ឆ្នាំ​នេះ​កញ្ញា​ឯក​ដ៏អស្ចារ្យ​របស់​កម្ពុជា​ ឬ Miss Grand Cambodia កញ្ញា ពេជ្រ​ វត្តីសារ៉ាវឌ្ឍី​ ពិត​​ជា​ធ្វើ​បាន​យ៉ាង​ល្អ​មិន​ធម្មតា​នោះ​ឡើយ​ ព្រោះ​សារព័ត៌មាន​ធំ​របស់​ថៃ​មួយ​បាន​ព្យាករណ៍​ថា​ ​បេក្ខភាព​ស្រី​ស្អាត​របស់​កម្ពុជា​រូប​នេះ​មាន​ឱកាសស្រវ៉ា​​ក្លាយ​ជា​ម្ចាស់​ពាន​ Miss Grand International។

នៅ​សល់​ ៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះពោល​គឺ​នៅ​ថ្ងៃ​ទី​ ២៥ តុលា​ ឆ្នាំ​២០២២ ​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​ Miss Grand International 2022 នឹង​ឈាន​ដល់​វគ្គ​កាត់​សេចក្ដី​ ថា​តើ​បេក្ខនារី​មក​ពី​ប្រទេស​ណា​គឺជា​ម្ចាស់​តំណែង​សម្រាប់​ឆ្នាំ​នេះ​។ ឆ្នាំ​នេះ​លទ្ធផល​ពិត​ជា​ពិបាក​ប៉ាន់​ស្មាន​ណាស់​ព្រោះ​បេក្ខ​នារី​មក​ពី​៦៨​ប្រទេស​សុទ្ធសឹង​តែ​ជា​ស្រីស្អាត​ និង​មាន​សមត្ថភាព​ដូច​ៗ​គ្នា​ ប៉ុន្តែ​អ្នក​គាំទ្រ​បេក្ខនារីប្រទេស​នីមួយ​ៗ​ក៏​ព្យាយាម​ជួយ​គាំទ្រ​តំណាង​ប្រទេស​របស់​ខ្លួន​តា​ម​រយៈ​ការ​ចុច​ Like  Share នៅ​លើ​ Platform នានា​របស់​កម្មវិធី​ Miss Grand International ដើម្បី​ដណ្ដើម​តំណែង​ Country’s Power of the Year ព្រោះ​បេក្ខនារី​ដែល​​ឈ្នះ​នឹង​មាន​ឱកាស​ចូល​ដល់​វគ្គ Top20 ដោយ​ស្វ័យ​ប្រវត្តិ​។ បើ​តាម​សារព័ត៌មាន​ Kapook របស់​ថៃ​ បេក្ខនារី​ចំនួន​៦​ដួង​កំពុង​តែ​មាន​សន្ទុះ​គាំទ្រ​យ៉ាង​ច្រើន​​ពីមហាជន​ ក៏​មាន​បេក្ខនារី​មក​ពី​ប្រទេស​កម្ពុជា​គឺ​កញ្ញា​ ពេជ្រ​ វត្តី​សារ៉ា​វឌ្ឍី​ មួយ​រូប​ផង​ដែរ​។

