លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២២​ នេះ បាន​បង្ហាញ​មុខ​ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅការិយាល័យរបស់ CPL និងការផ្សាយផ្ទាល់តាមយ:ហ្វេសប៊ុកផេក សហព័ន្ធកីឡាករបាល់ទាត់កម្ពុជា និង Cambodian Premier League ផងដែរ។

Keisuke Honda៖«ជាក់ស្តែង Nick Taylor ជាកីឡាករម្នាក់ល្អបំផុតក្នុងចំណោមក្រុមជម្រើសជាតិកម្ពុជា ព្រោះ Nick មានមូលដ្ឋានគ្រឹះល្អ ការហ្វឹកហាត់ និងលេងក្នុងបរិយាកាសបាល់ទាត់ដ៏ល្អនៅប្រទេសអាមេរិក។ ប៉ុន្តែវាជារឿងលំបាកមួយក្នុងការសម្របខ្លួន ព្រោះនេះជាលើកទីមួយរបស់គេនៅប្រទេសកម្ពុជា។ ជាក់ស្តែង Nick Taylor មានឱកាសស៊ុតបញ្ចូលទីផងដែរ ប៉ុន្តែធ្វើមិនបានសម្រេច។ អ្វីកាន់តែពិសេសនោះគឺ ខ្ញុំក៏មានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយ Nick ដូចគ្នា»។

ខ្សែប្រយុទ្ធ Nick Taylor កូនកាត់ខ្មែរ-អាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក បានដំណើរមកដល់ប្រទេសកម្ពុជាជាលើកដំបូង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីលេងពានរង្វាន់មិត្តភាពអន្តរជាតិទល់នឹងបង់ក្លាដែស នៅពហុ​កីឡដ្ឋាន​ជាតិ​​មរតតេជោ។

ខណ:កីឡាករ Nick Taylor ពាក់អាវលេខ២៣ ត្រូវបានលោក Keisuke Honda ប្តូរចូលនៅនាទី ៥៩’ ជំនួសកីឡាករ សុិន កក្កដា​ ហើយនេះជាលើកដំបូងរបស់គេពាក់អាវក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែយ៉ាងណាលទ្ធផល ១-០ នៅបន្តរហូតដល់ចប់ការប្រកួត ទោះបី Nick Taylor មានឱកាសតែត១ក្បាលក៏ដោយ។

ក្រោយចប់ការប្រកួតកីឡាករកូនកាត់ខ្មែរ-អាមេរិក បានថ្លែងដូច្នេះថា៖«ខ្ញុំពិតជាមោទនភាព ដែលបានលេងតំណាងឲ្យប្រទេសរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាខ្ញុំអាចទទួលបានឱកាសលេងនៅទីនេះលើកក្រោយទៀត ពិសេសក្នុងពាន AFF Mitsubishi Electric Cup 2022 ចុងឆ្នាំនេះ»។

Cambodia 2023

ឱកាស​នោះដែរ​លោក Keisuke Honda ក៏ផ្តល់ដំបូន្មានទៅកាន់យុវជនកម្ពុជាធ្វើយ៉ាងត្រូវរីកចម្រើនជាមួយធាតុផ្សំចំនួន៤ជាចាំបាច់ក្នុងបាល់ទាត់ ដើម្បីអាចខ្លាំងដូចប្រទេសជប៉ុននោះគឺ៖«បច្ចេកទេស, កលល្បិច, កាយសម្បទា និងចិត្តសាស្រ្ត»។

មូលហេតុលោក Honda ថ្លែងទៅកាន់កីឡាករក្មេងៗបែបនេះដោយសារតែបច្ចុប្បន្នកីឡាករនៅក្រុមជម្រើសជាតិកម្ពុជាភាគច្រើនគឺវ័យច្រើន និងចាស់ៗអស់ហើយ ពួកគេមិនអាចលូតលាស់ដូចក្មេងៗបានឡើយ ជាពិសេសបច្ចេកទេស, កលល្បិច និងចិត្តសាស្រ្ត ប៉ុន្តែលោកជឿជាក់ថាសម្រាប់កាយសម្បទា ទោះបីពួកគេក្លាយជាមនុស្សពេញវ័យក៏ដោយ ប៉ុន្តែនៅតែរីកចម្រើនបន្តបាន។

«ហេតុនេះហើយទើបយើងសម្រេចបង្កើតការរត់តេស្តកាយសម្បទា 30-15 IFT ជាមួយគ្នានេះផងដែរយើងក៏ចង់បង្កើតការតេស្តលើកទម្ងន់បន្ថែមទៀត ដើម្បីពង្រឹងកាយសម្បទាកីឡាករកម្ពុជាឲ្យកាន់តែខ្លាំងជាមុន»។ លោក Honda សង្កេត​ធ្ងន់៕

Share.