សិល្បៈ​អន្តរជាតិ​៖ តារា​សម្ដែង​ Daniel Radcliffe បាន​និយាយ​ថា​លោក​​ចង់​ឱ្យ​កូន​​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​គេច​ឱ្យ​ផុត​ពី​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​។ តារា​សម្ដែង​​ផ្ដើម​មាន​ឈ្មោះ​ល្បីល្បាញ​តាំង​ពី​កុមារ​តាម​រយៈ​តួ​អង្គ​ Harry Potter បាន​ទម្លាយ​ថា​លោក​មិន​ចង់​ឱ្យ​អនាគត​កូន​របស់​លោក​មាន​វាសនា​ដូច​ជា​លោក​នោះ​ឡើយ​។

តារា​សម្ដែង​វ័យ​៣៣​ឆ្នាំ​ ដែល​ចាប់​ផ្ដើម​សម្ដែង​ជា​តួអង្គ​មេធ្មប់​តូច​ Harry Potter តាំង​ពី​អាយុ​១១ ឆ្នាំ​ បាន​ពន្យល់​ពី​មូលហេតុ​អ្វី​ដែល​ភាព​ល្បីល្បាញ​ពី​ក្មេងរបស់​លោក​នឹង​មាន​ឥទ្ធិពល​ចំពោះ​ការ​ប្រៀន​ប្រដៅ​កូន​​លោក​នៅ​ថ្ងៃ​ខាង​មុខ​។ Dainel បាន​និយាយក្នុង​បទ​សម្ភាសន៍មួយ​ជាមួយមិត្ត​រួម​អាជីព​​ Evan Rachel Wood ​ថា «យើង​នៅតែ​សម្ដែង​ យើង​នៅ​តែ​រីករាយ​ ប៉ុន្តែ​ ខ្ញុំ​មិន​ចង់​ឱ្យ​កូន​ៗ​ខ្ញុំ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ទេ​»

ទោះ​ជា​មិន​ចង់​ឱ្យ​កូន​មាន​ឈ្មោះ​ល្បី​ប៉ុន្តែ​តារា​រូប​នេះនៅ​តែ​ចង់​ឱ្យ​កូនៗ​ខ្លួនបាន​ទទួល​បទ​ពិសោធក្នុង​ការ​ផលិត​ភាពយន្ត​ «ខ្ញុំ​ចង់​ឱ្យ​កូន​របស់​ខ្ញុំ​ បាន​ចូលរួម​នៅ​កន្លែង​ថត​ភាពយន្ត​។ សុបិន​របស់​ខ្ញុំ​គឺ​ចង់​ឱ្យ​ពួក​គេ​មក​កន្លែង​ថត​ហើយ​ទទួល​អារម្មណ៍​ថា​ ព្រះជា​ម្ចាស់​ខ្ញុំ​ចង់​នៅ​ក្នុង​ផ្នែក​សិល្បៈ​ ខ្ញុំ​ចង់​ធ្វើ​ការងារ​ជា​ក្រុម​ផលិត​។ និយាយ​រួម​ធ្វើ​ការងារ​បែប​នេះ​បាន​ ប៉ុន្តែ​មិន​មែន​ជា​តារា​នោះ​ទេ​»។ Daniel បាន​លើក​ឡើង​ទៀត​ថា​ ទីតាំង​ថត​គឺជា​កន្លែង​មួយ​ដ៏​អស្ចារ្យ​ និង​អាច​ជា​កន្លែង​ស័ក្ដិសិទ្ធិ​សម្រាប់​កុមារៗ​ ប៉ុន្តែ​បើ​និយាយ​ពី​ការ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដោយ​សារ​តែ​ភាពយន្ត​នោះ​យើង​ចាំ​បាច់​ត្រូវ​តែ​គេច​ចេញ​ឱ្យ​ផុត​»

រយៈ​ពេល​១២​ឆ្នាំ​ហើយ​ ដែល​រឿង​ភាគ​ជា​ស៊េរី​ Harry Potter បាន​បិទ​បញ្ចប់​ ប៉ុន្តែ​ Radcliffe នៅ​តែ​បន្ត​មាន​មុខ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ក្រោម​ពន្លឺ​ភ្លើង​ពណ៌​។ ថ្មីៗ​នេះ​លោក​កំពុង​តែ​សម្ដែង​ភាពយន្ត​ Weird Al Yankovic រួម​ជាមួយ​នឹង​ Wood ដែល​សម្ដែង​ជា​តួអង្គ​ Madonna។ Daniel Radcliffe បាន​សេព​គប់​ជាមួយ​នឹង​មិត្ត​ស្រី​គឺតារា​សម្ដែង​ Erin Darke តាំង​ពី​ឆ្នាំ​២០១២ ក្រោយ​ពួក​គេ​បាន​ស្គាល់​គ្នា​​ពេល​ថត​ភាពយន្ត​ «Kill Your Darlings»។

«ពួក​យើង​ស្គាលក់​គ្នា​ពេល​ថត​ ហើយ​គ្រប់​យ៉ាង​ពិត​ជា​ឆាប់​រហ័ស​ណាស់​។ គឺ​ជា​រឿង​ដែល​យើង​មាន​អារម្មណ៍​ដូច​ជា​ អូ​ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​មនុស្ស​ម្នាក់​នេះ​ខ្លាំងណាស់​។ អ្នក​មាន​អារម្មណ៍​ថា​អ្នក​ដូច​ជា​មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​នរណា​ម្នាក់​ ហើយ​ក្រោយ​មក​អ្នក​ស្រាប់​តែ​មាន​អារម្មណ៍​ថា​ងាយ​ស្រួល​ជជែក​ជាមួយ​នឹង​គេ​» នេះ​គឺជា​ពាក្យ​ដែល​តារា​សម្ដែង​ភាពយន្ត​ Lost City បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍ជាមួយ​នឹង​ Parade កាល​ពី​ឆ្នាំ​២០១៤៕

ប្រភព៖ The Independent,​​ eonline

Share.