ក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ឈរ​ចំណាត់​ថ្នាក់​លេខ​៩ ប្រចាំ​តំបន់​អាស៊ាន ក្រោយ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ាន AFC Cup 2022 ថ្មីៗនេះ។ នេះ​បើ​តាម​​ការ​វាយ​តម្លៃ​ដោយ​ AFC Club Competitions Ranking 2022។

លើ​ហ្វេសប៊ុក​របស់​ក្លិប​វិសាខា បាន​សរសេរ​របស់​ខ្លួន​ថា៖«ទោះបីពួកយើង មិនអាចឡើងទៅជុំបន្ទាប់ នៃពានរង្វាន់ AFC Cup 2022 ប៉ុន្ដែ​ក្លិប​កីឡា​បាល់​ទាត់ វិសាខា របស់យើង បាន​បន្សល់​នូវ​កំណត់​ត្រា​ថ្មី​មួយ នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ដោយ​ពួក​យើង បាន​ស្ថិត​ក្នុង​ចំណោម​ក្លិបកំពូលទាំង ១០ ប្រ​ចាំ​តំ​បន់​អាស៊ាន នៃ AFC Club Competitions Ranking 2022»។

សូមរំឭកថា ការបង្ហាញខ្លួនលើកដំបូង ក្នុងពានរង្វាន់ AFC Cup 2022 កាល​​ពី​ខែ​មិថុនា​កន្លង​ទៅ របស់​ក្រុម​វិសាខា បានបញ្ចប់បេសកកម្ម ដោយ​ឈរ​លេខ​រៀង​ទី២ ក្នុងពូល G ដោយ​រក​បាន​ ៦​ពិន្ទុ​ស្មើ​ក្រុម​កំពូលតារាង Kedah Darul Aman របស់ម៉ាឡេស៊ី និងក្រុមឈរលេខ៣ Bali United របស់​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី។

ចំពោះ​លទ្ធផល​ការ​ប្រកួត ​៣​ប្រកួត​ក្នុង​ពូល​នេះ របស់​វិសាខា នេះ​បាន​យក​ឈ្នះ​ក្រុម Kaya FC របស់​ហ្វីលីពីន ២-១ មុន​យក​ឈ្នះក្រុមម្ចាស់ផ្ទះ Bali United ៥-២ ។ ប៉ុន្ដែ​គួរឲ្យស្ដាយ ក្រុម​កម្ពុជា មួយ​នេះ​​ភ្លាត់​ចាញ់​ការ​ប្រ​កួត​ចុង​ក្រោយ ទល់នឹងក្រុម Kedah Darul Aman ក្នុងលទ្ធផល ៥-១ ធ្វើ​ឲ្យ​របូត​ឱកាស​ឡើង​វគ្គបន្ដ។

ទោះ​បែប​នេះ​ក្ដី យោង​តាម​ការបូកសរុបពិន្ទុ ដោយ​ផ្អែក​លើ​សមិទ្ធ​ផល​របស់​ក្លិប​នីមួយៗ ប្រចាំ​តំបន់អាស៊ាន ដែល​បាន​ចូលរួមប្រកួត AFC Cup 2022 កាលពីថ្មីៗ ក្លិបកីឡាបាល់ទាត់ វិសាខា​ របស់​យើង បានទទួលពិន្ទុ ២.៧៦ ដែលឈរលេខរៀងទី៩ ក្នុងចំណោម ១០ក្លិប​ប្រចាំ​តំបន់​អាស៊ាន ដែល​ធ្វើបានល្អជាងគេ នៅលើតារាង AFC Club Competitions Ranking 2022។

«នេះ​ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ការបង្ហាញខ្លួនលើកដំបូង ដែលពួកយើង​ទទួល​បាន​ និង​បន្សល់​ទុក​ក្នុង​ពានរង្វាន់​ AFC Cup 2022 ។ តាមរយៈនេះ​ ពួក​យើង​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ដើម្បីជំរុញក្លិបមួយនេះ ឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិ​ ហើយ​សម្រេច​បាន​លទ្ធផលកាន់តែប្រសើរនាថ្ងៃអនាគត»។ ក្រុម​វិសាខា បន្ថែម៕

Share.