គេអាចនិយាយបានថា នេះជាភាពយន្តទី ២ហើយ ដែលតារាសម្ដែងនិងជាពិធីការិនីល្បីឈ្មោះ គង់ ចាន់ស្រីមុំ បង្ហាញមុខក្នុងវិស័យភាពយន្តខ្មែរ។ ភាពយន្តថ្មីដែលទើបតែបង្ហាញ Poster នេះ មានចំណងជើងថា «លួចស្រឡាញ់អ្នកដទៃ» ជាការចាប់ដៃគ្នាសម្ដែងរវាងអ្នកនាង គង់ ចាន់ស្រីមុំ និងកំឡោះសង្ហា ពឹង ពុទ្ធិស័ក្ដិ។

កាលពីឆ្នាំ ២០២១ អ្នកនាង គង់ ចាន់ស្រីមុំ ធ្លាប់បានបង្ហាញមុខក្នុងភាពយន្តខ្មែរម្ដងហើយ ក្រោយចាកឆ្ងាយពីវិថីសិល្បៈសម្តែងរយៈពេលជាច្រើនឆ្នាំ និងជាការប្រកាសប្រាប់ថា អ្នកនាងផ្ដើមទទួលការសម្ដែងជាថ្មីម្ដងទៀត។ ភាពយន្តនោះមានចំណងជើងថា​ « រីករាយថ្ងៃកំណើត» បានចូលរួមសម្ដែងជាមួយតារាប្រុស ព្រីន ប៉ុន្តែមិនបានបញ្ចាំងនៅក្នុងរោងភាពយន្តទេ។

ថ្វីត្បិតតែ គង់ ចាន់ស្រីមុំ បានបាត់មុខពីការសម្តែងអស់មួយរយៈធំមកហើយទាំងការថត MV ចម្រៀង និងខ្សែភាពយន្តជាដើមនោះ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះមិនស្រុតចុះនោះឡើយ រក្សាបាននូវហ្វេនអ្នកគាំទ្ររបស់អ្នកនាងបានយ៉ាងច្រើននៅលើបណ្ដាញសង្គម។ ភាគច្រើនអ្នកនាងបន្តរក្សាប្រជាប្រិយភាពរបស់ខ្លួនតាមរយៈហ្វេនសិនប្លែកៗនៅលើហ្វេសប៊ុក បើទោះបីជាមានការទទូចឱ្យអ្នកនាងវិលមកប្រឡូកការសម្ដែងដូចមុន។ តែយ៉ាងណាមិញ លើកនេះជាការបំពេញបំណងហ្វេនជាលើកទីពីរហើយ តាមរយៈចំណងភាពយន្តថ្មីដែលគ្រោងនឹងបញ្ចាំងក្នុងពេលឆាប់ៗនេះ។

ចូលអាន៖ ស្អាត​ប្លែក​! មកុដ​«​ស៊ីរ៉ាំង​» និង​ឈុត​រ៉ូប​ធ្វើ​ពី​ «​ម៉ាស​» របស់​ គង់​ ចាន់​ស្រីមុំ​ គំនិត​ច្នៃ​ប្រឌិត​ថ្មី​ បំផុស​ពី​ការពារ​សុខភាព​

កន្លងមក អ្នកនាង គង់ ចាន់ស្រីមុំ បានប្រាប់អ្នកសារព័ត៌មានត្រយងកាលពីថ្ងៃសម្ពោធបទចម្រៀង «Top Of The Lady » របស់កញ្ញា ទេព បូព្រឹក្ស ថា អ្នកនាងរងចាំឱកាសពីផលិតករក្នុងការអញ្ជើញឱ្យទៅសម្ដែងភាពយន្តដែរ ក៏ប៉ុន្តែនៅមិនទាន់មានផលិតករទាក់ទងមកអ្នកនាង។ បើសម្ដែងជាភាពយន្តខ្នាតធំ ដែលមិនជារឿងភាគ អ្នកនាងអាចនឹងពិចារណាបានលឿនជាង ព្រោះអ្នកនាងក៏មិនសូវជាមានពេលគ្រប់គ្រាន់សម្រាប់ថតរឿងភាគនោះទេ។

គេជឿថា ការវិលមកវិស័យសម្ដែងភាពយន្តលើកនេះ មិនមែនព្រោះតែកម្រៃពីការថតដូចមុនទៀតឡើយ អាចមកពីទឹកចិត្តស្រឡាញ់របស់អ្នកនាងច្រើនជាង។ តារាសម្ដែងស្រីដែលមានជីវភាពសមប្រកបរូបនេះ រមែងប្រើជីវិតហាយសូឱ្យមហាជនបានឃើញនៅលើបណ្ដាញសង្គម មិនថាជិះរថយន្តទំនើបហើយរស់នៅក្នុងផ្ទះវីឡា ស្រីមុំមិនដែលលាក់បាំងភ្នែកហ្វេន។

គួររំលឹកថា កាលពី ៧-៨ ឆ្នាំមុន អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាស្រីម្នាក់ដែលមានឈ្មោះល្បីល្បាញខ្លាំង ទាំងការបង្ហាញមុខថតហ្វេសសិននៅលើក្របទស្សនាវដ្តី ការសម្តែងក្នុង MV ចម្រៀងបែបយុវវ័យច្រើនបទ ការសម្ដែងរឿងភាគ និងជាពិសេសនោះ គឺការសម្ដែងចាប់ដៃជាមួយស្វាមីអ្នកនាងគឺលោក គីម សីហា។ ហើយថ្មីៗនេះអ្នកនាងក៏ងាកមកចាប់ដៃសម្ដែងរឿងខ្លីជាមួយស្វាមីឱ្យមហាជនសើចសប្បាយផងដែរ៕

Share.