បុរសម្នាក់ត្រូវបានផ្ដល់ការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមបំផ្ទុះគ្រាប់បែកលើជើងហោះហើរសិង្ហបុរី ប៉ុន្ដែបុរសរូបនេះនឹងទទួលទោសចំពោះបទចោទមួយទៀតដោយសារតែបានទះកំផ្លៀងបុរសម្នាក់ទៀតនៅលើយន្ដហោះជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ តុលា ឆ្នាំ ២០២២។

លោក La Andy Hien Duc វ័យ ៣៧ឆ្នាំ រូបនេះ នឹងត្រូវទទួលបានការព្រមានយ៉ាងតឹងរ៉ឹង បន្ទាប់ពីបានគំរាម និង ហិង្សាលើអ្នករួមដំណើរ ប៉ុន្ដែគេបានពិនិត្យមើលរបាយការណ៍ពីវិទ្យាស្ថានសុខភាពផ្លូវចិត្ត។ ខណៈមេធាវីរបស់លោក Hien Duc បានប្រាប់ទីភ្នាក់ងារព័ត៌មាន CNA ថា កូនក្ដីរបស់លោកមានជំងឺវិកលចរិក។

ប៉ុន្ដែទោះជាយ៉ាងណាលោក Hien Duc នឹងត្រូវបានតុលាការចោទប្រកាន់ពីបទប្រើពាក្យគំរាមកំហែង ដែលទំនងជាតម្រូវឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ឬ មានការផាកពិន័យរហូតដល់ ៥ពាន់ដុល្លារសិង្ហបុរី ទន្ទឹមនោះបុរសរូបនេះនឹងទទួលទោសនៅខែ វិច្ចិកា ចំពោះបទចោទមួយទៀតពីបទ បង្ករបួសស្នាម ដោយសារទះកំផ្លៀងអ្នករួមដំណើរក្នុងយន្ដហោះ SQ33 ហោះពី San Francisco ទៅកាន់ប្រទេស សិង្ហបុរី។

មន្រ្តីប៉ូលីសនៅអាកាសយានដ្ឋាន និងអង្គភាព K-9 នៃបញ្ជាការប្រតិបត្តិការពិសេស ក៏ដូចជាក្រុមការពារគីមី ជីវសាស្រ្ត វិទ្យុសកម្ម និង ជាតិផ្ទុះរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី ត្រូវបានមកជួបជុំគ្នាដើម្បីស៊ើបអង្កេតពីការគំរាមកំហែងនេះ ជាលទ្ធផលបង្ហាញថា ជារឿងមិនពិត និង គ្មានគ្រាប់បែកនោះទេ៕

ប្រភព៖ CNA

Share.