ជាបឋម ខ្ញុំសូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដនៅស្រុកលើកដែក ខេត្តកណ្ដាល។ ខ្ញុំឆ្លៀតឱកាសដ៏ក្រៀមក្រំនេះ ទាញអារម្មណ៍អ្នកអានសារព៌មានត្រយងឱ្យបានដឹងថា ក្មេងៗដែលជាកូនអ្នកស្រុកទន្លេ បឹង ស្ទឹង ព្រែក សម័យនេះខ្លះមិនសូវចេះហែលទឹកទេ ខ្លះមិនចេះតែម្ដង និងថែមទាំងខ្លាចទៀតផង។ មិនស្និតនឹងទឹកទន្លេ ឬទឹកបឹង ស្ទឹង ព្រែកដូចក្មេងសម័យមុន គឺមានមូលហេតុមួយចំនួននៅពីក្រោយបញ្ហានេះ៖

១.ស្ថានភាពកម្ពស់ទឹកទន្លេទាបឬតូចច្រើនឆ្នាំពេក

          ចំណុចនេះជាប្រភពចម្បងមួយដែរដែលនាំក្មេងៗអ្នកជនបទ ពិសេសកូនចៅអ្នកស្រុកទន្លេ ស្ទឹង បឹង និងព្រែកត្រូវឃ្លាតឆ្ងាយពីជីវភាពជិតស្និតនឹងប្រភពទឹកទាំងនេះ។ ជាទូទៅ កូនចៅអ្នកស្រុកអ្នកភូមិដែលធ្លាប់មានទឹកជន់លិចនៅរដូវវស្សា ពួកគេចូលចិត្តលេងទឹកណាស់ លេងរហូតទាល់តែពួកគេក្លាយជាអ្នកចេះហែលទឹកដោយមិនដឹងខ្លួន។ ពេលខ្លះចាស់ទុំ ឪពុកម្ដាយ ឬអ្នកចេះហែលទឹក ក៏មានឱកាសបានបង្រៀនក្មេងៗឱ្យចេះហែលទឹកតៗគ្នាដែរ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១១មក ទឹកទន្លេមានកម្ពស់ទាបឬហៅថាទឹកតូចជារៀងរាល់ឆ្នាំមករហូតដល់ឆ្នាំ២០២២នេះ ទើបទឹកឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗ។ ដូច្នេះរយៈពេល១២មកនេះ ល្មមនឹងក្មេងៗកូនចៅអ្នកស្រុកអ្នកភូមិលែងស្គាល់អ្វីទៅហៅថាទឹកធំ។

២. ការកាត់ផ្ដាច់ជីវិតភ្ជាប់នឹងទន្លេ

         កាលពី១០ ទៅ១៥ឆ្នាំមុន ជីវភាពពលរដ្ឋរស់នៅតាមដងទន្លេភាគច្រើនគឺផ្សារភ្ជាប់ទៅនឹងទន្លេរៀងរាល់ថ្ងៃ កុំថាឡើយតែរដូវវស្សាដែលទឹកឡើងលិចដល់ភូមិករ។ រែកទឹកដាំបាយ យកគោលាងទឹក យកខោអាវបោកគួក ងូតទឹកទាំងព្រឹក ទាំងថ្ងៃ និងល្ងាច គឺប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីដែលរស់នៅស្រុកទន្លេតែងតែធ្វើជាទម្លាប់ប្រចាំថ្ងៃ។ ស្ថានភាពនោះហើយដែលនាំឱ្យក្មេងៗមានឱកាសបានភ្ជាប់ខ្លួនស្និតទៅនឹងទឹកធ្វើឱ្យពួកគេចេះហែលទឹកតៗគ្នា រហូតអ្នកដែលមិនចេះហែលទឹកត្រូវបានគេសើចចំអកទៀតផង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវិតបែបនេះត្រូវបានកាត់បន្ថយស្ទើរតែលែងមានទៅហើយ បើមាន គឺមានតែសម្រាប់ក្រុមពលរដ្ឋដែលមានផ្ទះនៅក្បែរឬជាប់មាត់ទឹកប៉ុណ្ណោះ។ មូលហេតុចំណុចនេះ នឹងភ្ជាប់ទៅចំណុចទី៣។

