លោក Rishi Sunak ជាបេក្ខភាពមួយរូបដែលអាចក្លាយទៅជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Boris Johnson បានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងយកតំណែង កាលពីថ្ងៃ អាទិត្យ ទី ២៣ ខែ តុលា ដោយនិយាយថា ទោះបីជាលោកមានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា ដើម្បីបន្ដឆ្លងទៅដំណាក់កាលបន្ទាប់ ក៏ប៉ុន្ដែសំឡេងគាំទ្រនោះគឺតិចជាងឆ្ងាយ បើធៀបជាមួយសំឡេងគាំទ្រ របស់អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Rishi Sunak។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ២៤ ខែ តុលា ឆ្នាំ ២០២២។

លោក Johnson បានទៅផ្ទះលំហែកាយនៅការ៉ាប៊ីន ដើម្បីព្យាយាមធានាការគាំទ្រពីសមាជិកសភា ១០០នាក់ ដើម្បីចូលប្រកួតប្រជែងនាថ្ងៃ ច័ន្ទ ដើម្បីជំនួសតំណែងលោកស្រី Liz Truss ដែលជាអ្នកស្នងតំណែងរបស់លោកកាលពីខែ កញ្ញា បន្ទាប់ពីលោក Johnson ត្រូវបានគេបង្ខំឲ្យលាឈប់ពីតំណែងដោយសាររឿងអាស្រូវជាច្រើន។

លោក Johnson បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា «ខ្ញុំមានឱកាសអាចនឹងទទួលបានជោគជ័យក្នុងដំណាក់កាលបោះឆ្នោត ពីសំណាក់សមាជិកបក្សអភិរក្សនិយម ហើយត្រឡប់មកការិយាល័យ Downing Street វិញ។ ប៉ុន្ដែគាត់បានបរាជ័យក្នុងការបញ្ចុះបញ្ចូល លោក Sunak ឬ អ្នកប្រកួតប្រជែងផ្សេងទៀតឲ្យមករួមគ្នាដើម្បីផលប្រយោជន៍ជាតិ»។

លោក Johnson បានចំណាយពេលចុងសប្ដាហ៍ ព្យាយាមបញ្ចុះបញ្ចូលសមាជិកសភាបក្សអភិរក្សនិយមឲ្យផ្ដល់ការគាំទ្រចំពោះរូបលោក ហើយកាលពីថ្ងៃអាទិត្យ លោកបានអះអាងថា រូបលោកទទួលបានការគាំទ្រពីពួកគេចំនួន ១២០នាក់។ ប្រសិនបើលោកមិនដកខ្លួនចេញដូចខាងលើនោះនៅថ្ងៃ ច័ន្ទ សប្ដាហ៍នេះទេ លោកនឹងត្រូវប្រជែងតទល់គ្នាជាមួយលោក Sunak ក្នុងការបោះឆ្នោតពីសំណាកសមាជិកប្រហែល ១៧០,០០០នាក់ នៃបក្សអភិរក្សនិយម។

ដោយឡែកលោក Sunak វិញទទួលបានសំឡេងគាំទ្រពីសមាជិកសភាចំនួន ១៤២នាក់ គិតត្រឹមថ្ងៃ អាទិត្យ សប្ដាហ៍មុន ដែលចំនួនគាំទ្រនេះគឺខ្ពស់ជាងសំឡេងគាំទ្ររបស់លោក Johnson។ លោក Sunak នឹងត្រូវជាប់ជាប្រធានគណបក្សអភិរក្សនិយម ហើយក្លាយជានាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសថ្មីនៅថ្ងៃ ច័ន្ទ នេះតែម្ដង លុះត្រាតែបេក្ខជនម្នាក់ទៀតគឺ លោកស្រី Penny Morduant អាចទទួលបានសំឡេងគាំទ្រចាប់ពី ១០០នាក់ឡើងទៅ ដើម្បីបង្ខំឲ្យមានការបោះឆ្នោតដំណាក់កាលបន្ទាប់ ប៉ុន្ដែកាលពីថ្ងៃ អាទិត្យ លោកស្រីមានអ្នកប្រកាសគាំទ្រត្រឹម ២៤នាក់ប៉ុណ្ណោះ៕

ប្រភព៖ CNA

Share.