សមាជិក​បរទេស​ម្នាក់​របស់​ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ នៅ​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​របស់​ខ្លួន​កោះហៅ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ ដើម្បី​ត្រៀម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​អន្តរជាតិ ដើម​ខែ​វិច្ឆិកា ខាង​មុខ។

កីឡាករ​ Mouzinho Barreto de Lima ពាក់អាវលេខ១០

កីឡាករ​រូប​នោះ​គឺ Mouzinho Barreto de Lima មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ នៅ​ខែ​វិច្ឆិកា ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ាន 2022 AFF Championship ឬ AFF Mitsubishi Electric Cup 2022។

ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត នឹង​ប្រកួត​ជើង​ទី១ ជាមួយ​ប្រ៊ុយណេ ជើង​ទី១ នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា នៅ​កីឡដ្ឋាន Hassanal Bolkiah National Stadium ក្នុង​ទីក្រុង Bandar Seri Begawan ហើយ​ជើង​ទី២ ទៅ​ធ្វើ​នៅ​កីឡដ្ឋាន National Stadium ក្នុង​ទីក្រុង Dili វិញ​ម្តង។

សរុប​លទ្ធផល​ទាំង​២​ជើង អ្នក​ឈ្នះ​នឹង​ឡើង​ទៅ​ចូល​ក្នុង​ពូល ​A ជាមួយ ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និង​កម្ពុជា ខណៈ​ពូល B មាន​​វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និង​ឡាវ នៃ​ពានរង្វាន់ AFF Mitsubishi Electric Cup 2022។

ចំណែក​កីឡាករ Mouzinho ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ទីម័រខាងកើត ចេញ​ផ្សាយ​ថា​រូប​គេ​បាន​ចុះ​កុងត្រា ចូលរួម​ជាមួយ​ក្រុម​អង្គរថាយហ្គឺរ ពី​ខែ​​ឧសភា ដល់​ធ្នូ ឆ្នាំ​២០២២ ខណៈ​ក្រុម​អង្គរថាយហ្គឺរ បាន​របូត​ចេញ​ពី​តំបន់ Top ក្នុង​លីគ​កំពូល​កម្ពុជា រដូវកាល​នេះ​ហើយ ពោល​គឺ​នឹង​អស់​ការ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​ក្រោយ​ប្រកួត​ជាមួយ​ណាហ្គាវើល។

កីឡាករ Mouzinho ធ្លាប់​ទាត់​បញ្ជូល​ទី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ១គ្រាប់​ ឱ្យ​ជម្រើស​ជាតិ​ខ្លួន ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ កាល​ពី​ខែ​មិថុនា កន្លង​ទៅ ខណៈ​លទ្ធផល​សរុប​កម្ពុជា ឈ្នះ​ទីម័រខាងកើត ២-១។ រូប​គេ​ក៏​ជា​កម្លាំង​សំខាន់​ក្នុង​ក្រុម​អង្គរថាយហ្គឺរ ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក​​គ្រូ​បង្វឹក Alistair Heath ព្រម​ទាំង​ធ្លាប់​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បាន​២គ្រាប់​ផង​ដែរ​ក្នុង​ពានរង្វាន់ Cambodian Premier League៕

Share.