ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋមន្រ្តី​ ហង់ ជួនណារ៉ុន បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Raul Fornes Valenciano សមាជិក​រដ្ឋសភា​គុយបា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែ​តុលា ឆ្នាំ​២០២២ នេះ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្នុង​រាជធានី​ភ្នំពេញ។

ក្នុង​កិច្ចប្រជុំ​នេះ សម្រាប់​កម្ពុជា មាន​​មន្ត្រី​ក្នុង​វិស័យ​កីឡា​ ជាច្រើន​រូប​ចូលរួម ខណៈ​​ភាគី​គុយបា ក្រៅ​ពី​វត្តមាន​របស់​​ឯកឧត្តម Raul Fornes Valenciano ក៏​មាន​លោក​ជំទាវ Liurka Rodríguez Barrios ​ឯក​អគ្គរដ្ឋ​ទូត​គុយបា ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ។

ឯកឧត្តម ស សុខា បាន​លើក​ឡើង​ពី​ការ​ចុះ​អនុស្សារណយោគយល់គ្នា រវាង​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល​ទាំង​២កន្លងមក លើ​គ្រប់​វិស័យ ក្នុងនោះពង្រឹងលើវិស័យកីឡាដែរ ដោយ​ប្រទេស​ទាំង​ពីរ ធ្លាប់​មាន​កិច្ច​សហការ​ល្អ​រួច​មក​ហើយ លើ​ទំនាក់ទំនង​វិស័យ​កីឡានេះ ​ជាក់ស្ដែងគុយបា បាន​ផ្ដល់​មន្ដ្រី​បច្ចេកទេស និងគ្រូ មក​ជួយដល់វិស័យកីឡាកម្ពុជា មួយចំនួនមកហើយ ដូចជា​កីឡា​ប្រដាល់​សកល បាល់ទះ និង​កីឡា​មួយ​ចំនួនទៀត។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ​ដែរ ឯកឧត្តម ស សុខា ក្នុង​នាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្នើ​សុំ​ទៅ​កាន់​ភាគី​គុយបា មួយ​ចំនួន​ដូចជា៖
-នៅ​សល់​មិន​ដល់​២០០​ថ្ងៃ​ទៀត​ទេ កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ហើយ។ កម្ពុជា ដាក់​ផែនការ​យក​មេដាយ​សរុប​ពាក់កណ្ដាល​តារាង​នៃ​ប្រទេស​ជា​សមាជិក។ ដូច្នេះ​ស្នើសុំ​ប្រទេស​គុយបា ជួយ​ជំរុញ​និង​គាំទ្រ​លើ​គ្រប់​រូបភាព​សម្រាប់​វិស័យ​កីឡា​នៅ​កម្ពុជា និង​ជួយ​ការងារ​បន្ទាន់ៗ​មុន​ស៊ីហ្គេម​២០២៣ តាម​អាច​ធ្វើ​ទៅ​បាន។

-ដូចមាន​ក្នុង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​វិទ្យាស្ថាន​ជាតិ​កីឡា អប់រំកាយ​និង​ការ​លេង​កម្សាន្ត នៃ​សាធារណរដ្ឋ​គុយបា នា​ថ្ងៃ​ទី​៤ ខែ តុលា ឆ្នាំ​២០២២ ថ្មីៗនេះ សូម​ស្នើ​ភាគី​គុយបា ពន្លឿន​ការងារ​ជួយ​រៀបចំ​មជ្ឍមណ្ឌល​កីឡាករ​កម្ពុជា ប្រហាក់ប្រហែល​គុយបា និង​ជួយ​បញ្ជូន​មន្រ្តី​មក​រៀបចំ​មុន​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាងមុខ។

-សូម​ស្នើសុំ​អាហារូបករណ៍​បន្ថែម តាម​ដែល​រដ្ឋាភិបាល​គុយបា អាច​ផ្តល់​ជូន​បាន​សម្រាប់​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​កីឡា​និង​វិស័យ​អប់រំ ដូច​ដែល​ធ្លាប់​ផ្ដល់​ជូន​ដល់​កម្ពុជា នាពេល​កន្លង​មក។ មុខ​វិជ្ជា​វិទ្យាសាស្ត្រ​កីឡា​​ ជា​អាទិភាព​និង​ចាំបាច់​បំផុត​មួយ សម្រាប់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ស្មើមុខស្មើមាត់​ក្នុង​តំបន់​អាស៊ី និង​អន្តរជាតិ។

-តាម​ដឹង​​មក​ប្រទេស​គុយបា មាន​ប្រភេទ​កីឡា​ខ្លាំងៗ​របស់​ខ្លួន​ដូចជា បេសស្បល ប្រដាល់​សាកល បាល់ទះ ចំបាប់ បាល់បោះ និង​ទូក​ក្តោង ជា​ដើម។ ស្នើ​ឱ្យ​គុយបា​ ជួយ​ពង្រឹង​បន្ថែម​លើ​វិស័យ​កីឡា ដែល​ជា​ភាព​ខ្លាំង​របស់​គុយបា ដល់​កម្ពុជា នាពេល​បច្ចុប្បន្ន​និង​ថ្ងៃ​អនាគត​ខាង​មុខ​ដ៏​ខ្លី៕

Share.