ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២បានប្រកាសសាលក្រមផ្តន្ទាទោសលើឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារ៨ ខែ ខណៈដែលឧកញ៉ារូបនេះបានអនុវត្តទោសក្នុងពន្ធនាគារ៨ខែ រួចរាល់មកស្រាប់។ ដូច្នោះចៅក្រមបានសម្រេចចេញសាលក្រមតម្រឹមនិងសម្រេចធ្វើការដោះលែងឲ្យលោកឌួង ងៀប មានសេរីភាពវិញហើយ ។

លោក អ៉ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនលោកផ្កាយ៣ ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក បទក្លែងឯកសារ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ នឹងឆ្នាំ២០១៩ តាមមាត្រា ៣៧៧ មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

លោកឧត្តមសេនីយ៍ ឌួង ងៀប ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅ មុខសណ្ឋាគារដឺគ្រី ផ្លូវ ឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ៕

អត្ថបទ៖ចតុមុខ

Share.