៣. ស្រុកទេសអភិវឌ្ឍន៍

         ដូចបានបញ្ជាក់ក្នុងចំណុចទី២រួចមកហើយ គឺអ្វីៗមានការប្រែប្រួលដោយមានហេតុ និងផលរបស់វា ហើយការប្រែប្រួលនៅចំណុចទី២នោះ គឺមានកត្តារួមផ្សំផ្សេងៗ ដែលក្នុងនោះក៏មានកត្តាស្រុកទេសរីកចម្រើនដែរ។ និយាយយ៉ាងដូច្នេះ ខ្ញុំមិនចង់ឱ្យអ្នកអានគិតតែរឿងសរសើររាជរដ្ឋាភិបាលទេ ប៉ុន្តែគិតលើហេតុផល។ បច្ចុប្បន្ន ពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់កាន់តែច្រើនឡើងៗ ដោយមិនចាំបាច់ចុះទៅទន្លេ ស្ទឹង បឹង និងព្រែកឡើយ។ តំបន់ខ្លះមានបណ្ដាញទឹកស្អាតតដល់ចង្ក្រានបាយតែម្ដង តំបន់ខ្លះគ្មានបណ្ដាញទឹកស្អាតមែន ប៉ុន្តែពួកគាត់មានភ្លើងអគ្គិសនី ឬម៉ាស៊ីន ហើយបានប្រើម៉ូទ័រទាញទឹកពីទន្លេ ពីបឹង ពីព្រែក ស្ទឹង និងពីក្រោមដីយកមកប្រើប្រាស់យ៉ាងងាយស្រួល។ សូម្បីតែគោអ្នកស្រុកខ្លះក៏ងូត និងផឹកទឹកម៉ាស៊ីនដែរ។ ដូច្នេះកត្តានេះ បានកាត់ផ្ដាច់បន្តិចម្ដងៗរវាងជីវភាពពលរដ្ឋជាមួយនឹងនឹងប្រភពទឹកដូចបានរៀបរាប់ខាងដើម។

៤. ក្មេងសម័យមុនយកការងូតទឹកជាការកំសាន្តប្រចាំថ្ងៃ ប៉ុន្តែក្មេងសម័យនេះសម្បូរបែប

          នៅរយៈពេលមុន១០ទៅ១៥ឆ្នាំកន្លងទៅ ក្នុងចំណោមការកំសាន្តនានារបស់កូនក្មេងនិងយុវជននៅជនបទ ឬកូនអ្នករស់នៅតាមដងទន្លេ ស្ទឹង បឹង ព្រែកជាដើម ការងូតទឹកប្រលែងគ្នាលេងពេញនិយមណាស់ ហើយចាស់ៗក៏តែងបារម្ភណាស់ដែរ។ ទោះដឹងកូនចៅរបស់ខ្លួនចេះហែលទឹករួចហើយក៏ដោយ ពេលខ្លះចាស់ៗនៅគំរាមតៗគ្នាមកថា ពួកឯងចេះហែលទឹកហើយ តែប្រយ័ត្នខ្មោចទឹកទាញ ឬមានគេនាំ…តាមបែបអបិយជំនឿ។ ទឹកពាងសម័យនោះ ទុកសម្រាប់តែប្រើចាំបាច់ប៉ុណ្ណោះ ដូចជាចាស់ជរាងូត និងដាំបាយដាំទឹកជាដើម ក្រៅពីនេះចាស់ៗតែងស្ដីណែនាំឱ្យក្មេងទៅងូកទឹកទន្លេ ទឹកបឹង ស្ទឹង និងព្រែកជាដើមទៅ។ ភាពសម្បូរបែបនៃប្រភពទឹកប្រើប្រាស់ បូកផ្សុំនឹងភាពសម្បូរបែបតាមការវិវត្តន៍នៃសង្គម ក្មេងៗសម័យបច្ចប្បន្ន​ ក្រៅពីរៀន និងជួយកិច្ចការផ្ទះខ្លះ ពួកគេភាគច្រើនភ្ជាប់ជីវភាពកំសាន្តតែជាមួយបច្ចេកវិទ្យាទូរសព្ទ ឬអ៊ីនធើណែត មានហ្គេម និងទីកតុកជាដើម ហើយក៏មានដែរអ្នកលេងកីឡាប្រចាំថ្ងៃ ដូចជាបាល់ទាត់ បាល់ទះ។ ពួកគេមិនដែលសម្បីម្ដង និយាយថាតោះល្ងាចនេះទៅងូកទឹក ពួកគេស្ទើរលែងស្គាល់ទៅហើយពាក្យថាកំពង់ទឹក។

