី​លំដាប់រង​ទី១ កម្មវិធី​ Miss Grand Cambodia 2021 និង​ជា​ម្ចាស់​មកុដ​ Miss Supranational Cambodia 2022 បាន​ចេញ​ទៅ​ប្រកួត ​រួចរាល់​ហើយ​នៅ​ប្រទេស​ប៉ូឡូញ​កាល​ពី​ខែ​ កក្កដា ឆ្នាំ​២០២២​នេះ​។ យុវតី​ដ៏​ស្រស់​សោភា​រូប​នេះ​ថ្វី​ត្បិតតែ​មិន​ទទួល​បាន​ចំណាត់​ថ្នាក់​ក៏​ពិត​មែន​ ប៉ុន្តែ​នេះ​ក៏​ជា​មោទកភាព​មួយ​ដែរ​ សម្រាប់​ប្រជាជាតិ​កម្ពុជា​ដែល​មាន​បេក្ខនារី​តំណាង​ប្រទេស​ចេញ​ទៅ​ប្រកួត​​ក្នុង​កម្មវិធី​ Miss Supranational International 2022 ជា​លើក​ដំបូង​។

៧. Miss Intercontinental Cambodia 2022

កញ្ញា ស៊ីម ច័ន្ទស្រីមុំ ជាលំដាប់រងទី ១ នៃកម្មវិធី Miss World Cambodia ២០២១ ត្រូវ​បាន​តែង​តាំង​ឱ្យតំណាង​ប្រទេសកម្ពុជាចូលរួមប្រកួត Miss Intercontinental ២០២២។ បវរកញ្ញារូបនេះបានចាកចេញទៅប្រកួតកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ​។ កម្មវិធី​ប្រកួត​ Miss Intercontinental ឆ្នាំ​២០២២ ប្រារព្ធ​ឡើង​នៅទីក្រុង SHARM EL SHEIK, ប្រទេសអេហ្ស៊ីប។

៨. Miss Eco International Cambodia 2023

បវរកញ្ញ​ចក្រវាឡ​កម្ពុជា​ លំដាប់​រង​ទី៣ កញ្ញា រតនា សុខាវត្តី​ គឺជា​បេក្ខនារី​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ប្រកួត​ Miss Eco International 2023។ ស្រីស្អាត​រូប​នេះ​មិន​ត្រឹម​តែ​មាន​តំណែង​ជា​បវរកញ្ញា​តំណាង​ប្រទេស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កីឡាការិនី​ជម្រើស​ជាតិ​ការាត់តេមួយរូប​ផង​ដែរ​។ និស្សិត​ឆ្នាំ​ទីពីរ​ ជំនាញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ នៃ​សកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ​រូប​នេះ នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​អេហ្ស៊ីប​ នា​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ​នេះ​។

៩. Miss Planet Cambodia 2020/2021

​​កញ្ញា ប៉ុន សុរ៉ាវត្តី​ ទទួល​ ​ជ័យលាភី​លេខ​១ ​ក្នុង​កម្មវិធី​ Miss Planet Cambodia 2020។ ម្ចាស់​មកុដ​តំណាង​ឱ្យប្រទេស​កម្ពុជា​រូប​នេះ​នឹង​ចេញ​ទៅ​ប្រកួត​ប្រជែង​ដណ្ដើម​មកុដ​ Miss Planet International នៅ​ប្រទេស​ Uganda នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ​។ និស្សិត​ផ្នែក​ទេសចរណ៍​នៃ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​រូប​នេះ​ ប្ដេជ្ញា​ថា​នឹង​ប្រឹង​ប្រែង​ធ្វើឱ្យ​បានល្អ​ នៅ​ក្នុង​ការ​ប្រកួត​ដើម្បី​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​កម្ពុជា​។ គួរ​ដឹង​ផង​ដែរ​ថា​ កម្មវិធី Miss Planet International គឺជា​កម្មវិធី​មួយ​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​។

១០. Miss Queen Cambodia 2022

កញ្ញា វ៉ាន់ ប៊ី គឺជា​ម្ចាស់​មកុដ​កញ្ញា​​ឯកភេទ​ទី៣ ឆ្នាំ​២០២២ ក្រោយ​ការ​​ប្រកួត​បាន​បញ្ចប់​ដោយ​ជោគជ័យ​កាល​ពី​រាត្រី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២២ ក្រោម​វត្តមាន​ភ្ញៀវកិត្តិយស​ដ៏​ច្រើន​កុះ​ករ​ មាន​ទាំង​អ្នក​ជំនួញ សិល្បករ​ ផលិតករ​ អ្នក​រចនា​ម៉ូដ និង​អ្នក​គាំទ្រ​វិស័យ​កញ្ញា​ឯក​។ ម្ចាស់​ជ័យ​លាភី​ដែល​មាន​អាជីព​ជា​តារាម៉ូដែល​រូប​នេះ​នឹង​ត្រូវ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា នៅ​ក្នុង​កម្មវិធីប្រកួត​លក្ខណៈ​អន្តរជាតិ​​ Miss Queen International ឆ្នាំ២០២២៕


Share.