របៀបរបធ្វើការ និងអាកប្បកិរិយាមន្រ្តីនគរបាលចរាចរណ៍ ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗដែលឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កត់ធ្ងន់ទៅកាន់មន្រ្តីក្រោមឱវាទនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ។ ការសង្កត់ធ្ងន់នេះ បានធ្វើឡើងក្នុងបរិបទដែលសាធារណៈមតិ ពិសេសអ្នកធ្វើចរាចរណ៍តាមដងផ្លូវកំពុងបង្កើនសំឡេងរិះគន់ទៅលើមន្រ្តីនគរបាលចរាចរណ៍មួយចំនួនពាក់ព័ន្ធនឹងការបំពេញភារកិច្ចចាប់អ្នកប្រព្រឹត្តល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នេត សាវឿន បានសង្កត់ធ្ងន់ឱ្យកម្លាំងនគរបាលចរាចរណ៍ពង្រឹងរបៀបរបរធ្វើការងារឡើងវិញ ហើយរៀបចំអាប្បកិរិយាបំពេញភារកិច្ចឱ្យបានល្អ ស័ក្តិសមជាកងកម្លាំងអនុវត្តច្បាប់។ ជាមួយនឹងការស្នើឱ្យបន្តពង្រឹងសណ្ដាប់ធ្នាប់តាមដងផ្លូវដើម្បីកាត់បន្ថយការកកស្ទះ ឯកឧត្តមក៏បានលើកឡើងពីការពង្រឹងសមត្ថភាពមន្ដ្រីនគរបាលចរាចរណ៍ ដោយបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល និងបានហាមដាច់ខាតការប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋ។

នគរបាលចរាចរណ៍ ក៏ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ទុកជាក្រុមមន្រ្តីដែលមានឆន្ទៈខ្ពស់ក្នុងការបំពេញភារកិច្ចដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ ពិសសការធ្វើចារចរណ៍តាមដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីផ្ដល់ការលើកទឹកចិត្ត ក្រសួងបានសម្រេចជូនប្រាក់បានមកពីការផាកពិន័យចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជូនក្រុមន្រ្តីនគរបាលដែលអនុវត្តក្នុងចំណែកមួយយ៉ាងច្រើនលើសលុបធៀបនឹងចំណែកផ្សេងៗទៀត។

យោងតាមប្រកាស​អន្តរ​ក្រសួងចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ប្រាក់​ចំណូល​បាន​ពី​ការ​ពិន័យ ត្រូវ​បែង​ចែក​ជា៣​ចំណែក។ ទី​១គឺ​សម្រាប់​ក្រសួង​មហាផ្ទៃ​ចំនួន ៩៥% នៃ​ប្រាក់​បាន​ពី​ការ​ផាក​ពិន័យ​សរុប។ ទី​២គឺ​ចំណែក៤%​ត្រូវ​បង់​ចូល​ថវិកា​ជាតិ និង១%ទៀត​ជា​ចំណែក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ នៅក្នុង ចំណែក៩៥%របស់​ក្រសួង​មហាផ្ទៃនោះ គឺ៧០%ទៅហើយដែលបាន​ទៅ​នគរបាល​​បំពេញ​ភារកិច្ច​តាម​ដង​ផ្លូវ។ ការផ្ដល់ជូននេះក៏ក្នុងន័យដើម្បីកាត់បន្ថយអំពើពុករលួយតាមរយៈការបង់ប្រាក់ក្រៅច្បាប់កំណត់ផងដែរ។

យ៉ាងណាក៏ដោយ នៅតែមានមន្រ្តីនគរបាលចរាចរណ៍មួយចំនួន មិនបានផ្ដល់តម្លៃជូនថ្នាក់ដឹកនាំ និងក៏មិនបានរក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួនដែរ។ នាថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់វិន័យ និងតម្រូវឱ្យមន្រ្តីនគរបាលរបស់ខ្លួនធ្វើកិច្ចសន្យាទទួលស្គាល់កំហុស បន្ទាប់ពីបានរកឃើញកំហុសថាមន្រ្តីនោះ បានផាកពិន័យអ្នកបើកបរដោយមិនចេញវិក្កយបត្រទៅតាមច្បាប់ ក្នុងពេលដែលអ្នកបរនោះមិនទាំងបានប្រព្រឹត្តខុសច្បាប់ស្ដីពីចរាចរណ៍ផង។ នេះជាករណីថ្មីផ្ទួនមួយទៀត ក្រោយការដាក់វិន័យនគរបាលម្នាក់ដែលប្រើពាក្យសម្ដីមិនសមរម្យលើពលរដ្ឋ៕

Share.