៥.ការធ្វេសប្រហែសរបស់ចាស់ទុំ

         ដោយសារតែរវល់នឹងជីវភាព បូកផ្សុំនឹងកត្តាដូចបានរៀបរាប់ខាងលើទាំង៤ចំណុចផងនោះ ចាស់ទុំជាតាយាយ ឪពុកម្ដាយ បងៗ ដែលចេះហែលទឹក មិនបានយកចិត្តទុកដាក់បង្រៀនកូនចៅឬក្មេងៗជំនាន់ក្រោយឱ្យចេះហែលទឹកនោះទេ ទោះជាដឹងថាមិនចេះហែលទឹក ស្មើនឹងជីវិតត្រូវស្លាប់យ៉ាងងាយបើកើតមានករណីណាមួយពាក់ព័ន្ធនឹងទឹក ដូចជាលិចទូក ឬធ្លាក់ទឹកជាដើម។ កុំថាឡើយអ្នកទីប្រជុំជន សូម្បីតែអ្នករស់នៅតាមតំបន់មានប្រភពទឹកដូចបានបញ្ជាក់មកនោះ ក៏ធ្វេសប្រហែលដែរ។ មួយឆ្នាំតើគាត់នាំកូនៗលេងងូតទឹក និងបង្រៀនឱ្យចេះហែលទឹកបានម្ដងដែរទេ? ចំណុចនេះ ខ្ញុំក៏ទាញចំណាប់អារម្មណ៍ដែរថា សម្រាប់កូនអ្នកភ្មពេញមួយចំនួន ពួកគេត្រូវបានឪពុកម្ដាយ ឬសាលារៀនគេតែម្ដង បង្ហាត់បង្រៀនឱ្យចេះហែលទឹកខ្លះៗហើយ គ្រាន់តែចិតតិចតួចប៉ុណ្ណោះ ដ្បិតពេលខ្លះអាស្រ័យលើជីវភាព និងឆន្ទៈដែរ។

          ដូច្នេះ តាមរយៈអត្ថបទនេះ ខ្ញុំសូមសំណូមពរ ឪពុកម្ដាយ អាណាព្យាបាល ឬរៀមច្បងក្មេងៗទាំងឡាយដែលចេះហែលទឹកហើយនោះ សូមជួយបង្ហាត់បង្រៀនកូនចៅឬប្អូនៗរបស់ខ្លួនឱ្យចេះហែលទឹកផង ទោះក្នុងកម្រិតណាក៏ដោយ។ បង្រៀននេះ មិនមែនមានន័យថាជាការជួយជំរុញឱ្យក្មេងៗទាំងនោះទៅលេងទឹកនោះឡើយ ប៉ុន្តែគឺជាការបំពាក់នូវជំនាញផ្ទាល់ខ្លួនមួយដែលអាចជួយពួកគេបានប្រសិនបើជួបរឿងហេតុលិចទូក លិចកាណូត​ ឬធ្លាក់ទឹកជាដើម៕

Share.