១. Miss Grand កម្ពុជា​ឆ្នាំ​២០២២

សម្រាប់​ពេជ្រ​វត្តី​សារ៉ាវឌ្ឍី​គឺជា​បេក្ខនារី​មួយ​រូប​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​និង​ចង់​តាម​ដាន​ បេក្ខនារី​រូប​នេះ​អាច​នឹង​មាន​ឱកាស​ក្រសោប​មកុដ​ Miss Grand International 2022 ទៅគ្រប់​គ្រង​។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បច្ចុប្បន្ន​មាន​វ័យ​២៥​ឆ្នាំ​ មាន​កម្ពស់​១.៧៥​សង់ទីម៉ែត្រ​ ហើយ​បើ​និយាយ​ពី​រូប​សម្រស់​វិញ​យុវតី​មក​ពី​ប្រទេស​កម្ពុជា​រូប​នេះ​​មាន​មុខ​មាត់​ស្អាតគួរ​ឱ្យ​គយគន់​ ជាពិសេស​នៅ​ក្នុង​វគ្គ​ បិទទ្វារ​សម្ភាសន៍​ក្នុង​បន្ទប់​ខ្មៅ ឬ (Close Door Interviews) ចម្លើយ​របស់​ពេជ្រ​ វត្តី​សារ៉ាវឌ្ឍី​ឆក់​បាន​បេះដូង​គណៈកម្មការ​តាម​រយៈ​ការ​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ជំនាញ​ប្រកប​ដោយ​មន្តស្នេហ៍​ ព្រោះ​កញ្ញា​បាន​ដាក់​ទុន​រៀន​ភាសា​អង់គ្លេស​មុន​ចូលរួម​ប្រកួត​រហូត​ដល់​ទៅ​៦​ខែ​។ ចាំ​មើល​ថា​តើ​ការ​ព្យាយាម​របស់​កញ្ញា​លើក​នេះ​នឹង​ជួយ​ជាស្ពាន​ឱ្យ​កញ្ញា​ឆ្លង​ទៅ​គោល​ដៅ​ក្លាយ​ជា​ម្ចាស់​មកុដ​ Miss Grand International នាំ​ភាព​ជោគជ័យ​ត្រលប់​ទៅ​ប្រទេស​វិញ​បាន​ឬក៏អត់​?

២. Miss Grand ថៃ​ឆ្នាំ​២០២២

កញ្ញា​ Engfa Wahara អាយុ​២៦​ឆ្នាំ​ មាន​កម្ពស់​១.៧០​ គឺ​ជា​ស្រីស្អាត​ដែល​ឈ្នះ​​ឆ្នោត​ស្ទើ​គ្រប់​ការ​ស្ទង់​មតិ​​។ ក្រៅ​ពី​ល្បីល្បាញ​មាន​អ្នក​គាំទ្រ​នៅ​ប្រទេស​ថៃ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ហើយ​នោះ​ ស្រីស្រស់​ដ៏​គួរ​ឱ្យ​ស្រលាញ់​រូប​នេះ​ថែម​ទាំង​អាច​ឆក់​យក​បេះដូង​អ្នក​គាំទ្រ​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដែល​សបញ្ជាក់​តាម​រយៈ​ចំនួន​ Like និង​ពិន្ទុ​ពី​ការ​បោះ​ឆ្នោត​ស្ទង់​មតិ​ផ្សេងៗ​កន្លង​មក​។ Engfa មាន​ទាំង​អស់​មិន​ថា​ជា​ រូប​រាង​ មុខមាត់ និង សមត្ថភាព​ ដូច្នេះ​ហើយ​អ្នក​គាំទ្រ​កម្មវិធី​ប្រកួត​យល់​ស្រប​ដូច​គ្នា​ថា​ យុវតី​ថៃ​រូប​នេះ​មាន​សង្ឃឹម​និង​ឱកាស​ឈ្នះ​បានរង្វាន់​ ឬ​អាច​នឹង​ឡើង​ទៅ​ដល់​វគ្គ​ Top5 ក៏​ថាបាន​។

