កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រោយតាកែវ បានសហការជាមួយកម្លាំងជំនាញស្រុកកោះធំ បានចាប់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានប្រើហិង្សាទៅលើម្តាយបង្កើតរបស់ខ្លួន ។ជនសង្ស័យ ឈ្មោះ ជ្រាង វណ្ណដា ភេទប្រុស អាយុ២១ឆ្នាំ  ជនជាតិខ្មែរ មានទីលំនៅជាមួយម្តាយរបស់ខ្លួននៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ  មិនពិតប្រាកដ បានធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោម (លទ្ធផលអវិជ្ជមាន)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រយៈកាលកន្លងមកជនសង្ស័យឈ្មោះ ជ្រាង វណ្ណដា ធ្លាប់បានប្រើអំពើហិង្សា និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់របរប្រើប្រាស់ ក្នុងផ្ទះជាច្រើនលើកច្រើនសារមកហើយ។ លុះក្រោយមកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៩និង០០នាទី ជនសង្ស័យបានទៅចូលរួមក្នុងកម្មវិធីបុណ្យសព គេនៅក្នុងភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ។ ហពេលនោះជនសង្ស័យបានអង្គុយផឹកស្រាសជាមួយអ្នកភូមិនៅទីនោះ អស់ប្រហែលចំនួន២០ ទៅ ៣០កែវ។ ក្រោយពីបានផឹកស្រារួចជនសង្ស័យក៏បានដើរត្រលប់មកផ្ទះរបស់ខ្លួនវិញ នៅវេលាម៉ោង ២៣និង ៣០នាទី ថ្ងៃ/ខែ ដដែល នៅពេលទៅដល់ផ្ទះជនសង្ស័យបានអង្គុយហូប បាយរួចតែពុំទាន់ចូលដេកនោះទេ។

លុះឈានចូលដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០១និង១០នាទី រំលងអធ្រាត្រ ជនរងគ្រោះឈ្មោះ ផៃ មេត្តា (ត្រូវជាម្ដាយបង្កើតជនសង្ស័យ) បាននិយាយប្រាប់ជនសង្ស័យឲ្យទៅដេកនៅរោង ខាងមុខផ្ទះដែលធ្លាប់តែដេកនៅជាប្រចាំថ្ងៃតែជនសង្ស័យបាននិយាយឆ្លើយតបមកវិញដោយប្រើភាសាអសុរសថាឲ្យលុយអញ ម្ភៃ លាន មកទើបអញទៅដេកនៅរោងរបស់អញវិញ ហើយជនរងគ្រោះមិនបាននិយាយឆ្លើយតបតវិញនោះទេ ហើយបានរុញច្រានឲ្យជនសង្ស័យឲ្យទៅដេកនៅក្នុងរោងរបស់ខ្លួនស្រាប់តែជនសង្ស័យខឹងហើយបានចាប់អូសទាញដៃម្តាយដែលជាជនរងគ្រោះចេញមកខាងក្រៅផ្ទះ និងបានវាយដាល់ទៅលើជនរងគ្រោះដែលជាម្តាយបង្កើតជាច្រើនដៃ ទាត់ធាក់ជាច្រើនជើង អុកជង្គង់បណ្ដាលឲ្យជនរងគ្រោះរងរបួសលើផ្ទៃមុខជាទម្ងន់លើដងខ្លួនមានហូរឈាមប្រឡាក់ជោកពេញខ្លួន ទោះបីជាម្ដាយខំព្យាយាមនិយាយអង្វរលួងលោម យ៉ាងណាក៏ជនសង្ស័យមិនព្រមឈប់ធ្វើសកម្មភាពដែរ។ ក្រោយមកជនរងគ្រោះបានខំប្រឹងរើបម្រះខ្លួន រួចនិងបានរត់គេចចេញមកខាងក្រោយផ្ទះហើយបានស្រែកហៅឲ្យអ្នកជិតខាងមកជួយខ្លួន។ ប៉ុន្តែជនសង្ស័យបានដេញតាមចាប់ជនរងគ្រោះអូសមកខាងមុខផ្ទះកន្លែងដដែលវិញ និងបានវាយទាត់ធាក់ទៅលើជនរងគ្រោះដែលជាម្តាយច្រើនដៃច្រើនជើងបន្ថែមទៀត។    ក្រោយមកទើបមានក្មួយស្រីឈ្មោះ ជីម គីមហ៊ន និងគូដណ្ដឹងឈ្មោះ ណាំ វីន ភេទប្រុស បានចូលទៅជួយចាប់ឃាត់ជនសង្ស័យបំបែកចេញពីជនរងគ្រោះ និងបាននាំយកជនរងគ្រោះទៅលាក់ខ្លួននៅផ្ទះរបស់ប្អូនស្រីបង្កើតឈ្មោះ ផៃ ធីតា ។ បន្ទាប់មកជនសង្ស័យបានរត់ដេញតាមវាយរហូតទៅដល់ទីនោះទៀត ប៉ុន្តែដោយខ្លួនខ្លាចម្តាយមីងឈ្មោះ ផៃ ធីតា ហើយជនសង្ស័យបានដើរត្រឡប់មកផ្ទះវិញហើយបានចូលទៅដេកនៅក្នុងរោងរបស់ខ្លួនបាត់ទៅ។លុះព្រឹកឡើងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រោយតាកែវ ដើម្បីសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យខ្លួន។

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រោយតាកែវ បានសហការជាមួយកម្លាំងជំនាញស្រុកកោះធំ ដោយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.