រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចែករំលែកព័ត៌មាន ក៏ដូចជាចម្ងល់​មហាជនលើវិធាន​ការបង្ក្រាបរបស់ អាជ្ញាធរ ដែលបានបង្ក្រាបកន្លែង​ចិញ្ចឹមមាន់ឈ្មោល និងកីឡាស្នូកឃ័រ និងកីឡាផ្សេងទៀត ដោយមិនឈរលើមូលដ្ឋានច្បាស់លាស់។

នៅលើផេករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរខ្លឹមសារ ដោយដកស្រង់ចេញពី លោក ផែង​ វណ្ណៈ ថា មានសព្វ​មានគ្រប់​ហ្មង​ ចិញ្ចឹម​មាន់​ឈ្មោល​ក៏មិនបាន​ កីឡា​ស្នូកឃ័រ​ក៏លេងមិនបាន​ បាល់ទះក៏លេង​មិនបាន​ ខ្ញុំ​មឹនដឹងថា​ ពេលអស់លោក​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​ បញ្ឈប់​គេ​មិនអោយ​ធ្វើ​ អាជីវកម្ម​ សំអាង​ទៅ​លើ​ច្បាប់​អ្វី​ទេ​ ។

ទន្ទឹមនឹងបង្ហោះរូបភាពជាច្រើន ក៏មានកិច្ចសន្យាស្ដីពីការណែនាំ​បញ្ឈប់ការធ្វើជា​មេល្បែងស៊ីសងភ្នាល់​លុយគ្រប់ប្រភេទ ដូចជា បាល់ទះ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។​

នៅលើទំព័រហ្វេសបុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានដកស្រង់សំណេររបស់ លោក ផែង វណ្ណៈ បានភ្ជាប់ឃ្លាចុងក្រោយថា សូម​អរគុណ​ណាស់​ចំពោះ​ អាជ្ញា​ធរ​ និង​ សមត្ថកិច្ច​ ស្រុក​ សាមគ្គី​មាន​ជ័យ​ ខេត្ត​ កំពង់​ឆ្នាំង​ ដែល​បាន​ខិតខំ​សស្រាក់​សស្រាំ​យកអស់​កម្លាំង​កាយ​កម្លាំង​ចិត្ត​ អនុវត្តន៍​ដោយម៉ឺងម៉ាត់​បទបញ្ជា​របស់​ថ្នាក់​លើ​ ។

កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជាបានចេញបញ្ជាដាច់ណាត់​ឱ្យអភិបាលខេត្ត អភិបាលរាជធានី និងមន្ត្រីមូលដ្ឋានជាច្រើនផ្សេងទៀតចាត់វិធានការឱ្យទាន់ពេលវេលា​ចេញបង្ក្រាបល្បែងស៊ីសងខុសច្បាប់​តាមតូប គុយទាវ ហាងការហ្វេផ្សេងៗ នៅតាមមូលដ្ឋាន។

«ខ្ញុំមិនស្ទាក់ស្ទើក្នុងការដកដំណែងអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា​មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន យើងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអានាធិបតេយ្យក្នុងបនល្បែងទៀតទេ ត្រូវតែម៉ឺងម៉ាត់​ ត្រូវតែដាច់ខាត»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែម តាមរយៈសារសំឡេងជាង២០នាទី៕

Share.