កណ្តាល ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយ ដឹកបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូឌុបគ្នា លឿនជ្រុលបុកចូលពីមុខរថយន្តបែនដឹកដី កាលពីវេលាម៉ោង១និង ៤០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវថ្មីឆ្ពោះទៅព្រលានថ្មី ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះទាំង៣នាក់ មានម្នាក់ដាក់អត្តសញ្ញាណតាមខ្លួន មានឈ្មោះ ខន សុខឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ក្រុម៨ ភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបែនដឹកដី ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0711 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-6385 ជិះឌុបគ្នាល្បឿនលឿនពីង្បូងទៅជើង ជ្រុលចូលបំណែកផ្លូវម្ខាង បុកចូលពីមុខរថយន្ត បណ្តាលឲ្យស្លាប់២នាក់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុ ជនរងគ្រោះ ទាំងអ្នកស្លាប់២នាក់ ទាំងជនរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ ជាអកុសលជនរងគ្រោះម្នាក់ បានស្លាប់ សរុបស្លាប់ទាំង៣នាក់ តំកល់ទុកនៅមន្ទីរពេទ្យ ដើម្បីរងចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖​តាតុងសែនជ័យ

Share.