ភ្នំពេញ​៖​ ដោយសារ​តែ​ការបេីក​បរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​​បណ្តាល​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​RANGER ROVERមួយគ្រឿង​និង​រថយន្ត​FORD TITANIUMមួយគ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​មួយ​គ្រឿង​ខ្ទាត​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​។ ហេតុការណ៍​នេះ​បានកេីត​ឡើង​កាល​ពី​វេលា​ម៉ោង​១និង២០នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២៧ខែតុលា​ឆ្នាំ​២០២២ត្រង់​ចំណុច​ក្បែរ​ប៉ុស្តិ៍​នរគបាលរដ្ឋបាល​បឹងកក់​ទី​១​ ខណ្ឌ​ទួលគោក​។

តាមប្រភព​ព័ត៌មាន​ពី​កន្លែង​កេីតហេតុ​បាន​ឲ្យដឹងថា​នៅ​មុន​ពេល​កេីតហេតុ​ គេឃេីញ​ស្ត្រី​ម្នាក់​បេីកបររថយន្ត​មួយ​គ្រឿង​ម៉ាក​ RANGE ROVER ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2BE-1025។ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥២៨​ ទិសដៅ​ត្បូង​ទៅ​ជើង​ និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ ស្របពេល​នោះ​ក៏មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ FORD TITANIUM ពណ៌​ប្រផេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2D-1811​បេីកបរដោយ​បុរស​ម្នាក់​និងស្ត្រីម្នាក់​រួម​ដំណើរ​ជាមួយ​ តាម​បណ្ដោយ​ផ្លូវ​៣៣៥​ ទិសដៅ​ពី​លិចទៅកេីត​ និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះដល់ចំណុច​កេីតហេតុ​ រថយន្ត​ទាំង​ពីរ​គ្រឿង​ក៏បាន​បុក​គ្នាពេញទំហឹង​ ធ្វើ​ឲ្យ​រថយន្ត​FORD TITANIUM ខ្ទាត​ទៅ​បុក​ចូល​ផ្ទះ​លក់​ចាប់​ហួយ​បណ្តាល​ឲ្យ​បាក់​ទូកដែក​ចំនួន​៤ផ្ទាំង​។ រីឯ​រថយន្ត​FORD TITANIUMបាន​រងការ​ខូចខាតក្រពឹត​និង​បាក់​ក្រឡេ​កង់​ខាងមុខ​ចំហៀង​ខាង​ស្ដាំ​។ចំណែក​ឯ​រថយន្ត​RANGE ROVERរងការ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ​។

ក្រោយ​ពេលកេីត​ហេតុ​ភាគី​ទាំងសងខាង​ក៏បាន​ចរចា​ដោះស្រាយ​គ្នា​ ដោយ​មិន​ចង់​មាន​រឿង​រ៉ាវ​វែង​ឆ្ងាយ​ ម្ចាស់​​រថយន្ត​ទាំង​ពីរ​គ្រឿង​ក៏​បាន​ព្រម​ចេញ​សំណង​ចំនួន​៥០០ដុល្លារ​ឲ្យ​ទៅ​ម្ចាស់​ផ្ទះ​ និង​ព្រម​យក​រថយន្ត​ទៅ​ជួសជុល​រៀងៗ​ខ្លួន​ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​កេីតហេតុ​៕

អត្ថបទ៖ត្រយង តូច

Share.