អាជ្ញាធរបាននិយាយនៅថ្ងៃ ច័ន្ទ នេះថា យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានរអិលធ្លាក់ពីលើផ្លូវ ពេលកំពុងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Mactan-Cebu ក្នុងប្រទេសហ្វីលីពីន ដែលបានធ្វើឲ្យមនុស្សមួយចំនួនរបួសស្រាល និង ផ្អាកប្រតិបត្តិការអាកាសយានដ្ឋានជាបណ្ដោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ២៤ ខែ តុលា ឆ្នាំ ២០២២។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បាននិយាយនៅក្នុងរបាយការណ៍មួយថា អ្នកដំណើរ និង នាវិកទាំងអស់ ១៧៣នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ Korean Air ជើងហោះហើរ KE631 ហោះចេញពីទីក្រុង Incheon ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ចេញពីយន្ដហោះ Airbus A330 ដែលបានរអិលចេញពីផ្លូវរត់កាលពីថ្ងៃ អាទិត្យ សប្ដាហ៍មុននេះ។

អ្នកដែលរងរបួសស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិករបស់អាកាសយានដ្ឋានផ្ទាល់។

លោក Glenn Napuli ជំនួយការអ្នកគ្រប់គ្រងអាកាសយានដ្ឋានបាននិយាយថា អាកាសយានដ្ឋាននឹងត្រូវផ្អាកប្រតិបត្តិការបណ្ដោះអាសន្នសិន ខណៈអាជ្ញាធរកំពុងធ្វើការដើម្បីព្យាយាម ឲ្យមានប្រតិបត្តិការជើងហោះហើរឡើងវិញឆាប់ៗ។

លោក Napuli បាននិយាយក្នុងសន្និសីទខ្លីមួយថា «យើងសង្ឃឹមថា នៅថ្ងៃស្អែកយើងអាចយកយន្ដហោះនោះចេញពីទីនេះ»។ ទន្ទឹមនោះ ការស៊ើបអង្កេតក៏កំពុងប្រព្រឹត្តទៅផងដែរ ជុំវិញមូលហេតុនៃគ្រោះថ្នាក់នេះ។

ប្រធានក្រុមហ៊ុនអាកាសចរណ៍ Korean Air លោក Woo Kee-hong បានសុំទោសចំពោះឧប្បត្តិហេតុនេះ ហើយបានប្ដេជ្ញាថានឹងមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីអាជ្ញាធរហ្វីលីពីន និង កូរ៉េ។

លោក Woo បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុនថា «យើងតែងតែផ្ដល់អាទិភាពដល់សុវត្ថិភាពក្នុងប្រតិបត្តិការទាំងអស់របស់យើង ហើយយើងពិតជាសោកស្ដាយចំពោះភាពតានតឹង និង ការរអាក់រអួល ទាំងនេះ»។

សូមជម្រាបថា ក្នុងឆ្នាំ ២០១៨ យន្ដហោះចិន Xiamen Airline បានរអិលធ្លាក់ពីលើផ្លូវរត់នៅឯអាកាសយានដ្ឋានទីក្រុង ម៉ានីល ដោយបង្ខំឲ្យមានការលុបចោលជើងហោះហើរខ្ទង់ ១០០ជើង ត្រូវលុបចោល រហូតដល់យន្ដហោះនេះ ត្រូវបានយកចេញពីទីនោះអស់រយៈពេល ១ថ្ងៃកន្លះ៕

ប្រភព៖ CNA

Share.