សៀមរាប៖ កាលពី​ថ្ងៃចន្ទ​ ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​បាន​ធ្វើ​យុទ្ធនាការ​ស្វែង​រក​ជំនួយ​សង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺ​មហារីក​ ​​ ​និង​រៃ​អង្គាស​មូលនិធិ​ ​ដែល​ផ្តោត​ទៅលើ​ការ​ព្យាបាល​ជំងឺ​មហារីក​ដែល​កើតមាន​នៅ​លើ​កុមារ​។​ ​យុទ្ធនាការ​ខាង​លើ​នេះ​ ​មន្ទីរ​ពេទ្យ​រំពឹង​ទុក​ថា​ ​ប្រជាពលរដ្ឋ​ ​តារា​សម្តែង​ ​តារា​ចម្រៀង​ ​ក្រុមហ៊ុន​អាជីវកម្ម​ ​រួម​ទាំង​សប្បុរស​ជន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ចូលរួម​បរិច្ចាគ​ទាំងអស់គ្នា​។​

​នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​វេជ្ជបណ្ឌិត​ ​ងួន​ ​ច័ន្ទ​ភក្ត្រា ​បាន​លើក​ឡើង​ថា​ ​ដើម្បី​ដំណើរការ​ផ្តល់​សេវា​ពិនិត្យ​ ​ព្យាបាល​ ​និង​ថែទាំ​ជំងឺ​មហារីក​ ​គឺ​មន្ទីរពេទ្យ​របស់​លោក​ត្រូវ​ការ​ថវិកា​ចន្លោះ​ពី​ ​៣សែន​៥ម៉ឺន​​ដុល្លារ​ ​ដល់​ ​៤សែន​៥ម៉ឺន​​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំៗ​ ​ដើម្បី​កាត់បន្ថយ​អត្រា​កុមារ​កើតជំងឺ​មហារីក​ ​និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​លោកវេជ្ជបណ្ឌិត​បន្ត​ថា​ ប្រសិន​គ្មាន​មូល​និធិ​គ្រប់គ្រាន់​នោះ​ទេ​ ​គឺ​ការពិនិត្យ​ ​ព្យាបាល​ ​និង​ថែទាំ​ជំងឺ​មហារីក​អាច​នឹង​កាត់​បន្ថយ​ ​ឬ​ប្រឈម​ទៅ​នឹង​ការ​បិទ​ទ្វារ​ ​ដែល​អាច​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវិត​កុមារ​កម្ពុជា​ជាច្រើន​នាក់​ ​ដែល​កំពុងតែ​រងគ្រោះ​ ​និង​ស្វែងរក​សេវា​ពិនិត្យ​ ​និង​ព្យាបាល​ ​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។​

​នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​បាន​អំពាវនាវ​ដល់​មហាជន​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុក​ ឱ្យ​បន្ត​គាំទ្រ​ដល់​កម្មវិធី​សង្គ្រោះ​កុមារ​ពី​ជំងឺ​មហារីក​ ​និង​ផ្តល់​ជំនួយ​ជាប្រចាំ​ខែ​ ​ឬ​ប្រចាំ​ឆ្នាំ​ ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​ដើម្បី​ឱ្យ​ដំណើរការ​សេវា​ពិនិត្យ​ ​និង​ព្យាបាល​កុមារ​ពី​ជំងឺ​មហារីក​ ​បន្ត​ទៅ​មុខ​ទៀត​ ​ដើម្បី​ស​ង្រ្គោះ​ជីវិត​កុមារ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​។​

សូមបញ្ជាក់ថា មន្ទីរពេទ្យ​កុមារ​អង្គរ​ ​គឺជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​ ​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ​ស្ថិតនៅ​ខេត្ត​សៀមរាប​។​ ​ចាប់តាំង​ពី​ឆ្នាំ​១​៩​៩​៩​ ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​បាន​ពិនិត្យ​ ​ព្យាបាល​ ​ថែទាំ​ដោយ​ឥត​គិតថ្លៃ​ដល់​កុមារ​ប្រមាណ​ជាង​ ​២​,​៥​លាន​ករណី​។​

​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ ​បាន​បើក​ដំណើរការ​ផ្នែក​ជំងឺ​មហារីក​ ​កាល​ពី​ឆ្នាំ​២​០​១​២​ ​ដើម្បី​ពិនិត្យ​ ​ព្យា​បាល​ ​និង​ថែទាំ​កុមារ​ ​ដែល​កើត​មាន​ជំងឺ​មហារីក​។​ ​លុះ​នៅ​ឆ្នាំ​២​០​២​១​ ​មន្ទីរពេទ្យ​នេះ​ ​បាន​ដាក់​ឱ្យ​ដំណើរការ​ ​អគារ​ដាច់​​ដោយ​ឡែក​ដោយ​ផ្តោត​លើ​ការ​ពិនិត្យ​ ​ព្យាបាល​ ​ថែទាំ​កុមារ​កើតជំងឺ​ម​ហារីក​មាន​ចំនួន​ ​៥​០​៨​ករណី​៕

Share.