ឯកឧត្តម នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញណកម្ម បានឱ្យដឹងថាគិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង១២លាននាក់បានទទួលអត្តសញ្ញបណ្ណ ក្នុងនោះអត្តសញ្ញាណបណ្ណត្រូវផុតសុពលភាពនាចុងឆ្នាំ២០២២ មានជាង៨០ម៉ឺននាក់ ខណៈជាមធ្យមបានផ្ដល់អត្តសញ្ញាបណ្ណជូនពលរដ្ឋប្រមាណ៣ពាន់នាក់ក្នុងមួយថ្ងៃ។

ការថ្លែងឱ្យដឹងរបស់ឯកឧត្តម អគ្គនាយកអត្តសញ្ញាណកម្ម បានធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ នាឱកាសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីអត្តសញ្ញាណបណ្ណដែលផុតសុពលភាព នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាដោយមានការចាំបាច់ សម្ដេចបានស្នើបើកកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីស្ដាប់របាយការណ៍ និងរកដំណោះស្រាយ ប្រសិនបើមានបញ្ហាប្រឈម ទាក់ទងនឹងការផុតសុពលភាពអត្តសញ្ញាណបណ្ណ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងដំណើរការចុះឈ្មោះបោះឆ្នោត។

ចំនួនអត្តសញ្ញាណបណ្ណផុតសុពលភាព អាចបន្តកើនឡើងដលច្រើនជាង១លាននាក់ បើគិតដល់ខែកក្កដា ឆ្នាំ២០២៣ និងថាក្នុងចំណោមប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ណត្រូវផុតសុពលភាពនាពេលខាងមុខនោះ មួយចំនួនបានទទួលមរណភាព មួយចំនួនជាប់ពន្ធនាគារ និងមួយចំនួនធំបានធ្វើចំណាកស្រុក។ នេះបើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ឯកឧត្តមអគ្គនាយកបានបន្តថា សម្រាប់វិធានការដោះស្រាយចំពោះមុខនេះ គឺជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងទាមទារការគាំទ្រពីឱ្យបានសកម្មពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យពលរដ្ឋបានដឹងថាអត្តសញ្ញាណបណ្ណដែលខ្លួនកំពុងប្រើប្រាស់នោះជិតអស់សុពលភាព ហើយចូលរួមបំពេញនីតិវិធីធ្វើអត្តសញ្ញាណបណ្ណថ្មីឡើងវិញ៕

Share.