គិតចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២១ ​មកដ​ល់​​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២២ នេះ​ បទ​ចម្រៀង ​ «Time To Rise» ​របស់​កំពូល​ Rapper ល្បី​កម្ពុជា និង​ព្រឹទ្ធាចារ្យ​ចាប៉ី គង់ ណៃ មាន​ចំនួន​ទស្សនា​លើស​១​០០​លាន​ដង​ហើយ​។ ប៉ុន្តែ​ហ្វេន​ៗ​របស់​ វណ្ណដា មានដឹង​ទេ​ថា​ នៅ​លើ​ឆាណែល​ផ្លូវ​ការ​របស់​វណ្ណាដា បទ​ចម្រៀង​ចំនួន​១១​បទ​ទៀត​របស់ Rapper រូប​នេះ​ ក៏​មាន​ការ​គាំទ្រ​និង​មាន​ប្រជាប្រិយខ្លាំង​ដូច​គ្នា​ដែរ​ ព្រោះ​​បទ​ចម្រៀង​ទាំង​អស់​នោះ​មាន​ចំនួន​ View លើស​ពី​២០​លាន​ដង​ហើយ​។ ចង់​ដឹង​ថាមាន​បទ​ចម្រៀង​ណា​ខ្លះ​តោះ​តាម​ដាន​ទាំងអស់​គ្នា​៖

១.QUEEN BEE – នារីជឿនលឿន បទ​ចម្រៀង​នេះ​បាន​បង្ហោះ​នៅ​លើ​ YouTube កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២១។ បទ​នេះ​មាន​ចំនួន​ទស្សនា ​24,920,876 ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២២។ បទ​ចម្រៀង​ចង្វាក់​សប្បាយ​ៗ​ស័ក្ដិសម​សម្រាប់វេលា​​ជិត​ដល់​​បុណ្យចូល​​ឆ្នាំប្រពៃណី​​ខ្មែរ។​ បទ​នេះ​ច្រៀង​​រៀបរាប់​ភាសាស្នេហាបែប​​លែបខាយចំពោះ​នារីទាន់​សម័យ​និយម​ ពី​​បុរស​ម្នាក់ដែល​តាំង​ខ្លួន​ជា​អ្នក​ស្នង​តន្ត្រី​បុរាណ​ខ្មែរ​។
២. Solo again [26,246,352 ] បង្ហោះ​ជា​ផ្លូវការ​នៅ​លើ​ឆាណែល​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មករា ឆ្នាំ​២០២២។ Solo Again គឺជា​បទ​ចម្រៀង​ Rap បរិយាយ​ពី​បុរស​ខូចចិត្ត​ ដែល​ទើប​បែកបាក់​ស្នេហា​ហើយ​ចង់​ចេញ​ទៅ​ក្រៅ​ស្វែងរក​នារី​មក​​ស្អំ​បេះដូង​។ បុរស​អភ័ព្វស្នេហា​ដែល​តែងតែបែកបាក់​ស្នេហ៍​ចំពេល​គេ​កំពុង​សប្បាយ​រីករាយ ពិសេស​​ក្នុង​វេលា​ដើម​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២។
៣. Start and Stop-ចាប់​ផ្ដើម​និង​បញ្ចប់​ [26,774,324] បទ​ចម្រៀង​ដែល​ចេញ​តាំង​ពី​ថ្ងៃ​ទី​២៨ មេសា ឆ្នាំ​២០១៨ នេះ​មាន​ចំនួន​ទស្សនា​ជាង​ ២៦ លាន​ដង​ គឺជាបទ​ចម្រៀង​រៀបរាប់​ពី​ការគិត​​​របស់​យុវជន​ម្នាក់​ដែល​គិត​ថាមិន​អាច​រក្សា​ស្នេហា​របស់​ខ្លួន​ តាំង​ពី​ការ​ចាប់​ផ្ដើម​ដំបូង។
៤. J+O – [27,823,004] បទ​ចម្រៀង​រ៉ែប​ អត្ថន័យឌឺដង​ចំពោះ​យុវជន​មួយ​ចំនួនបែប​ឈឺៗ​​​របស់​វណ្ណដា មួយ​នេះ​ គឺ​​ជា​បទ​ចម្រៀង​ទទួល​បាន​ការ​គាំទ្រយ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វេន​ទាំង​ជាតិ និង​អន្តរជាតិ​ ចាប់​តាំង​ពី​ថ្ងៃ​បង្ហោះ​នៅ​លើ​ YouTube កាល​ពី​ថ្ងៃ​ ៨ ខែ​កញ្ញា ឆ្នាំ​២០១៩។ បច្ចុប្បន្ន​បទ​នេះ​មាន​ចំនួន​ទស្សនា​នៅ​លើ​ YouTube កើន​ដល់​ជាង​២៧​លាន​ដង​ហើយ​។
