ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋប្រមាណ៥០គ្រួសារតំណាងអោយប្រជាពលរដ្ឋជាង៨០គ្រួសារ ដែលកំពុងរស់នៅអាស្រ័យផលស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលពីមុនស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ បានស្នើសុំអាជ្ញាធរដែនដី ថ្នាក់ភូមិ ឃុំ និង ស្រុក មេត្តាចុះមកពិនិត្យជាក់ស្តែងនៃការរស់នៅរបស់ពួកគាត់ ដើម្បីពួកគាត់អាចទទួលបានប័ណ្ណកម្មសិទ្ឋស្របច្បាប់ ដូចប្រជាពលរដ្ឋដ៏ទៃ។

ពលរដ្ឋមួយរូបវ័យជាង៦០ឆ្នាំ ដែលជាប្រជាពលរដ្ឋវ័យចំណាស់ម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង៨០គ្រួសារបាន ស្នើយ៉ាងទទួចដល់អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ ដែលជាអាណាព្យាបាល ជាម៉ែឪរបស់ពួកគាត់ សូមមេត្តា ជួយ សម្រួល ដល់ពួកគាត់ផង ដើម្បីពួកគាត់ទទួលបាននូវប័ណ្ណកម្មសិទ្ឋស្របច្បាប់ ដូចប្រជាពលរដ្ឋដ៏ទៃ។

ប្រភពដ៏ដែលបានបញ្ជាក់បន្ថែមថា ចំពោះបញ្ហាការដាក់ពាក្យស្នើស៊ុនេះ ពួកគាត់បានដាក់ពាក្យជាច្រើនលើកច្រើនសាររួចមកហើយ តាំងពីក្រោយពួកគាត់បានកាត់ចេញពីឃុំជើងគោ ស្រុកព្រៃនប់ មកស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដោយកាលនោះក្នុងកំឡុងឆ្នាំ១៩៩៦ដល់ត្រឹមឆ្នាំ២០១៤ ពួគគាត់មានការទទួលស្គាល់ពីអាជ្ញាធរឃុំជើងគោ ហើយនៅក្រោយឆ្នាំ២០១៤ រាល់ពេលមានការបោះឆ្នោត ពួកគាត់បានមកចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំទំនប់ រហូតបច្ចុប្បន្ន។

ដោយឡែកប្រជាពលរដ្ឋផ្សេងៗទៀត បានបង្ហាញអារម្មណ៍ ស្រដៀងគ្នាថា ចំពោះមូលហេតុដែលពួកគាត់មកជួបជុំគ្នានេះ គឺសុំអោយអាជ្ញាធរដែនដី ជម្រះនូវមន្ទិលសង្ស័យ ដោយស្នើអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ចុះមកពិនិត្យលើការរស់នៅអាស្រ័យផលជាក់ស្តែង ថាតើពួកគាត់អាចទទួលបាននូវប័ណ្ណកម្មសិទ្ឋដែរឬទេ ព្រោះមួយរយះចុងក្រោយនេះ គ្រប់ពេលដែលពួកគាត់សាកសួរ ជុំវិញការចេញប័ណ្ណសិទ្ឋនេះអាជ្ញាធរពាក់ព័ន្ឋបានឆ្លើយ របៀបស្រពិចស្រពិល ដោយអ្នកខ្លះថា ដីនេះស្ថិតក្នុងដែនសហគមន៍ ឯមន្ត្រីខ្លះឆ្លើយថាការរស់នៅលើដីចំណីព្រែក ឯមន្ត្រីខ្លះទៀតថា ពួកគាត់កំពុងរស់នៅលើដីកម្មសិទ្ឋអ្នកដ៏ទៃ ដោយពុំដែលចុះមកពិនិត្យម្តងណាសោះ។ សម្រាប់ពួកគាត់ដែលបានមកតាំងទីលំនៅទីតាំងចាប់តាំងពីឆ្នាំ១៩៩៦ ពួកគាត់មិនខ្លាចទទួលស្គាល់ការពិតម្តងណាឡើយ ព្រោះពួកគាត់បានដឹងយ៉ាងច្បាស់ថា ពួកគាត់ពិតជារស់នៅលើដីរបស់រដ្ឋពិតមែន ព្រោះពួកគាត់គ្មានទីលំនៅ។ បើរដ្ឋអំណាចឆ្លើយថាពួកគាត់មិនអាចរស់នៅលើនេះបានសូមអាជ្ញាធរដែនដីបកស្រាយអោយបានច្បាស់ ដើម្បីពួកគាត់ងាយស្រួលពួកគាត់ស្នើសុំក្តីសន្តោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរដល់ប្រជាពលរដ្ឋខ្វះខាតដូចពួគាត់។

ជុំវិញបញ្ហានេះ លោក គឹម ហាក់ ប្រធានភូមិ១ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ទីតាំងនេះ ស្ថិតក្នុងដែនដីសហគមន៏ ពុំអាចជនណាយកធ្វើជាកម្មសិទ្ឋបាននោះទេ។

លោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ បានអោយដឹងថា ចំពោះទីតាំងដីដែលប្រជាពលរដ្ឋស្នើស៊ុនេះ វាជាដីដែលពុំទាន់ច្បាស់លាស់ វានៅមានភាពស្រពិចស្រពិលជាមួយដីកម្មសិទ្ឋឯកជន របស់អ្នកដ៏ទៃ ដូចនេះរងចាំការពិនិត្យលើភាពជាក់ស្តែងអោយបានច្បាស់លាស់សិន។

ដោយឡែកយោងតាមប្រភព ពីមន្ត្រីសាលាស្រុកព្រៃនប់ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងថា ដីប្រជាពលរដ្ឋស្នើស៊ុចេញប័ណ្ណកម្មសិទ្ឋនេះ វាពុំមានការពាក់ព័ន្ឋជាដីកម្មសិទ្ឋឯកជន របស់អ្នកដ៏ទៃនោះទេ គឺអាចពាក់ព័ន្ឋតែជាមួយចំណីព្រែកតែប៉ុណ្ណោះ ព្រោះដីនោះមានព្រុំប្រទល់ច្បាស់លាស់ នឹងមានផ្លូវជាភ័ស្តុតាង៕

អត្ថបទ៖ ព្រះសីហនុ

Share.