ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ចុះ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​​សម្រាប់​កា​រប្រកួត​កីឡា​ប្រណាំង​ម៉ូតូ​ទឹក និង​កីឡា​ប្រណាំង​ទូក​ក្តោង ដែល​ធ្វើ​ឡើង​នៅ​​ខេត្ត​ព្រះសីហនុ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី៣ សម្រាប់​សម​មុន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ។

តំណាង​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បាន​ចូល​រួម​​ជាមួយ​ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ ដឹកនាំ​ប្រជុំ​ពិភាក្សា​ការងារ​រៀបចំការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង នៅខេត្តព្រះសីហនុ​ ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែល​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

សម្រាប់​កីឡា​ប្រណាំង​​ម៉ូតូ​ទឹក មាន​៧​ក្រុម​ចូលរួម ដូចជា​ក្រសួងមហាផ្ទៃ, រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កែប ខេត្ត​កោះកុង ដែល​មាន​​​សរុប​៧៤រូប ក្នុង​ប្រតិភូ​៧រូប គ្រូ​៧រូប កីឡាករ​២៥រូប​និង​មន្រ្តី​បច្ចេកទេស ៣៥រូប។

សម្រាប់​សហព័ន្ធមួយ​នេះ​ដាក់​ផែនការ​ដណ្តើម​មេដាយ​មាស ២គ្រឿង​យ៉ាងតិច ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ខាង​មុខ។ សហព័ន្ធ​មិន​ហ៊ាន​កំណត់​លើស​នឹងទេ ព្រោះប្រទេស​ដទៃ​​ក៏​គេ​​រៀបចំ​បាន​ល្អ​ដែរ។ សម្រាប់​​​ហេដ្ឋារចនាសម្ព័ន្ធ​នៃការប្រកួត​គឺ​កម្ពុជា មាន​គ្រប់គ្រាន់ សម្រាប់​រៀបចំ​ការ​ប្រកួត​ជា​បន្តបន្ទាប់ បើទោះ​ជា​មិន​ធ្លាប់​រៀបចំ​ស៊ីហ្គេម​ក៏​ដោយ សហព័ន្ធ​នៅ​តែ​នឹង​ប្រឹងប្រែង​ឱ្យ​បាន​ល្អ។

ចំណែក​ព្រឹត្តិការណ៍​កីឡា​ជាតិ សហព័ន្ធ​បាន​ដាក់​​គោលដៅ​សម្លឹងមើល​និង​ធ្វើ​​តេស្ត​កីឡាករ​ល្អៗ ដើម្បី​យក​​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ ខណៈ​​ទីលាន​នៃ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ឆ្នេរ​សុខា ក្នុង​ខេត្ត​ព្រះសីហនុ លើ​ទំហំ​ផ្ទៃ​ទឹក​ ៤០០ម៉ែត្រ និង​ជម្រៅ ៥០០ម៉ែត្រ។ ចំណែក​ថ្ងៃ​ប្រកួត​ពី​ថ្ងៃ​ទី២៤ ដល់​២៨ ខែ​វិច្ឆិកា។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​សហព័ន្ធ​មាន​ការ​បារម្ភ​ខ្លះៗពីទីលាន គឺ​ផ្ទៃ​ទឹក ដែល​រៀបចំ​ពី​ដើម​ទី​ដល់​ចុង​ទី ខ្សែរត់ ពោង ព្រោះ​ថា​អ្វីៗប្រែប្រួល​តាម​ការ​ប្រកួត​នីមួយៗ ទាំង​លើ​គោក​​ក៏​ត្រូវ​រៀបចំ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ស សុខា បាន​ផ្តល់​ជា​​អនុសាសន៍​មួយ​ចំនួន ​ដើម្បី​​ក្រែន​រំលឹក​​ដល់​សហព័ន្ធ​សម្រាប់​អនុវត្តន៍​ទាំង​ក្នុង​កីឡា​ជាតិ​និង​កីឡា​ស៊ីហ្គេម​២០២៣ ខាង​ ថា ទី១ រៀបចំ​អោយ​ត្រូវ​ស្តង់ដារ​ស៊ីហ្គេម​ ២០២៣ ដើម្បី​កីឡាករ គ្រូបង្វឹក គណៈកម្មការ​ បាន​​​ទំលាប់​ខ្លួន។ ទី២) សិក្សា​ពី​បញ្ហា​គ្រោះថ្នាក់​នានា ព្រោះ​ប្រកួត​លើ​ទឹក និង​សិក្សា​ពី​ទីតាំង​ពេទ្យ​​សម្រាប់​សង្រ្គោះ។ ទី៣) សិក្សា​ពី​អាជ្ញាកណ្តាល​​ អោយ​ដឹកនាំ​ការ​ប្រកួត​​ត្រូវ​តាម​បច្ចេកទេស​អន្តរជាតិ និង​យុត្តិធម៌។ ទី៤) បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់ គឺ​ស្នើ​ឱ្យ​មាន​ការ​សហការ​ជាមួយ​ថ្នាក់​ខេត្ត​ ដើម្បី​សុវត្ថិភាព​ពេល​ប្រកួត​ទាំង​លើ​គោក​និង​ផ្ទៃ​ទឹក។ ទី៥) ត្រូវ​រៀបចំ​ទទួល​ប្រតិភូ​តាម​ក្រុម​នីមួយៗ អោយ​បាន​​និង​ផែនការ​​ច្បាស់លាស់។ ទី៦) ​មិន​ត្រូវ​ប្រហែស​នោះ​ទេ បើទោះ​ជា​មាន​ភាគ​រយ​នៃ​ការ​ទទួល​មេដាយ​ក៏​ពិត​មែន។

