បាត់ដំបង÷ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងភូមិចកកាប់ជើង ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយណែនាំដល់បងប្អូនប្រជាកសិករ ដើម្បីទទួលបានប្រាក់ចំណេញក្នុងការងារដាំដុះដំណាំស្រូវ ត្រូវងាកមកអនុវត្តជាមួយកត្តាធំៗចំនួនបីរួមមាន: ១កាត់បន្ថយថ្លៃដើម ២ស្រូវមានគុណភាពល្អ និង៣ ស្រូវមានតម្លៃខ្ពស់ក្នុងទីផ្សារ។

ឯកឧត្តមបណ្ឌិត ងិន ឆាយ បន្តថា ការកាត់បន្ថយថ្លៃដើម បងប្អូនប្រជាកសិករគប្បីចេះជ្រើសរើសពូជសុទ្ធល្អ ដាំដុះរយ:ពេលខ្លី នោះកសិករនឹងចំណេញពេលវេលា ចំណេញទឹកស្រោចស្រព កម្រៃប្រើថ្នាំកម្ចាត់សត្វល្អិត ចំណេញទាំងការប្រើប្រាស់ជីច្រើន រួមទាំងមានកិច្ចសហការជិតស្និតរវាងមន្ត្រីនៃមន្ទីរកសិកម្ម និងកសិករ ឬមានកិច្ចសន្យាច្បាស់លាស់រវាងសហគមន៍កសិករ ជាមួយនឹងឈ្មួញអ្នកផលិតពូជជាដើម (តាមការសិក្សាការប្រើពូជសុទ្ធ បានផ្តល់ទិន្នផលកើនឡើងខ្ពស់ពី ១៥ ទៅ២០%)។

បរិមាណគ្រាប់ពូជដែលត្រូវដាំដុះ ត្រូវជាពូជសុទ្ធដែលមានដំណុះខ្ពស់ ពូជមានអាយុកាលខ្លី បរិមាណពូជក្នុងការព្រោះសមស្របមិនប្រើច្រើនពេក តាមបច្ចេកទេសកសិកម្ម ដើម្បីឲ្យស្រូវមានផលខ្ពស់អាស្រ័យលើកត្តាបី ដូចជា ចំនួនដើមផ្តល់ផលច្រើន ចំនួនកួរស្រូវច្រើនក្នុងមួយដើមៗ និងគ្រាប់ស្រូវមានទម្ងន់ធ្ងន់ ដូចនេះមានន័យថា ការប្រើគ្រាប់ពូជច្រើនលើសលប់មិនប្រាកដថាបានផល និងចំណេញច្រើននោះឡើយ ដូចគ្នាដែរចំណែកឯជីក៏ត្រូវកាត់បន្ថយអំឡុងពេលស្រូវជិតប្រមូលផលមិនត្រូវប្រើច្រើនពេកនោះទេព្រោះស្រូវស្រូបជីមិនអស់សល់ចោលនៅក្នុងដី។

មន្ត្រីជំនាញដដែលបានបញ្ជាក់ទៀតថា ការកាត់បន្ថយមួយផ្នែកទៀតលើការបាញ់ថ្នាំកម្ចាត់ស្មៅ កម្ចាត់សត្វល្អិតជាដើម ក៏ជាចំណុចដែលកសិករត្រូវចំណាយលុយច្រើន ពិសេសស្រូវមានជម្ងឺក្រាស៊ីដើម ត្រូវទៅពិគ្រោះជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យប្រភេទជម្ងឺឲ្យបានច្បាស់លាស់រួចប្រើប្រាស់ថ្នាំបាញ់ទប់ស្កាត់ឲ្យចំគោលដៅ តែគួរប្រយ័ត្នចំពោះអ្នកលក់ឯកជនដែលចេះតែសន្និដ្ឋានមិនមានមូលដ្ឋានត្រឹមត្រូវនាំកសិករអនុវត្តតាមទិញថ្នាំច្រើនមុខប្រើប្រាស់មិនបានកាត់បន្ថយថ្លៃដើម៕

អត្ថបទ៖​ ដំបងក្រញូង

Share.