ភ្នំពេញ ៖ ស្រ្តីជាគ្រូទាយមើលជោគជតារាសី នៅប្លុកបុរី១កន្លែងក្នុងខណ្ឌកំបូល កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាប់ខ្លួនពី បទឆបោក និងបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធទឹកប្រាក់ប្រមាណ៥១ ម៉ឺនដុល្លារ រឿងលក់ដីខ្យល់ជាង៥០ ហិកតា នៅខេត្តកំពង់ស្ពឺ ។

ស្ត្រីរូបនោះមានឈ្មោះ ប៉ុក សៅខាន អាយុ៦៣ ឆ្នាំ មានទីលំនៅផ្ទះលេខ៧ ០អា ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូ ខ័ណ្ឌទួលគោក រាជធានីភ្នំ ពេញ សព្វថ្ងៃរស់នៅជាមួយកូនក្នុងបុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ការចាប់ខ្លួនស្ត្រីខាងលើនេះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ យោងតាមដីកាចាប់ខ្លួនបានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា ឈ្មោះ ប៉ុក សៅខាន ភេទស្រី អាយុ៦៣ ឆ្នាំ ត្រូវចោទប្រកាន់ពីបទឆបោក និងបទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និង២០១៦ តាមមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទ៖ចតុមុខ

Share.