យុទ្ធនាការ ១០០ លានរៀល ឬ «Rise For Master Kong Nay» គឺធ្វើឡើងក្នុងគោលបំណងដើម្បីរៃអង្គាសថវិការក្នុងការជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជម្ងឺ និងជីវភាពប្រចាំថ្ងៃរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ។ យុទ្ធនាការនេះបានផ្ដួចផ្ដើមឡើងដោយផលិតកម្មបារមីនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីបទចម្រៀង « Time To Rise» របស់តារាចម្រៀងរ៉េប វណ្ណដា ទទួលបានការគាំទ្រទស្សនាដល់ទៅ ១០១លានដង។

តាមការលើកឡើងរបស់ផលិតកម្មបារមីបានឱ្យដឹងថា ដូចដែលអ្នកទាំងអស់គ្នាបានដឹងមកហើយ ព្រឹទ្ធាចារ្យ គង់ ណៃ លោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរមកហើយ។ ក្នុងពេលបច្ចុប្បន្ននេះស្ថានភាពរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ បានរាងធូរសើ្បយបន្ដិចហើយ តែមិនទាន់មានកម្លាំងគ្រប់គ្រាន់ មិនអាចធ្វើដំណើរ និងមិនអាចធ្វើការសម្ដែងដូចមុន។ ដូចនេះហើយខាងផលិតកម្មបារមី សិល្បករ និងសិល្បការិនីបានផ្ដួចផ្ដើមគំនិតបង្កើតយុទ្ធនាការនេះឡើង។

យុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃទី ២៥ ខែ តុលា រហូតដល់ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយមហាជនអ្នកគាំទ្រអាចចូលរួមបរិច្ចាគទឹកប្រាក់តាមសទ្ធាទាន ដោយមិនមានការកំណត់ តាមរយៈលេខគណនី ABA ឬ ស្កែន QR code ។

តោះចូលរួមទាំងអស់គ្នា ជាការរួមអបអរសាទរចំពោះ ព្រឹទ្ធាចារ្យ​កោសល្យវោហារ គង់ ណៃ ដែលទទួលបានការទស្សនា ១០០ លានដង ក្នុងបទចម្រៀង Time To Rise និងជាការចូលរួមកិច្ចការមនុស្សធម៌ដើម្បីសង្គមជាតិ។

Share.