៣. Miss Grand ប្រេស៊ីល​ឆ្នាំ​២០២២

សម្រាប់​បេក្ខនារី​មក​ពី​ប្រទេស​ប្រេស៊ីលកញ្ញា​ Isabella Menin កូន​កាត់​ប្រេស៊ីល​-អ៊ីតាលី​វ័យ​២៦​ឆ្នាំ​ កម្ពស់​១,៧៨​សង់ទីម៉ែត្រ​ គឺ​អាច​ចាត់​ចូល​ជា​បេក្ខភាព​ដ៏​លេច​ធ្លោរ​មួយ​រូប​នៅ​លើ​វេទិកា​ប្រកួត​ ព្រោះ​តែ​កញ្ញា​មាន​រូប​សម្បត្តិ​ និង ​អាកប្បកិរិយា​គួរ​ឱ្យ​ស្រលាញ់​និង​ទាក់ទាញ​ចិត្ត​មហាជន​។ ចាប់​តាំង​ពី​បង្ហាញ​វត្តមាន​គ្រប់​វគ្គ​ស្រីស្អាត​រូប​នេះ​តែងតែ​មាន​អ្វី​ពិសេស​និង​ថ្មីៗ​សម្រាប់​អ្នក​គាំទ្រ​ជា​និច្ច​ ដូច្នេះ​ហើយ​កញ្ញា​អាច​ក្ដោបបាន​បេះដូង​អ្នក​គាំទ្រ​យ៉ាងច្រើន​ជុំវិញ​ពិភពលោក​។ បើ​និយាយ​ពី​ការ​សិក្សា​វិញ​ Isabella គឺជា​និស្សិត​បញ្ចប់​ការសិក្សា​បរិញ្ញា​ផ្នែក​ហិរញ្ញវត្ថុ​ពី​សកល​វិទ្យាល័យ​ College London មានសមត្ថភាព​អាច​និយាយ​​បាន​៤​ភាសា​។ បេក្ខនារី​តំណាង​ប្រទេស​ប្រេស៊ីល​រូប​នេះ​គឺជា​ស្ថាបនិក​ Beyond Project ដែល​ជា​កម្មវិធី​មួយ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ជនពិការ​ផង​ដែរ​។ ប្រវត្តិរូប​សង្ខេប​ប៉ុណ្ណេះ​គឺ​អាច​​គ្រប់​គ្រាន់​មួយ​ជួយ​ឱ្យ​កញ្ញា​ប្រេស៊ីល​រូប​នេះ​ឈោង​ចាប់​តំណែង​ជា​ Miss Grand International បាន​ដោយ​មិន​ពិបាក​។

៤. Miss Grand សាធារណរដ្ឋឆេក ឆ្នាំ​២០២២

មនុស្ស​ជា​ច្រើន​និយាយ​ដូច​ៗ​គ្នា​ថា​ គ្រាន់​តែ​ឃើញ​រង្វង់​មុខ​របស់​កញ្ញា​ Mariana Beckova ភ្លាម​ គឺ​មិន​មាន​អ្វី​សង្ស័យ​ឡើយថា​ហេតុ​អ្វី​កញ្ញា​ជាប់​ឆ្នោត​ច្រើន​សម្រាប់​ការ​ស្ទង់​មតិ​នានា​ដែល​កម្មវិធី​បានដាក់​​ចេញ​ទៅ​ឱ្យ​មហាជន​ចូលរួម​បោះ​ឆ្នោត។ ស្រីស្អាត​មក​ពី​សាធារណរដ្ឋ​ឆេក​រូប​នេះ​ បច្ចុប្បន្ន​មាន​វ័យ​២៣​ឆ្នាំ​ មាន​កម្ពស់​រហូត​ដល់​ទៅ​១.៨០​ម៉ែត្រ​ បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​ផ្នែក​ចិត្ត​វិទ្យា​ និង​កំពុង​បន្ត​ការ​សិក្សា​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​​នៅ​សកល​វិទ្យាល័យ​​ Empire State College សហរដ្ឋអាមេរិក​។ បច្ចុប្បន្ន​កញ្ញា​មាន​អាជីព​ជា​គ្រូ​បង្ហាត់យូហ្គា​ អ្នក​និពន្ធ​ Influencer និង​ជា​នារីម៉ូដែល​។ ចំណុច​ដ៏ទាក់ទាញ​បំផុត​មួយ​របស់​កញ្ញា​ ក្រៅពី​សម្រស់​ដ៏​ស្អាត​ហើយ​នោះ​ កញ្ញាក៏​ជា​មនុស្ស​ម្នាក់​ដែល​ពោរពេញ​ដោ​យ​ថាមព​ល​វិជ្ជមាន​ ស្រស់​ថ្លា និង​រួសរាយ​រាក់ទាក់​ផង​ដែរ។ កត្តា​ជា​ច្រើន​ដូច​រៀបរាប់​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទស្សន៍ទាយ​ថា​កញ្ញា​មាន​សិទ្ធិ​និង​ឱកាស​ខ្ពស់​ជា​ម្ចាស់​មកុដ​ Miss Grand International ឆ្នាំ​នេះ​។

