ក្រុមមន្រ្តីបាននិយាយថា អាជ្ញាធរឥណ្ឌូណេស៊ីបានឃាត់ខ្លួនស្រ្តីម្នាក់ដែលកាន់កាំភ្លើងនៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានី Jakarta ទោះបីជាលោក Joko Widodo មិនមានវត្តមាននាពេលនោះក៏ដោយ ហើយឧប្បត្តិហេតុនោះមិនបានបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ២៥ ខែ តុលា ឆ្នាំ ២០២២។

មន្រ្តីនៅវិមានប្រធានាធិបតីនៅឥណ្ឌូណេស៊ី លោក Ali Mochtar Ngabalin បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៧ព្រឹក (ម៉ោងក្នុងទីក្រុង ហ្សាកាតា)។

លោក Ali បាននិយាយថា ស្រ្តីម្នាក់នោះមិនបានចូលក្នុងបរិវេណវិមានប្រធានាធិបតីទេ ហើយលោក Widodo ក៏មិនបានស្ថិតនៅក្នុងវិមាននាពេលនោះដែរ។ លោក Ali បន្ថែមថា ស្រ្តីម្នាក់នោះមានវ័យប្រហែលជា ខ្ទង់ ២០ឆ្នាំ ត្រូវបានក្រុមមន្រ្តីសន្ដិសុខឃាត់ខ្លួន ក្រោយនាងបានដកកាំភ្លើងចេញមកនៅក្បែងវិមានប្រធានាធិបតី។

អ្នកនាំពាក្យប៉ូលីសទីក្រុង ហ្សាកាតា បាននិយាយថា ស្រ្តីរូបនេះកំពុងត្រូវបានសួរនាំ ប៉ុន្ដែភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើមូលហេតុអ្វី ឬ ថា តើនាងទទួលបានអាវុធដោយរបៀបណានោះទេ។

សូមជម្រាបថា ឥណ្ឌូណេស៊ី ជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមធំជាងគេលើពិភពលោក ធ្លាប់រងការវាយប្រហារដោយពួកសកម្មប្រយុទ្ធ ដោយពេលខ្លះគឺសំដៅលើមន្រ្តីរដ្ឋាភិបាល និង កងកម្លាំងសន្ដិសុខ។

កាលពីឆ្នាំមុន ប៉ូលីសឥណ្ឌូណេស៊ីបានបាញ់សម្លាប់ស្រ្តីម្នាក់ ដែលបានបាញ់ប្រហារទៅលើអាជ្ញាធរនៅឯស្នងការដ្ឋានប៉ូលីសជាតិក្នុងរដ្ឋធានីហ្សាកាតា ក្នុងសកម្មភាពវាយប្រហារមួយដែលទទួលបានការបំផុតគំនិតពីក្រុមភេរវករ ISIS៕

ប្រភព៖ CNA

Share.