សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាជាគោលការណ៍ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យពលរដ្ឋបញ្ចេញមតិ ប៉ុន្តែទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏ត្រូវទប់ស្កាត់រាល់មតិទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គមដែរ។ ការថ្លែងរបស់សម្ដេចបានធ្វើឡើងនាឱកាសជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam តំណាងអង្គការយូនីស្កូ ប្រចាំកម្ពុជា។

ជំនួបនៅរសៀលថ្ងៃទី២៥ ខែតុលាម្សិលមិញ សម្ដេចក្រឡាហោម ស ខេង និង លោក Sardar Umar Alam បានព្រួយបារម្ភដូចគ្នាចំពោះការប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា រួមទាំងការកើតមានបទល្មើសបច្ចេកវិទ្យា ដូចជាឆបោកតាមប្រព័ន្ធអ៊ីនធើណែត ទន្ទឹមគ្នានឹងភាពស្មុគស្មាញនៃព័ត៌មានក្លែងក្លាយ។ សម្ដេចបានបង្ហាញការកត់សម្គាល់ថាបញ្ហានេះទាមទារឱ្យមានការចែកច្បាស់រវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត និងទាមទារឱ្យមានការពង្រឹងសមត្ថភាពមន្រ្តី និងអប់រំពលរដ្ឋ។

លោក Sardar Umar Alam បានជម្រាបសម្ដេចក្រឡាហោមថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ យូនីស្កូ បានផ្ដោតលើការអប់រំអក្ខរកម្មតាមរោងចក្រ និងអនុវត្តកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធើណែត និងបានពង្រីកវិសាលភាពការងារពាក់ព័ន្ធការបញ្ចេញមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកបន្តថា បណ្ដាញសង្គមបច្ចុប្បន្ន បានផ្លាស់ប្ដូររបៀបទទួលព័ត៌មានរបស់សាធារណជន ហើយក៏បង្កើតជាបញ្ហាស្មុគស្មាញដល់អ្នកប្រើប្រាស់ និងរាជរដ្ឋាភិបាលដែរ។

តំណាងអង្គការ យូនីស្កូ រូបនេះក៏បានជម្រាបជូនសម្ដេចដែរថា អង្គការយូនីស្កូ មានធនធាននិងចង់ស្នើសុំសម្ដេចក្រឡាហោម ដើម្បីពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃលើការងារបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជា និងរៀបចំផ្ដល់ជំនួយចាំបាច់ផ្សេងទៀត ដើម្បីគាំទ្រដល់ការងារដូចបានលើកឡើងខាងលើនេះ ខណៈសម្ដេចទទួលស្គាល់ជាការពិតសមត្ថភាពមន្រ្តីកម្ពុជានៅមានកម្រិត។

ពាក់ព័ន្ធនឹងប្រធានបទនេះ សម្ដេច ស ខេង បានលើកឡើងថារាជរដ្ឋាភិបាលកំពុងរៀបចំសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យា និងកំពុងស្ថិតក្នុងការពិភាក្សាជាមួយភាគីពាក់ព័ន្ធ និងក៏មានការចូលរួមពីមន្រ្តីជំនាញអាមេរិកដែរ។ សម្ដចថា សេចក្ដីព្រាងនេះនៅមិនទាន់មានលក្ខណៈពេញលេញនៅឡើយទេ ហើយទាមទារឱ្យមានការសិក្សាបន្ថែម និងស្នើឱ្យភាគីយូនីស្កូផ្ដល់ការគាំទ្របន្ថែម។

សូមបញ្ជាក់ថាអង្គការយូនីស្កូ បានបង្កើតទីស្នាក់ការនៅកម្ពុជានៅឆ្នាំ១៩៥១ ប៉ុន្តែបានខកខានសកម្មភាពមួយរយៈដោយសារសង្គ្រាមផ្ទៃក្នុងកម្ពុជា។ ចាប់តាំងពីបើកការិយាល័យឡើងវិញនៅកម្ពុជាឆ្នាំ១៩៩១ យូនីស្កូ បានជួយកម្ពុជាលើវិស័យវប្បធម៌ អប់រំ ព័ត៌មាន និងសារគមនាគមន៍ វិទ្យាសាស្រ្តធម្មជាតិ សង្គមសាស្រ្ត និងមនុស្សសាស្រ្ត៕

Share.