ចំណែក​កីឡា​ទូកក្តោង​វិញ គ្រោង​រៀបចំ​នៅ​ឆ្នេរ​រាម ស្រប​ពេល​ដែល​មាន​៥ក្រុម​ចូលរួម​ប្រកួត​ប្រជែង​មាន​កោះកុង,ព្រះសីហនុ,កែប, ក្រសួងមហាផ្ទៃ,កំពត ដោយ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ២៦ ដល់​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លើ​ប្រភេទ​​ប្រកួត​៤​វិញ្ញាសា។ តាម​គ្រោង​របស់​សហព័ន្ធ ការ​​ប្រកួត​ជាតិ​លើក​ទី៣ នឹង​ធ្វើ​ឡើង​នៅ​ឆ្នេរ​សមុទ្រ​​រាម តែ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​២០២៣ គ្រោង​ធ្វើ​នៅ​ឆ្នេរ​សុខា​វិញ។

ជាមួយ​គ្នា​នេះ​ដែរ​ឯកឧត្តម ស សុខា បាន​​វាយ​តម្លៃ​ និង​លើក​​​​ផ្តល់​អនុសាសន៍​សម្រាប់​កែតម្រូវ​មួយ​ចំនួន​ដូចជា ទី១ សហព័ន្ធ​ត្រូវ​សិក្សា​លើ​វិញ្ញាសា ដែល​កម្ពុជា មាន​សក្ដានុពល ព្រម​ទាំង​មាន​លទ្ធភាព​ដែល​កម្ពុជា អាច​ដណ្តើម​មេដាយ​បាន ឬ អាច​រៀបចំ​ការ​ប្រកួតបាន ​ព្រោះ​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ផ្សេងៗ ហើយ​ពេល​ខ្លះ​កីឡាករ​កម្ពុជា មាន​កម្រិត​​មិន​ដល់​វិញ្ញាសា​ណាមួយ​នោះ​នឹង​ចាញ់​ប្រៀប​គេ ឬ កីឡាករ​បរទេស​ណាមួយ​មិន​អាច​ចូលរួម​បាន​ យើង​ដាក់​ច្រើន​តែ​វិញ្ញាសា តែ​ការ​ចូលរួម​អត់​មាន ទៅ​ជា​រឿង​មិន​ល្អ​វិញ។ ទី២) ចំណែក​ទីតាំង​នៃ​ការ​រៀបចំ​នៅ​រាម គឺ​មិន​មាន​បញ្ហា ទេ តែ​សូម​សម្រេច​ចិត្ត​អោយ​បាន​ច្បាស់​លាស់ បើ​​កីឡា​ជាតិ​ ធ្វើ​នៅ​ឆ្នេរ​រាម គឺ​ធ្វើ​ស៊ីហ្គេម​នៅ រាម​ដែរ បើ​កីឡាករ​ជាតិ​ធ្វើ​នៅ​ឆ្នេរ​សុខា នោះ​ស៊ីហ្គេម គួរ​ធ្វើ​នៅ​ទីនោះ​ដូច​គ្នា បើ​រៀបចំ​កីឡា​ជាតិ​នៅ​ទីណា ស៊ីហ្គេម​ ធ្វើ​នៅ​ទីនោះ​ដែរ ព្រោះ​ថា​ជា​ការ​សម​ ឬ អោយ​កីឡាករ សាំ​និង​ទីលាន។ ទី៣) សហព័ន្ធ​ត្រូវ​បណ្តុះបណ្តាល​អាជ្ញាកណ្ដាល អោយ​បាន​គ្រប់​ចំនួន និង​​​កាត់​សេចក្តី​បាន​យុត្តិធម៌។ ទី៥) សហព័ន្ធ​ត្រូវ​ធ្វើការ​​សហការ​ជាមួយ​​កីឡា​ប្រណាំង​ម៉ូតូ​ទឹក​ ទាំង​ពី​​​របៀបរបប​នៃ​ការ​រៀបចំ​ការ​ប្រកួត ផ្លាស់ប្តរ​ព័ត៌មាន​​រវាង​គ្នា​និង​គ្នា ព្រោះ​ធ្វើ​ខុស​ទីតាំង​គ្នា។ ទី៦) សហព័ន្ធ​ត្រូវ​គិតគូ​ពី​បញ្ហា​បរិស្ថាន ព្រោះ​ជា​ការ​រៀបចំ​លើ​ឆ្នេរ លើទឹក មាន​បញ្ហា ឬ មាន​ការ​រិះគន់ ណាមួយ​ត្រូវ​ត្រៀម​​​​ការ​ឆ្លើយ​តប​ពន្យល់​ឱ្យ​បាន​ច្បាស់ ជៀសវាង​មាន​ការ​រិះគន់ វាយ​ប្រហារ ​មិន​ល្អ​​លើ​ការ​រៀបចំ ឬ ប៉ះ​ពាល់​កេរ្តិ៍​ឈ្មោះ​ដល់​កម្ពុជា​យើង៕

Share.