កម្លាំងជាង១ម៉ឺននាក់នឹងត្រូវដាក់ពង្រាយដើម្បីបំពេញភារកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និ​​ង​ទី​៤​១  និងកិច្ច​ប្រជុំ​ពា​ក់​ព័​ន្ធ ចាប់​ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមឯកឧត្ដម ឧត្ដមសេ​នី​យ៍​ឯ​ក ឆា​យ គឹមខឿន អគ្គស្នងការរង​ន​គ​រ​បា​ល​ជាតិ។

បើតាមឯកឧត្ដម ឆាយ គឹមខឿន ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កងកម្លាំងទាំងអស់នោះ ត្រូវបានដាក់ផែនការយ៉ាងលម្អិតលើការងារសន្តិសុខ សណ្ដាប់​ធ្នាប់នៅតាមបណ្ដាគោលដៅសំខាន់ៗ មានជាអាទិ៍ គោលដៅភ្ញៀវអន្តរជាតិឆ្លងកាត់ ស្នាក់នៅ និងប្រារព្ធ​កម្មវិធីផ្សេងៗទៅតាមព្រឹត្តិកា​រណ៍​នៃកិ​ច្ច​ប្រ​ជុំ​កំពូលអាស៊ាន និងកិច្ច​ប្រជុំ​ពា​ក់​ព័​ន្ធ​។

«អគ្គស្នង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ជាតិ បានសហការជាមួយ​ន​គ​រ​បា​ល​អ​ន្ត​រជាតិអាំងទែប៉ូល ស្ថា​ប័​ន​ន​គរបាលក្នុងតំបន់អាស៊ានប៉ូល ជាមួយការិយាល័យ FBI អគ្គស្នង​កា​រ​ដ្ឋាននគរ​បា​ល​ប្រ​ទេ​ស​សិ​ង្ហបុរី សហការជាមួយជប៉ុន  នគរបាលវៀតណាម នគរបាលចិន អូស្ត្រាលី និង​ដៃ​គូ​មួ​យ​ចំ​នួ​នទៀ​ត»។ អ្នកនាំពាក្យបានបន្ថែមយ៉ាងដូច្នេះ។

ឯកឧត្តមក៏បានឱ្យដឹងដែរថា អគ្គស្នងការដ្ឋាននគរ​បាលជាតិ ក៏ទទួលបានការគាំទ្រ និងសហការ​ក្នុ​ង​កា​រ​​ផ្លាស់ប្ដូរព័ត៌មានផ្នែកសន្តិសុខ ដើម្បីទ​ប់​ស្កា​ត់​នូវបញ្ហាភេរវកម្ម និងផ្លាស់ប្ដូរ​ព័​ត៌​មា​ន​ដែ​ល​ពា​ក់​ព័​ន្ធ​ដល់កិ​ច្ចកា​រពា​រដ​ល់កិ​ច្ចប្រ​ជុំ​កំ​ពូ​លអា​ស៊ា​ន រួមទាំងការសន្យាផ្ដល់បទពិសោធន៍ ផ្ដល់ការ​ប​ណ្តុះ​ប​ណា្ដល ដើ​ម្បីជួ​យគាំ​ទ្រដ​ល់កិ​ច្ចកា​រ​ពា​រ​កិ​ច្ចប្រជុំកំពូលអាស៊ាននេះ។

អគ្គស្នង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ជាតិ ​ទ​ទួលបាន​ការ​គាំទ្រ​ផ្នែក​មធ្យោ​បា​​យ​សម្ភារ មួយចំនួន ដូចជា ម៉ាស៊ីន X-Ray ក្លោងទ្វារសុវ​ត្ថិ​ភា​ព​ រថយន្តនាំក្បួន រថយ​​ន្ត​កា​រ​ពា​រ​គ្រា​ប់ រថយន្តដឹកកម្លាំង ម៉ូតូហែអម ម៉ូតូល្បាត ឧបករណ៍​ស​ម្ភា​រ ត្រួត​ពិ​និ​ត្យ​ជា​តិ​ពុ​ល​ជា​តិ​ផ្ទុះ​ជា​ដើម។ សម្រាប់ជំនួយទាំងអស់នោះ គឺមានភាគី ជប៉ុន វៀតណាម និងចិន ដែលបាន​ជួយគាំទ្រ៕

Share.