៥. Miss Grand ព័រតូរីកូ ឆ្នាំ​២០២២

បេក្ខនារី​ព័រតូរីកូ Oxana Rivera គឺជា​ស្រីស្អាត​ដែល​មាន​សាច់​រឿង​ជីវិត​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​មាន​ ​រូប​សម្រស់​​ស្អាត​ប្រៀប​បាន​នឹង​នារី​ទេពអប្សរ​។​ ឆ្នាំ​នេះ​ស្រីស្អាត​យើង​មាន​អាយុ​២៧​ឆ្នាំ មាន​កម្ពស់​១,៧៥​សង់ទីម៉ែត្រ​ អាច​និយាយ​បាន​៣​ភាសា​គឺ​ អង់គ្លេស រុស្សី និង​អេស្ប៉ាញ​។ កញ្ញា​រៀន​ចប់​ផ្នែក​ទីផ្សា​និងឃោសនា បច្ចុប្បន្ន​ជា​តារា​ម៉ូដែល​អាជីព​នៅ​សហរដ្ឋអាមេរិក​។ តាម​ពិត​កញ្ញា​កើត​និង​ធំធាត់​នៅ​ប្រទេស​រុស្សី​ប៉ុន្តែ​ដោយសារតែ​គ្រួសារក្រីក្រពេក​ កញ្ញា​ត្រូវ​ទៅ​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​តាំង​ពី​អាយុ​១៣​ឆ្នាំ​ ក្រោយ​មក​​កញ្ញា​ត្រូវ​គ្រួសារ​ព័រតូរីកូ​ចិញ្ចឹម​បីបាច់​ ដូច្នេះ​ហើយ​ការ​ប្រកួត​លើក​នេះ​កញ្ញា​ចង់​សង​គុណ​ប្រទេស​ដែល​ផ្ដល់​ជីវិត​ថ្មី​ដល់​ខ្លួន​ ហើយ​តាំង​ចិត្ត​ថា​នឹង​ដណ្ដើម​មកុដ​ទីពីរ​ត្រលប់​ទៅ​កាន់​ប្រទេស​ព័រតូរីកូ​ឱ្យ​ទាល់​តែ​បាន​។

៦. Miss Grand ឥណ្ឌូនេស៊ី​ឆ្នាំ​២០២២

ស្រីស្អាតមុខ​ស្រស់​ Andina Julie គឺជា​បេក្ខនារី​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ដ៏​លេច​ធ្លោ​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​មួយ​ ព្រោះ​ប្រទេស​កំណើត​របស់​កញ្ញា​គឺជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​ប្រកួត​លើក​នេះ​។ លើស​ពី​នេះ​ទៀត​សម្រាប់​វេទិកា​ប្រកួត Miss Grand International ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ជា​ប្រទេស​ដែល​មាន​ប្រវត្តិ​ល្អ​ បេក្ខនារី​ពី​ប្រទេស​នេះ​តែងតែ​បាន​មាន​ឱកាស​បាន​ចូល​វគ្គ​ជ្រៅៗ​ជានិច្ច។ ជាមួយ​​នឹង​មន្ដស្នេហ៍​ដ៏ទាក់ទាញ​និង​ការ​តស៊ូ​ព្យាយាម​របស់​ Andina អ្នក​គាំទ្រ​ជឿ​ថា​យុវតី​ ​វ័យ​២០​ឆ្នាំ​ កម្ពស់​១,៨២ ដែល​មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​រូប​នេះ​មាន​ឱកាស​ខ្ពស់​បំផុត​ក្លាយ​ជា​ម្ចាស់​មកុដ​ Miss Grand International ឆ្នាំ​២០២២៕

Share.