សិល្បៈ​អន្តរជាតិ​៖ អ្នក​គាំទ្រ​​របស់​តារា​ចម្រៀង​ Katy Perry កំពុង​តែ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្រោយ​វីដេអូ​របស់​កំពូល​តារា​ចម្រៀង​រូប​នេះ​កំពុង​សម្ដែង​ខនសឺត​ ស្រាប់​តែ​ភ្នែក​មួយ​ចំហៀង​របស់​អ្នក​នាង​បែរ​ជា​មិន​អាច​បើក​រួច​រហូត​ម្ចាស់​ខ្លួនប្រើ​ដៃ​ជា​ជំនួយ។

វីដេអូ​ដែល​កំពុង​តែ​ល្បី​ល្បាញ​លើ​បណ្ដាញ​សង្គម​និង​មាន​ការ​ចែក​រំលែក​ច្រើន​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​អ្នក​នាង​មាន​ចិត្ត​ព្រួយ​បារម្ភ​ជា​ខ្លាំង​ខ្លាច​ថា​អាយដល​ដែល​ខ្លួន​គាំទ្រ​កំពុង​មាន​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ​ណាមួយ​។

នៅ​ក្នុង​វីដេអូ​នោះ​ Katy Perry បាន​ស្វាគមន៍​ចំពោះ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​លើ​ឆាក​ ម្ចាស់​បទ​ Firework ដូច​ជា​លំបាក​ក្នុង​ការ​បើក​ភ្នែក​ម្ខាង​ ដោយ​មើល​ទៅ​អ្នក​នាង​ ហាក់​ដូច​ជា​មិន​អាច​បញ្ជា​ភ្នែក​ខាង​ស្ដាំ​ ឱ្យ​បើក​បាន​ដោយ​ខ្លួន​ឯង​រហូត​សាមី​ខ្លួន​យក​ដៃ​ទៅ​សង្កត់​នៅ​កន្ទុយ​ភ្នែក​ទើប​ឃើញ​រោមភ្នែក​របស់​អ្នក​នាង​កំរើក​បើក​ឡើង​បាន​។

ទោះ​ជា​បញ្ហា​​កើត​ឡើង​ខ្លី​ត្រឹម​មួយ​ប៉ព្រិច​ភ្នែក​នេះ​ មិន​បាន​ក្លាយ​ជា​ឧបសគ្គ​ធំ​ ហើយ​ការ​ប្រគំ​តន្ត្រី​របស់​តារា​ស្រី​វ័យ​ ៣៨​ឆ្នាំ​រូប​នេះ នៅ​តែ​​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ដោយ​រលូន​ ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចាប់​អារម្មណ៍​និង​សង្ស័យ​ ចង់​ដឹង​ថា​តើ​មាន​បញ្ហា​អ្វី​កើត​ឡើង​លើ​សុខ​ភាព​របស់​ Katy Perry ឬ​ក៏​អត់​?

អ្នក​គាំទ្រ​ជា​ច្រើន​បាន​លើក​យក​បញ្ហា​សុខភាព​របស់​អាយ​ដលរូប​នេះ​មក​ជជែក​វែក​ញែក​គ្នា​ ដោយ​ក្នុង​នោះ​មាន​មតិ​យល់​ឃើញ​ខុសៗ​គ្នា​ដូច​ខាង​ក្រោម​៖

«ជំងឺ​វៀចមុខ​ទេដឹង?» នេះ​គឺជា​អ្វីដែល​អ្នក​គាំទ្រ​​ម្នាក់​បាន​លើក​ឡើង​ ខណៈ​ដែល​អ្នក​គាំទ្រ​ម្នាក់​ផ្សេង​ទៀត​យល់​ឃើញ​ខុស​គ្នា​ថា​ «ប្រហែល​ជា​រោមភ្នែក​របស់​គាត់​ស្អិត​ជាប់​ទេដឹង?» ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​យល់​ថា​អាការៈ​នេះ​អាច​កើត​ឡើង​ដោយ​សារ​បញ្ហា​ស្ត្រេស «ស្ត្រេស​អាច​ធ្វើ​ឱ្យ​ភ្នែក​ក្លាយ​ទៅជា​បែបនេះ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​មាន​ពេល​បាន​សំរាក​គ្រប់​គ្រាន់​»។ ដោយ​ឡែក​ចំពោះ​អ្នក​ដែល​គិត​រឿង​អបិយ​ជំនឿ​បែរ​ជា​យល់​ឃើញ​ថា​ Katy អាច​នឹង​មាន​វិញ្ញាណ​ចូល​សណ្ឋិត​។ប៉ុន្តែ​បើ​តាម​ក្រុម​អ្នក​គាំទ្រ​របស់​អ្នក​នាង​​បាន​អះអាង​ថា​ នោះ​គឺគ្រាន់​តែ​ជា​ការ​សម្ដែង​របស់​ Katy Perry ប៉ុណ្ណោះ​ទេ។ ខាង​ក្រោម​នេះ​គឺជា​ការ​អះអាង​របស់​ក្រុម​អ្នក​គាំទ្រ​ ៖

  • «អូខេ នេះ​គឺជា​ឈុត​កំប្លែង​ខ្លះ​ដែល​ Katy ប្រើ​នៅ​ក្នុង​ការ​សម្ដែង​របស់​ខ្លួន​ ដោយ​ធ្វើ​ត្រាប់​តាម​តុក្កតា​កូន​ក្រមុំ​ ដែល​អាច​បិទ​បើក​ភ្នែក​ចុះ​ឡើង​ៗ​បាន​»
  • «ខ្ញុំ​ដំបូង​បារម្ភ​ថា​ជា​ជំងឺ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​វះ​កាត់​ខុស​បច្ចេកទេស​ ប៉ុន្តែ​មិន​មែន​ទេ​ តាម​ពិត​ Katy មាន​ចេតនា​ធ្វើ​បែប​នោះ​»
  • «មែន​ហើយ​! នាង​ឧស្សាហ៍​ធ្វើ​បែបនេះណាស់​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ មិន​មែន​ថា​ធ្វើ​រាល់​យប់​ទេ ប៉ុន្តែ​នាង​នៅ​ក្នុង​ចំណោម​ ៨ Show យ៉ាង​ហោច​ណាស់​ក៏​នា​ង​ឆ្លៀត​ធ្វើ​បែប​នេះ​មួយ​ ម្ដង​ដែរ​»

    ប្រភព៖ news
Share.