អ្នកបើកយន្ដហោះចម្បាំងរុស្ស៊ី ២នាក់ បានបាត់បង់ជីវិត នៅពេលដែលយន្ដហោះចម្បាំងនោះបានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងទីក្រុង អៀរគូតស្កិ៍ (Irkutsk) ភាគខាងត្បូងនៃតំបន់ ស៊ីបេរី របស់ប្រទេស រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ច័ន្ទ ទី ២៤ ខែ តុលា ឆ្នាំ ២០២២។

វីដេអូនៃការធ្លាក់យន្ដហោះកាលពីថ្ងៃ អាទិត្យ បានបង្ហាញថា យន្ដហោះនេះបានហោះបញ្ឈរឡើងមុនពេលវាបុកអគារ ដោយបណ្ដាលឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ឡើងលើមេឃ។

អភិបាលក្រុង អៀរគូតស្កិ៍ (Irkutsk) លោក អ៉ីហ្គ័រ កូនហ្សេវ (Igor Kobzev) បានឲ្យដឹងថា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្ដហោះចម្បាំងប្រភេទ ស៊ូខូយ ស៊ូ-៣០ (Sukhoi Su-30) ១គ្រឿង ដែលស្ថិតក្នុងការហោះហើរសាកល្បងបានធ្លាក់ទៅបុកចំអគារលំនៅដ្ឋានមួយខ្នងដែលមានកម្ពស់ ២ជាន់។ លោកថា មានមនុស្ស ២គ្រួសារ ស្នាក់នៅក្នុងផ្ទះ ប៉ុន្ដែពួកគេមិនមានគ្រោះថ្នាក់អ្វីឡើយ។ គេបានឃើញរថយន្ដពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុ កំពុងធ្វើការពន្លត់អគ្គីភ័យ។

សូមជម្រាបថា នេះគឺជាការធ្លាក់យន្ដហោះចម្បាំងលើកទី២ហើយ ក្រោយមានការធ្លាក់យន្ដហោះចម្បាំង​ ស៊ូខូយ ស៊ូ-៣៤ ១គ្រឿង ធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានក្នុងទីក្រុង Yeysk កាលពី ១សប្ដាហ៍មុន ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់៕

ប្រភព៖ Aljazeera

Share.

Leave A Reply