ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ភាគីពាក់ព័ន្ធចំនួន២ ដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងពង្រីកទីផ្សារប្រទេសចិនសម្រាប់កសិផលផ្សេងទៀតរបស់កម្ពុជា ដូចជាម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ គ្រាប់ឈូក និងផលិតផលផ្សេងៗ។

ថ្លែងក្នុងពិធី​សម្ពោធ​ជា​ផ្លូវ​ការ ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដោយមានការចូលរួមពីឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅម្ពុជា និងត្រូវបានចេញផ្សាយលើហ្វេសប៊ុកផេកក្រសួងកសិម្មនាថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០២២នេះ រដ្ឋមន្រ្តីវ័យក្មេងលំដាប់ទី៣ក្នុងជួររាជរដ្ឋាភិបាលរូបនេះបានផ្ដល់អនុសាសន៍ចំៗទៅកាន់អគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុនវិនិយោគ។

សម្រាប់អគ្គនាយកដ្ឋានកសកម្ម៖

១. ត្រូវពង្រឹងការចុះត្រួតពិនិត្យអនុលោមភាពអនាម័យ និងភូត្តគាមអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលឆ្លងនៃសមាសភាពចង្រៃ ទាំងសម្រាប់ការនាំចូល និងការនាំចេញមុខទំនិញកសិកម្ម

២. ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងក្របខណ្ឌនៃការការពាររុក្ខជាតិ និង​​ភូត្តគាមអនាម័យ

៣. ត្រូវចូលរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើមុខទំនិញកសិកម្មដែលបានបើក ទីផ្សារ និងមានសក្តានុពលរបស់កម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីជំរុញការចរចាបើកទីផ្សារបន្ថែម

៤. ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស និងសមត្ថភាពជំនាញឱ្យបានកាន់តែទូលំទូលាយ ស៊ីជម្រៅ និងរឹងមាំថែមទៀត ដើម្បីជំរុញការចរចា និងអនុវត្តវិធានការអនាម័យ និងភូត្តគាមអនាម័យ សំដៅសម្រួល ពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា។

ចំពោះក្រុមហ៊ុនវិនិយោគ៖

១. ត្រូវអនុវត្តឱ្យបានម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ នូវស្តង់ដារអនាម័យ និងភូត្តគាមអនាម័យប្រទេសចិន ដើម្បីធានាបានទាំងគុណភាព និងសុវត្ថិភាពនៃកសិផលនាំចេញ សំដៅថែរក្សាទីផ្សារ និង ពង្រឹងទំនុកចិត្ត និងការពេញចិត្តរបស់អ្នកប្រើប្រាស់លើកសិផលកម្ពុជា

២. ត្រូវពង្រឹងការសិក្សាស្វែងយល់ឱ្យច្បាស់លាស់ អំពីតម្រូវការ និងការឆ្លើយតបពីអ្នកប្រើប្រាស់ ចំពោះ​កសិផល​កម្ពុជា ដើម្បីជំរុញបង្កើនការផ្គត់ផ្គង់ ឬធ្វើពិពិធកម្មមុខទំនិញ ដែលត្រូវនាំចេញ ឱ្យស្របតាម​តម្រូវ​ការ​​ជាក់ស្តែងនៃទីផ្សារប្រទេសចិន។

ក្នុងពិធី សម្ពោធ​ជា​ផ្លូវ​ការ ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ឯកឧត្តម ឌិត ទីណា បានចាត់ទុកសមិទ្ធផលការងារបន្សល់ពីរដ្ឋមន្រ្តីចាស់មួយនេះថាជាជោគជ័យថ្មីមួយទៀតដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ឯកឧត្តមក៏ចាត់ទុកជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិក​ម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឲ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើន ប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

សូមបញ្ជាក់ថាឯកឧត្តម ឌិត ទីណា ត្រូវបានប្រកាសចូលកាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅខែតុលានេះ ជំនួសឯកឧត្តម វេង សាខុន ដែលត្រូវបានដកចេញពីតំណែងក្រោមហេតុផលដែលសម្ដេចប្រមុខរាជរដ្ឋាភិបាលអះអាងថារដ្ឋមន្រ្តីរូបនេះមិនអាចឆ្លើយតបតាមការចង់បានរបស់សម្ដេច។

ក្រោយចូលកាន់មុខតំណែង គេឃើញរដ្ឋមន្រ្តីវ័យក្មេង ឯកឧត្តម ឌិត ទីណា មានវត្តមាននៅតាមភូមិឋានប្រជាកសិករច្រើនជាងមានវត្តមាននៅក្រសួងកសិកម្ម នោះក៏ព្រោះតែឯកឧត្តម និងរាជរដ្ឋាភិបាលទាំងមូល ត្រូវប្រឈមមុខនឹងការដោះស្រាយបញ្ហាជូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង ពិសេសកសិករខូចខាតដំណាំស្រូវ និងដំនាំរួមផ្សុំ ហើយត្រូវការជំនួយដើម្បីដាំដុះឡើងវិញ៕

Share.