គិតត្រឹមព្រឹកថ្ងៃ ពុធ ទី ២៦ នេះ មនុស្សយ៉ាងហោចណាស់ ២៤នាក់បានស្លាប់ បន្ទាប់ពីព្យុះស៊ីក្លូន ស៊ីត្រាង (Sitrang) បានបោកបក់ចូលប្រទេសបង់ក្លាដេស ដោយបង្ខំឲ្យមានការជម្លៀសមនុស្សប្រហែល ១លាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នេះបើយោងតាមការឲ្យដឹងពីក្រុមមន្រ្តីនៃប្រទេសបង់ក្លាដេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ២៦ ខែ តុលា ឆ្នាំ ២០២២។

ព្យុះស៊ីក្លូន ស៊ីត្រាង (Sitrang) បានបោកបក់ដល់ភាគខាងត្បូងប្រទេសបង់ក្លាដេសកាលពីល្ងាចថ្ងៃ ច័ន្ទ សប្ដាហ៍នេះ ប៉ុន្ដែអាជ្ញាធរបានជម្លៀសមនុស្សប្រហែល ១លាននាក់ ទៅកាន់ទីសុវត្ថិភាព មុនពេលអាកាសធាតុអាក្រក់មកដល់។

ព្យុះស៊ីក្លូនដែលមានន័យស្មើនឹងព្យុះហឺរ៉ីខិននៅតំបន់មហាសមុទ្រអាត្លង់ទិក ឬ ព្យុះទីហ្វុងនៅប៉ាស៊ីហ្វិក គឺជាការគំរាមកំហែងជាប្រចាំនៅក្នុងតំបន់ ប៉ុន្ដែអ្នកវិទ្យាសាស្រ្តនិយាយថា ការប្រែប្រួលអាកាសធាតុទំនងជាធ្វើឲ្យព្យុះទាំងនេះកាន់តែខ្លាំងក្លា និង កើតមានញឹកញាប់។

ភ្លៀងបានធ្លាក់ខ្លាំងនៅទូទាំងប្រទេសបង់ក្លាដេស និង បង្កជាទឹកជំនន់នៅទីក្រុង Dhaka, ទីក្រុង Khulna និង ទីក្រុង Barisal បណ្ដាលឲ្យមនុស្សប្រហែល ១០លាននាក់ នៅក្នុងស្រុកចំនួន ១៥ ដែលនៅជាប់ឆ្នេរសមុទ្រ គ្មានថាមពលប្រើប្រាស់ កាលពីថ្ងៃ អង្គារ ខណៈសាលារៀនត្រូវបានបិទនៅទូទាំងភាគខាងត្បូង និង ភាគនិរតីនៃប្រទេស។

ប៉ូលីស និង មន្រ្តីរដ្ឋាភិបាលបាននិយាយថា មនុស្សយ៉ាងតិច ២៤នាក់ បានស្លាប់ ដែលភាគច្រើនត្រូវដើមឈើដួលរលំលើ ហើយមនុស្ស ២នាក់បានស្លាប់ ដោយសារលិចទូកនៅក្នុងទន្លេ Jamuna ភាគខាងជើងបង់ក្លាដេស។ រហូតមកដល់ពេលនេះ មិនទាន់ទទួលបានរបាយការណ៍នៃការខូចខាតទាំងអស់នៅឡើយទេ ខណៈក្រុមមន្រ្តីនៅតែបន្ដជួយសង្រ្គោះ និង ជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពបន្ដទៀត៕

ប្រភព៖ CNA

Share.