ជាផ្លូវការ ផលិតកម្មរាមទើបតែបញ្ចេញ Poster បទចម្រៀងរបស់កំពូលតារាចម្រៀង មាស សុខសោភា ដែលជាការប្ដូរមកច្រៀងរ៉េបរួមគ្នាជាមួយតារាស្រី Tey$ ដោយបទនោះមានចំណងជើងថា « អ្នកកំដរអាជីព »។ ការប្ដូរស្ទាយប្ដូររសជាតិថ្មីនេះ ត្រូវបានគេមើលឃើញថា ដោយសារតែបទចម្រៀងមនោសញ្ចេតនា​មិន​សូវ​ពេញ​និយមចាក់ដល់ចិត្តយុវវ័យ​ដូចមុនទៀត។

ដ្បិតទើបតែលេចជារូបភាព Poster ប៉ុន្តែមែនទែនទៅ បទចម្រៀង « អ្នកកំដរអាជីព » ធ្លាប់លេចតម្រុយឱ្យអ្នកគាំទ្របានស្ដាប់រួចទៅហើយ ដែលមាននៅចុងរបស់បទចម្រៀង « On Your Phone » របស់កញ្ញា Tey$ ។ បើតាមការប្រកាសរបស់ផលិតកម្មរាមបានលើកឡើងថា នេះជាការចាប់ដៃគ្នាដំបូងរវាង មាស សុខសោភា និង កញ្ញា Tey$ ដែលត្រៀមបញ្ចេញ MV ជាផ្លូវការនាពេលឆាប់នេះ។

ដូចបានដឹងពីមុនមកហើយ តារាចម្រៀង Rap ស្រីប្រចាំផលិតកម្មរាម គឺកញ្ញា Tey$ ( តីវ៉ៃម៉ាលុយ ) មានបទចម្រៀងរ៉េបល្បីៗជាច្រើនបទដែលអាចកញ្ឆក់យកបានចិត្តយុវវ័យដូចជាបទ « On Your Phone » បទ « Loser » បទ « អ៊ូមវ៉ាក់អឺ – Peekaboo » ដើម។ ស្រីតី ក៏ធ្លាប់ជាអ្នករាំផ្ទាល់របស់ក្រុម MSP មុននឹងក្លាយជាតារាចម្រៀងរ៉េបនេះដែរ។ ដូច្នោះហើយ ការចាប់ដៃគ្នាជាមួយ មាស​ សុខសោភា​ និងស្រីតី គឺយល់ចិត្តគ្នា ដើរទៅដល់ឱ្យគោលដៅបត់បែនថ្មីមួយ ដើម្បីឱ្យដើរទាន់ផ្សារចម្រៀងនាពេលបច្ចុប្បន្ននេះ។

គ្រប់គ្នាកំពុងរង់ចាំអ៊ុតមើលថា តើការប្ដូរស្ទាយមកច្រៀងរ៉េបរបស់ មាស​ សុខសោភា​ និង កញ្ញា Tey$ នៅក្នុងបទថ្មី អាចទាក់ហ្វេនបានកម្រិតណា? មានតែរង់ចាំទស្សនាទាំងអស់គ្នា៕

Share.