ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​រំលឹក​ដល់​ភាគី​ពាក់ព័ន្ធ​ ឱ្យ​យក​ចិត្ត​ទុកដាក់​ខ្ពស់ សហការ​គ្នា​ឱ្យ​បាន​ជោគជ័យ ប្រកប​ដោយ​កិត្តយស ក្នុង​ពេល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​នៅ​សល់​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ នឹង​មក​ដល់​ហើយ។

ការ​ថ្លែង​​នេះ ក្នុង​ពេល​ដែល​ឯកឧត្តម ស សុខា បាន​តំណាង​ឱ្យ​ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រៀបចំ​ការ​ប្រកួត​កីឡា​ទោចក្រយាន ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី៣ ឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត ឆ្នាំ​២០២៣ លើ​ការងារ​ផ្សព្វផ្សាយ​ស៊ីហ្គេម ភូមិ​បេតិកភណ្ឌ​និង​គុន​ល្បុក្កតោ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែ​តុលា ឆ្នាំ​២០២២ ក្នុង​ខេត្ត​សៀមរាប។ កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដូចជា​អគ្គនាយកដ្ឋាន​កីឡា សហព័ន្ធ​កីឡា​ទោចក្រយាន រដ្ឋបាល​ខេត្ត​សៀមរាប ជាដើម។

ឯកឧត្តម ស សុខា បាន​លើក​ជា​មតិ និង​អនុសាសន៍ សំខាន់ៗ​ចំនួន​៥ ចំណុច​ជុំ​វិញ​​ខេត្ត​សៀមរាប ក៏​ដូចជា​ពេល​កម្ពុជា ទាំង​មូល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ថា៖«១) ភាគី​ពាក់ព័ន្ធ​ដែល​ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​ព្រឹត្តិការណ៍​នេះ ​សូម​យក​ចិត្ត​អោយ​បាន​ខ្ពស់ ហើយ​សម្រាប់​សហព័ន្ធ​ (ទោចក្រយាន) ជា​អ្នក​គ្រប់គ្រង​ផ្ទាល់​ក្នុង​ការ​ប្រកួត ចំណែក​ភាគី​ក្រសួង​អប់រំយុវជន​និង​​កីឡា ​និង​ក្រុម​បច្ចេកទេស​ នានា​ ជា​អ្នក​សម្របសម្រួល​បន្ថែម។ ទី២) ដើម្បី​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ការងារ​រៀបចំ​បាន​រលូន គប្បី​បែងចែក​តួនាទី​ភារកិច្ច អោយ​បាន​ច្បាស់​លាស់ គ្រប់​ផ្នែក​ពាក់ព័ន្ធ ទាំង​អ្នក​បច្ចេកទេស សហព័ន្ធ សន្តិសុខ ចរាចរណ៍​​ សណ្ដាប់ធ្នាប់ ជាដើម។ ទី៣) ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ យើង​​ត្រូវ​រៀបចំ​ទទួល បដិសណ្ឋារកិច្ច​ចំពោះ​ប្រតិភូ អត្តពលិក ពី​បណ្តា​ប្រទេស​ជា​មិត្ត​ឱ្យ​បាន​ល្អ កុំ​អោយ​គេ​វាយ​តម្លៃ ថា [​ក្រ​ទ្រព្យ​ហើយ ក្រ​ចិត្ត​ទៀត] តែ​ត្រូវ​បញ្ជាក់​ឱ្យ​គេ​ឃើញ​ថា [កម្ពុជា​ជា​ ប្រទេស​តូច​តែ​បេះដូងធំ]។ កុំ​អោយ​ដូច​ប្រទេស​មួយ​ចំនួន​ដែល​រៀបចំ​បដិសណ្ឋារកិច្ច​មិន​បាន​ល្អ​នាពេល​កន្លង​មក»។

«ទី៤) ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ អោយ​ប្រជាជន​លោក​​បាន​ដឹង ថា​កម្ពុជា នឹង​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ជា​លើក​ដំបូង​​ប្រវត្តិសាស្ត្រ និង​​ធ្វើ​ឱ្យ​មាន​ការ​​ចូលរួម ​ទាំង​ពី​សំណាក់​ប្រជាជន ឬ យុវជន​អោយ​បាន​អស់​ពី​លទ្ធភាព។ ទី៥) ត្រូវ​យក​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ២០២៣ ជា​មធ្យោបាយ មក​ផ្សព្វផ្សាយ​កម្ពុជា របស់​យើង​ទាំង​ការ​អភិវឌ្ឍន៍ សោភ័ណភាព អនាម័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ ធ្វើអោយ​គេ​ទទួល​ស្គាល់​ថា​យើង​អាច​ធ្វើ​បាន​ ទោះ​ក្នុង​បរិបទ​កូវីដ-១៩ ក្តី ឬ ក្នុង​គោលគំនិត​មួយ​ស្រប​តាម​ពាក្យ​ស្លោក [កីឡា​រស់​ក្នុង​សន្តិភាព]។ ក្នុង​ន័យ​អោយ​គេ​ឃើញ​ថា​ប្រទេស​យើង​ជា​ប្រទេស​វិជ្ជមាន មួយ ខុស​ពី​ការ​ផ្សព្វផ្សាយ​ពី​ភាព​អវិជ្ជមាន​​ផ្សេងៗ ទៅ​លើ​ឆាក​អន្តរជាតិ»។ នេះ​​សារ​បន្ថែម​របស់​ឯកឧត្តម។

សូម​បញ្ជាក់​ថា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ​បាន​យល់​ស្រប​តាម​ការ​​កំណត់​របស់​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថា​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នឹង​ធ្វើ​ឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្រៅ​ពី​រាជធានី​ភ្នំពេញ។ ខេត្ត​ទាំង​នោះ​មាន​ដូចជា ខេត្ត​កំពត មាន​​ការ​ប្រកួត​កីឡា ទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ខេត្តសៀមរាប សម្រាប់​ការ​ប្រកួត​ប្រណាំងកង់ ខេត្តព្រះសីហនុ រៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង ហើយ​ខេត្តកែប ត្រូវ​ប្រកួត​​កីឡា ទ្រីយ៉ាងត្លុង។ ចំណែក​ប្រភេទ​កីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ពិសេស​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ និង​ពហុកីឡដ្ឋានជាតិ៕

Share.