៥. ស្រណោះ [28,300,702] បទ​ចម្រៀង​ចង្វាក់​សប្បាយ​ស្រប​នឹង​បរិយា​កាស​ជិត​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ប៉ុន្តែ​បទ​នេះ​រៀបរាប់​ពី​បុរស​ម្នាក់​​ត្អូញត្អែរ​ពី​រឿង​ស្នេហា​របស់​ខ្លួន​ដែល​ត្រូវ​សង្សារ​ក្បត់​ចិត្ត​ យ៉ាងណា​មិញ​គេ​មិន​បាន​យំស្រណោះស្រណោក​បោក​ខ្លួន​ស្ដាយ​មនុស្ស​ស្រី​សាវ៉ា​ក្បត់​ចិត្ត​ខ្លួន​ឡើយ​ ហើយ​បបួល​អ្នក​ស្ដាប់​មក​សប្បាយ​រាំ​ច្រៀង​​ចង្វាក់​ប្រពៃណី​ជាមួយ​គ្នា​។

៦. Hit The Road បទ​ចម្រៀង​ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​ឆាណែល​ YouTube កាលពី​ថ្ងៃ១៦ ខែ​មិថុនា ២០២០ គិត​មដល់​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២២ មាន​ចំនួន​ទស្សនា​29,086,541 ដង។ បទ​ចម្រៀង​ស្នេហា​ដ៏​សែន​ឈឺចាប់​រៀបរាប់​ពី​ការ​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ពី​បុរស​ដ៏​កម្សត់​ម្នាក់​ ដែល​ស្រែកដង្ហើយ​ចង់​ឱ្យ​នារី​ជា​ទី​ស្រលាញ់​លើក​ទូរសព្ទ​របស់​ខ្លួន​។ 

៧. Catch Me If You can [29,214,943] បទ​ចម្រៀង​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ នេះ​ ក៏​ស្ថិត​ក្នុង​ចំណោម​បទ​ចម្រៀង​ពេញ​និយម​​ មាន​ការ​គាំទ្រ​និង​មាន​ចំនួន​ទស្សនា​លើស​​២០​លាន​ដង​របស់​ វណ្ណដា ដូចគ្នា​ដែរ​។ បទ​ចម្រៀង​នេះ​ចេញ​មក​ភ្លាម​មាន​ YouTuber ទាំង​ជាតិ​និង​អន្តរជាតិ​ យក​ទៅ​ Reaction យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​កោត​សរសើរ​ថា​វណ្ណដាមិន​ដាច់​ពី​មាត់​។ បទ​​ដែល​មាន​ចំនួន​ទស្សនា​ជិត​៣០​លាន​ដង​នេះ​ ​ក៏​ជា​បទ​ដែល​នៅ​ចុង​ក្រោយ​មាន​បញ្ចេញ​តម្រុយ​បទ​ចម្រៀង​ Skull 2 របស់​វណ្ណដាផង​ដែរ។
៨. Move On [31,082,312] បទ​ចម្រៀង​ស្នេហា​ឈឺចាប់​ដ៏​កម្សត់​របស់​វណ្ណដា ដែល​ច្រៀង​រៀបរាប់​ពី​ក្ដី​ស្នេហា​ស្មោះ​របស់​ខ្លួន​ចំពោះ​នារី​ម្នាក់​ ប៉ុន្តែ​នាង​​កំពុង​តែ​ជ្រើសរើស​យក​បុរស​ម្នាក់​ផ្សេង​ទៀត​មក​ធ្វើ​ជា​គូ​ស្នេហ៍​ជំនួសខ្លួន​។ ប៉ុន្តែ​បទ​ចម្រៀង​នេះក៏​មាន​បង្កប់​នូវ​ការ​អប់​រំ​ឱ្យ​មនុស្ស​ដែល​មាន​ស្នេហា​ទាំង​អស់​គួរ​តែ​រឹងមាំ​ហើយ​តាំង​ជំហរ​ដោយ​ខ្លួន​ឯង​ និង​កុំ​អស់​សង្ឃឹម​និង​ចុះចាញ់ព្រោះ​តែ​ស្នេហា​។
