ជនសង្ស័យម្នាក់ដែលទើបចេញពីពន្ធនាគារ បានជួយរកកន្លែងបញ្ចាំម៉ូតូឲ្យជនរងគ្រោះ ប៉ុន្ដែបែរជាបើល្បិចចងស៊ីដាច់ម៉ូតូទៅវិញ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ដែលករណីជាប់ពាក់ព័ន្ធនឹងបទ រំលោភលើសេចក្ដីទុកចិត្ត។​ ហេតុការណ៍កើតឡើងនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែតុលា ២០២២។

ជនសង្ស័យមានឈ្មោះ តែម វ៉ាន់ឌី ហៅដេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ឯជនរងគ្រោះ ប៉ែន សាប៊ុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ-សង្កាត់កើតហេតុ មុខរបរ បិតតែមម៉ូតូ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ទើបចេញពីពន្ធនាគារ​ខេត្តកណ្ដាលឆ្នាំ ២០២១ ករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់។ ប៉ុន្ដែជនសង្ស័យមិនរាងចាលទេ ចេញមកវិញនូវតែប្រព្រឹត្តិសកម្មភាពល្មើសច្បាប់ ដោយថានឹងជួយរកកន្លែងបញ្ចាំម៉ូតូឲ្យជនរងគ្រោះ តែផ្ទុយទៅវិញបែរជាយកទៅបាត់។

ចំពោះដំណើររឿងលម្អិត នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានសរសេរថា      កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានមកលេងមិត្តភ័ក្ដ នៅក្នុងភូមិព្រែកតាពៅ១ ជួនពេលនោះក៏ជួប និងជនរងគ្រោះ កំពុងឈរនិយាយជាមួយមិត្តភ័ក្ត រឿងចង់ដាក់បញ្ចាំម៉ូតូព្រោះត្រូវការលុយ ហើយរកកន្លែងបញ្ចាំមិនបាន ព្រោះគេបិទអស់ហើយ នៅពេលនោះជនសង្ស័យបានឆ្លើយកាត់ថាគាត់ស្គាល់កន្លែងបញ្ចាំមួយគេនៅបើកនៅឡើយ នៅម្តុំវត្តព្រែកថ្មី ខណ្ឌច្បារអំពៅ គាត់ធានាបញ្ចាំបាន ហើយធានាជូនទៅ ។ បន្ទាប់មកជនរងគ្រោះក៏បានពឹងឲ្យជនសង្ស័យជូនទៅ តែជនរងគ្រោះមិនបានទៅជាមួយទេ ក៏បានឲ្យមិត្ត ០២នាក់ទៀតជិះទៅជាមួយ ។

លុះជិះជិតដល់ផ្លូវវត្តព្រែកថ្មី ម៉ូតូបែកកង់មុខ ក៏បានទំលាក់មិត្ត ០២នាក់ នោះចុះ ហើយជនសង្ស័យក៏ជិះម៉ូតូរបស់ជនរងគ្រោះដើររកកន្លែងប៉ះ ហើយក៏ជិះយកទៅបាត់រហូតតែម្តង។ ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមករហូតដល់ថ្ងៃទី២៣ តុលា ២០២២ ក៏ត្រូវកម្លាំងផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍រកាខ្ពស់ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន យកមកសាកសួរដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

ត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.