នៅពេលកម្ពុជាត្រូវទទួលប្រតិភូបរទេសមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ រាជធានីភ្នំពេញបានស្នើសុំការចូលរួមគាំទ្រពីប្រជាពលរដ្ឋរស់នៅរាជនីភ្នំពេញដើម្បីគាំទ្រឱ្យកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។ រដ្ឋបាលរាជធានីភ្នំពេញ បានសំណូមពរប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញចូលរួមអនុវត្តតាមការណែនាំ៤ចំណុច។

ទីមួយ សាលារាជធានី ស្នើពលរដ្ឋរៀបចំបោសសម្អាត ធ្វើអនាម័យបរិស្ថាន និងរបៀបរៀបរយនៅទីធ្លាមុខផ្ទះ ព្រមទាំងរៀបចំលម្អសោភ័ណភាពផ្ទះឱ្យបានស្អាត ជាពិសេសបោសសម្អាត ប្រមូល និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវកុំទុកចោលនៅមុខផ្ទះ ដោយត្រូវរង់ចាំបញ្ចេញសំរាមនៅពេលសេវាកម្មរថយន្តប្រមូល និងដឹកជញ្ជូនសំរាមមកទទួលយកសំរាមទាំងនោះតាមកម្មវិធីពេលវេលាដែលបានកំណត់។

ចំណែកទី២វិញ រដ្ឋបាលរាជធានី សុំឱ្យពលរដ្ឋរៀបចំដាក់ដងទង់ជាតិ និងចងទង់ជាតិនៅមុខផ្ទះឱ្យបានត្រឹមត្រូវមានរបៀបរៀបរយល្អ ជាពិសេសត្រូវពិនិត្យមើលក្រណាត់ទង់ជាតិដែលស្អាតល្អមិនមានរហែក ឬស្លក់ពណ៌ ដើម្បីបង្ហាញអត្តសញ្ញាណជាតិក្នុងការលើកកម្ពស់កិត្យានុភាពជាតិសក្ដិសមជាប្រជាជាតិមួយដែលមានវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់ សម្រាប់ចូលរួមអបអរសាទរដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ។

«ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសាងសង់សំណង់នានា ដែលស្ថិតនៅអមតាមដងផ្លូវសាធារណៈទាំងអស់សូមចូលរួមរៀបចំធ្វើរបងបិទបាំងនៅមុខទីតាំងដីទំនេរ និងរបងហ៊ុព័ទ្ធការដ្ឋានរបស់ខ្លួន ដោយកែលម្អឱ្យមានសោភ័ណភាពរបៀបរៀបរយ និងអនាម័យបរិស្ថាន ឱ្យបានល្អប្រសើរ»។ ភ្ជាប់ដោយការស្នើសុំក្នុងចំណុចទី៣នេះ សាលារាជធានី បន្តសុំឱ្យម្ចាស់ការដ្ឋានសាងសង់សំណង់នានាទាំងអស់ ត្រូវធ្វើការផ្អាកការសាងសង់ជាបណ្ដោះអាសន្ន នៅក្នុងអំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់។

ចំណុចចុងក្រោយ សាលារាជធានីបានស្នើសុំការយោគយល់អធ្យាស្រ័យ និងសូមអភ័យទោសទុកជាមុន ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដោយសារតែកិច្ចប្រជុំកំពូលអាស៊ាននេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវ រៀបចំកិច្ចសហការក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនគណ: ប្រតិភូជាតិ និងអន្តរជាតិ ដែលអាចមានការរំខាន និងកកស្ទះតាមដងផ្លូវមួយចំនួន។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំពាក់​ព័ន្ធ​បាន​រៀបចំ​នៅ​កម្ពុជា​ចាប់​តាំង​ពីខែមក​រា ឆ្នាំ ២០២២ ហើយ​បន្ត​រហូត​ដល់​ខែធ្នូ ឆ្នាំ​ ២០២២ ដោយ​មាន​កិច្ច​ប្រជុំ​សរុប​ប្រមាណ ​៥៤ ក្នុង​នោះ​កិច្ចប្រជុំធំ​ៗ​មាន​ ២ គឺ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ កាល​ពីខែ​មេសា ក្នុង​ក្របខ័ណ្ឌ​សមាជិក​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល អាស៊ាន​លើក​ទី​៤១ រៀប​ចំ​ក្នុង​ខែវិច្ឆិកាខាង​មុខ រវាង​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​​បណ្ដា​ប្រទេស​ដៃគូ រាប់តាំង​ពីចិន​ ជ​ប៉ុន​ អាមេរិក​ រុស្ស៊ី និង​សហ​ភាពអឺរ៉ុប​ជាដើ​ម​។

​បើតា​មអគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ មក​ដល់​ពេល​នេះ​មាន​គណៈប្រតិភូ​បរទេស​អញ្ជើញ​មក​​ចូលរួម​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំពាក់​ព័ន្ធ​ក្នុង​ឆ្នាំ​ ២០២២ ​នៅ​កម្ពុជា ប្រមាណ ​២៨ ​គណៈ​ប្រតិភូ​ ដូច​ជា​គណៈ​ប្រតិ​ភូប្រ​ទេសស​មាជិក​អាស៊ា​ន​ដោយមិន​រាប់កម្ពុជា ​គណៈប្រតិ​ភូលេខា​ធិការ​ដ្ឋាន​អាស៊ាន​ ​គណៈប្រ​តិភូ​ដៃគូ​ពិ​ភាក្សាប្រ​មា​ណ ១០ ​គណៈ​ប្រតិភូ​ទៀត ​និងគ​ណៈប្រតិភូ​ដៃគូអភិ​វឌ្ឍន៍​ រួ​មទាំ​ងវិ​ស័យ​ផ្សេងៗ​ប្រមា​ណ ៨ ទៀ​ត​៕

Share.