អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ  រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។ នេះបើតាមសេចក្តីថ្លែងការណ៍ប្រធានអាស៊ានស្តីពីការកើនឡើងអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។

«យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា» ប្រធានអាស៊ានបានគូសបញ្ជាក់យ៉ាងដូច្នេះ ដោយបង្ហាញការកត់សម្គាល់ពីការភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លាក្នុងរយៈពេលថ្មីៗនេះ និងអះអាងថាវាមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងបេសកជនពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនេះ។

ប្រធានអាស៊ានបានអំពាវនាវដោយ​​ជំរុញយ៉ាងខ្លាំង​ឲ្យ​មាន​ការ​អត់ធ្មត់​ជា​អតិបរមា និង​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា និងអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើមូលដ្ឋានជាក់ស្តែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានអញ្ជើញចេញដំណើរទៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញលើវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីប្រទេសមីយ៉ាន់ម៉ា៕

Share.