យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថាក្លិបបាល់ទាត់ Shakhtar Donetsk សមាជិកលីគកំពូលរបស់ប្រទេសអ៊ុយក្រែន បានជំរុញឱ្យ FIFA ដកសិទ្ធិក្រុមជម្រើសជាតិអ៊ីរ៉ង់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2022 ដោយសារតែប្រទេសនេះ ត្រូវបានចោទប្រកាន់ថាមានការគាំទ្រផ្នែកយោធាចំពោះការលុកលុយរបស់រុស្ស៊ី។

នាយកប្រតិបត្តិរបស់ Shakhtar Donetsk លោក Serei Palkin បានចោទអ៊ីរ៉ង់ថា បានចូលរួមដោយផ្ទាល់ ក្នុងការវាយប្រហារទៅលើប្រជាជនអ៊ុយក្រែន ហើយលោកបានទទូចឱ្យប្រទេសរបស់លោកទទួលបានកៅអី World Cup ជំនួសក្រុមមកពីអាស៊ីមួយនេះ។

ក្រៅពីនេះក៏មានបុគ្គលិកបាល់ទាត់ និងកីឡារបស់អ៊ីរ៉ង់មួយក្រុមបានផ្ញើសំណើផ្លូវការមួយទៅកាន់ស្ថាប័ន FIFA ដើម្បីសុំឱ្យផ្អាកសមាគមបាល់ទាត់អ៊ីរ៉ង់ដូចគ្នា។ ដោយពួកគេទាមទារការអន្តរាគមន៍ពីរដ្ឋាភិបាល ដោយបញ្ឈប់ស្ត្រីចូលក្នុងកីឡដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបំពានច្បាប់របស់ FIFA។

វាកើតឡើងចំពេលមានការបង្រ្កាបដោយហិង្សាដោយកងកម្លាំងសន្តិសុខរបស់ប្រទេសប្រឆាំងនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល​ដែលកំពុងរីករាលដាល។ សំណើនេះក៏ធ្វើឡើងបន្ទាប់ពីការអំពាវនាវស្រដៀងគ្នានេះពីអង្គការសិទ្ធិមនុស្ស Open Stadiums កាលពីខែមុន។

គួរដឹងថាស្រ្តីអ៊ីរ៉ង់ត្រូវបានហាមឃាត់ចូលកីឡដ្ឋានមើលការប្រកួតកីឡាផ្នែកបុរស អស់រយៈពេលជិត៤០ឆ្នាំមកហើយ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ​១៩៧៩​មកម៉្លេះ ដែលសូម្បីតែមើលការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៅផ្ទះក៏មិនត្រូវបានអនុញ្ញាត បើទោះជាមានការរើបំរាស់ប្រឆាំងលើការរើសអើងបំបិទសិទ្ធិច្រើនលើកច្រើនសារក្តី៕

Share.