សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីអំពីការជ្រើសរើសនគរបាលបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដោយគូសបញ្ជាក់ថា«មកដល់ឥលូវនេះ យើងចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសន៍មានប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត»។ ការថ្លែងរបស់សម្ដេចបានធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធនឹងការជ្រើសរើសមន្រ្តីនគរបាលនៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់នេះដែរ សម្ដេចឧបនាយរកដ្ឋមន្រ្តីបានបន្តថា«អ៊ីចឹងខ្ញុំបានស្នើ ហើយក្រសួងបានណែនាំហើយថាមិនបាច់ប្រឡងទេ ប៉ុន្តែគឺសម្ភាសន៍។ អ្នកទទួលបន្ទុកសម្ភាសន៍នោះគឺមេឃុំ និងមេប៉ុស្តិ៍ប៉ូលិស ជាអ្នកសម្ភាសន៍ទៅតាមសំណួរដែលនាយកដ្ឋានបុគ្គលិករបស់ក្រសួងបានដាក់ឱ្យ ហើយសម្ភាសន៍កូនចៅរបស់ប្រជាពលរដ្ឋនៅឃុំហ្នុង»។

បើតាមសម្ដេច បន្ទាប់ពីឆ្លងកាត់នីតិវិធីជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌ហើយនោះ គឺត្រូវឆ្លងកាត់ការពិនិត្យសុខភាព ពិសេសពិនិត្យទឹកនោមរកសារធាតុញៀន ហើយថាបន្ទាប់ពីបានជាប់ជានគរបាលជាតិហើយនោះ ការផ្ទេរចេញរបស់មន្រ្តីនគរបាលប៉ុស្តិ៍ឃុំ សង្កាត់ណាមួយ គឺត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សម្ដេចបន្ថែមថា«បើគាត់ជាអ្នកនៅមូលដ្ឋាននោះ គាត់មានហេតុផលអ្វីត្រូវដូរចេញ បើឪពុកម្ដាយគាត់ ក្រុមគ្រួសារគាត់នៅទីនោះស្រាប់ គាត់ក្ដាប់បានភូមិសាស្រ្ត ចិត្តសាស្រ្តប្រជាពលរដ្ឋក្នុងឃុំនោះស្រាប់ ដូច្នេះងាយស្រួល»។

ក្នុងពិធីដែលមានសិស្សនគរបាលប្រមាណជិត៥០ភាគរយត្រូវចេញទៅធ្វើការនៅប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ របស់ខ្លួននោះ សម្ដេចបានមានប្រសាសន៍អំពីសារៈសំខាន់នៃយន្តការ៥នៅមូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន អ្នកដឹកនាំភូមិ និងប៉ុស្តិ៍សុខភាព។ សម្ដេចបន្តថារាជរដ្ឋាភិបាលបានពង្រឹង និងលើកទឹកចិត្តយន្តការទាំង៥នេះធ្វើការប្រកប​ដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព ប្រជាជនស្រលាញ់ រាប់អាន និងជឿជាក់។ សម្ដេចថាប្រសិនបើគ្រប់មូលដ្ឋានឃុំ សង្កាត់ មានយន្តការទាំង៥នេះល្អ គឺមានន័យថាទូទាំងប្រទេសក៏នឹងមានភាពប្រសើរឡើងដែរ៕

Share.