៩. J+O Remix  J+O (Remix) ft. Reezy & Khmer1jivit [33,634,286] បទ​ចម្រៀង​រ៉ែបបែប​ Remix J+O បទចម្រៀង​ចាស់​ Arrange ថ្មី​សមិទ្ធិផល​រួម​គ្នា​រវាង​ Vannda , Reezy និង​ខ្មែរ​មួយ​ជីវិត​បង្ហោះ​កាល​ពី​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ​២០១៩ ពោល​គឺ​ជិត​មួយ​ឆ្នាំ​ក្រោយ​ J+O បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​។
១០. Born This Way [39,068,965] បទ​ចម្រៀង​ដែល​រៀបរាប់​ពី​ខ្សែ​ជីវិត​របស់​អ្នកកំលោះ​ Rapper មក​ពីទឹក​ដី​នៃ​ខេត្តព្រះសីហនុ​រូប​នេះ​ ក៏​ជា​បទ​ចម្រៀង​ដែល​ឆក់​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​គាំទ្រ​ដែរ​ ព្រោះ​ហ្វេន​បាន​ស្ដាប់​បទ​ចម្រៀង​ដែល​ពីរោះ​ មាន​អត្ថន័យ​អប់រំ​ និង​បាន​ដឹង​ពី​រឿងរ៉ាវ​ជីវិត​ខ្លះៗ​របស់​អាយដលដែល​ខ្លួន​គាំទ្រ​ទៀត​ផង​។ បទ​ចម្រៀង​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​មករា ឆ្នាំ​២០២២ នេះ​មាន​ចំនួន​ទស្សនា​នៅ​លើ​ឆាណែល​យូធូប​ជិត​៤០​លាន​ដង​ហើយ​។
១១. ម្ដាយ-MAMA Ft. ក្មេងខ្មែរ​ [73,771,825] បទ​ចម្រៀង​ដែលគ្រាន់​តែ​ស្ដាប់​ភ្លេង​ក៏​មាន​អារម្មណ៍​ថា​សោក​សៅ​រួច​ស្រេច​ទៅ​ហើយ​នេះ​ គឺជា​បទ​ចម្រៀង​ដែល​រៀបរាប់​ពី​អារម្មណ៍​​នឹក​របស់​កូន​ៗ​ដែល​ត្រូវ​ឃ្លាត​ឆ្ងាយ​ផ្ទះ​ ឃ្លាត​ឆ្ងាយ​អ្នក​មាន​គុណ​ មក​ដើរ​តាម​ក្ដី​ស្រមៃ​លើ​វិថី​សិល្បៈ​។ មួយ​វិញ​ទៀត​បទ​នេះ​ក៏​ជា​បទ​ដែល​ទាំង​ វណ្ណដា និង​ក្មេង​ខ្មែរ ចង់​អរគុណ​ដល់​​គ្រួសារ​មាន​លោក​ឪពុក​និង​អ្នក​ម្ដាយ​ដែល​ស្រលាញ់​ខ្លួន​ យល់​ពី​ខ្លួន​ និង​ គាំទ្រ​ខ្លួន​ ហើយ​ព្រម​ឱ្យ​ខ្លួន​អាច​ដើរ​តាម​ក្ដី​ស្រមៃ​លើ​វិថី​តន្ត្រី​
១២. Time To Rise [100,099,547] គ្រាន់​តែ​ចេញ​បទ​នេះ​ភ្លាម​ សាធារណជន​បាន​កោតសរសើរ​ចំពោះ​វណ្ណដា​គ្រប់​គ្នា ​ដែល​​យុវជន​រូប​នេះ​ចេះ​មាន​គំនិត​បង្កើត​ចម្រៀង​សម័យ​លាយ​បញ្ចូល​ជាមួយ ​នឹង​ឧបករណ៍​ភ្លេង​បុរាណ​ ដែល​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ អភិរក្ស​និង​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ​ ពិសេស​ចម្រៀង​ចាប៉ី​ឱ្យ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ក៏​ដូច​ជាបញ្ជ្រាប​ឱ្យ​​អ្នក​គាំទ្រ​ជាតិសាសន៍​ដទៃ​​​បាន​ជ្រួតជ្រាប​ពី​សិល្បៈ​វប្បធម៌​បុរាណ​របស់​ដូន​ខ្មែរ​ ដែល​មាន​អាយុកាល​ចំណាស់​បំផុត​មួយនៅ​អាស៊ី​។ គិត​មក​ដល់​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២២​នេះ Time To Rise ​មាន​​ចំនួន​ទស្សនា​ជាង​១០០​លាន​ដង​ហើយ​នៅ​ឆាណែល​យូធូប​របស់​ វណ្ណដា​៕
តើ​អ្នក​ទាំង​អស់​គ្នា​បាន​ស្ដាប់​បទ​ចម្រៀង​ណា​ខ្លះ​ដែរ​ក្នុង​ចំណោម​បទ​ទាំង​១២​ខាង​លើ​នេះ​?
Share.