កណ្តាល​៖ សាកសពទារក ភេទប្រុស អាយុចន្លោះពី ០១ទៅ០២ សប្តាហ៍ម្នាក់ត្រូវបានគេប្រទះឃើញ ត្រង់ចំនុច ទំានាបដកទឹកភ្លៀងមួយកន្លែង ក្នុងបរិវេណរមណីយដ្ឋានភូមិ៥១ ​ កាលពីវេលាម៉ោង៥ ​ទថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

សពទារកខាងលើ មានអាយុចន្លោះពី ០១ទៅ០២ សប្តាហ៍ សម្បុរ ស កម្ពស់ ០,៤៥ ម៉ែត្រ។​ ក្រៅពីសពទារកនេះ គេឃើញមានកាបូប យួរដៃ មានអក្សរ Prelin ពណ៌សូកូឡា០១ ដែលក្នុងនោះមានកាត មន្ទីរសំរាកព្យាបាល ខេ អេស ០១សន្លឹក។ វិក្កយបត្រ គ្លីនិកធ្មេញ សោភ័ណ របស់ឈ្មោះ សម សំណាង ភេទប្រុស អាយ១៤ឆ្នាំ១សន្លឹក ចុះថ្ងៃទី០៧ខែតុលាឆ្នាំ២០២២។ អំបោះហុង មានម្ជុល ០១។ កាបូបដៃ ម៉ាក LV ពណ៌ខ្មៅ លាយត្នោត០១។ កូនកន្ត្រៃកាត់អំបោះ១។ ថ្នាំពេទ្យចំនួន ០២កញ្ចក់។ ប្រេងក្រឡា ០១ នឹងលុយ ចំនួន៩០០រៀលផងដែរ។

តាមប្រភពព័ត៌មានពីឈ្មោះ អឹម បុណ្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកលក់ម្ហូប ក្នុងរមណីយដ្ឋានភូមិ៥១ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី ខ្លួនបានដើរមករកមើលផ្លែដូងទុំជ្រុះ នៅខាងកើតក្រោយកញ្ចុះ ក្នុងបរិវេណរមណីយដ្ឋានភូមិ៥១ ដើម្បីយកផ្លែដូងដែលធ្លាក់ពីដើមយកទុកធ្វើម្ហូប ​គាប់ជួនក៏មានធំក្លិនស្អុយ ចេញពីខាងក្រោយកញ្ចុះអក្សរ (ន) ចម្ងាយ ៧ម៉ែត្រ ហើយខ្លួនបានដើរទៅមើល ស្រាប់តែប្រទះឃើញសាកសពទារក ផ្កាប់មុខអណ្តែតក្នុងទឹក (ទឹកភ្លៀងវាលទំនាបដក់ទឹក) ក្រោមដើមព្រីង ភ្លាមៗខ្លួនបានទៅប្រាប់អ្នកគ្រប់គ្រងក្នុងរមណីយដ្ឋានភូមិ៥១ នឹងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទំនប់ធំតែម្តង។

តាមការបំភ្លឺរបស់ឈ្មោះ ហាច ជីងលាង ភេទស្រី អាយុ១៥ឆ្នាំ ជាបុគ្គលិករត់តុក្នុងរមណីយដ្ឋានភូមិ៥១ដែរបានឲ្យដឹងថា កលាពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១១ជាង ខ្លួនបានឃើញភ្ញៀវ២នាក់ប្តីប្រពន្ធ មានកូនង៉ែត​ម្នាក់ ដាក់ក្នុងរទេះរុញ ជិះរថយន្ត០១គ្រឿងពុំចាំម៉ាក បានមកហូបបាយថ្ងៃត្រង់នៅកញ្ចុះអក្សរ (ប) ក្នុងរមណីយដ្ឋានភូមិ៥១ បន្ទាប់មកទៀតក៏មានភ្ញៀវជិះរថយន្តចំនួន ០២គ្រឿងទៀត ពុំស្គាល់ម៉ាក មានមនុស្សចាស់និងក្មេងៗ ប្រហែល០៨នាក់ បានមកចូលរួមផឹកស៊ីនិងហូបបាយជាមួយ ពីរនាក់ប្តីប្រពន្ធខាងលើនោះដែរ ពេលនោះដែរ មានមនុស្សប្រុសម្នាក់ពុំស្គាល់ឈ្មោះ បានសុំលេខទូរស័ព្ទរបស់ខ្លួន ក្រោយមកទៀតក៏មានរថយន្ត០១គ្រឿងមានគ្នាចំនួន ០៣នាក់ បានជិះរថយន្តចេញទៅមុនបាត់ទៅ រហូតដល់វេលាម៉ោងប្រហែល១៩:០០នាទី ភ្ញៀវដែលអង្គុយកញ្ចុះលេខអក្សរ (ន) បានឲ្យគេគិតលុយ ពេលដែលគិតលុយឲ្យភ្ញៀវរួចហើយ ខ្លួនបានវៃបុងចេញពីធ្វើការ ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។

ក្រោយមកនៅវេលាម៉ោង ២២:០៧នាទី មានទូរស័ព្ទលេខ ០៨៦ ៤០០ ០៨៥ បានតេទូរស័ព្ទមករូបខ្លួន សួរថា មានឃើញកាបូបមួយអត់ភ្លេចនៅលើកញ្ចុះ ពេលនោះខ្លួនបាននិយាយថា អត់ដឹងទេចាំជួយសួរគេឲ្យ។ ស្រាប់តែនៅថ្ងៃទី២៥ខែតុលា ឆ្នាំ២០២២​ក៏បានប្រទះឃើញសពទារកអណ្តែតទឹកបែបនេះតែម្តងទៅ ។

​ក្រោយពីទួលបានព័ត៌មាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០នាទី ខាងជំនាញពិនិត្យសាកសព ​ រួមជាមួយអ្នកជំនាញកោសសល្យវិច័យសាកសព របស់អង្គការពារកុមារ (CPU) បានសហការគ្នា ជាមួយនាយកដ្ឋានបច្ចេសទេស ការិយាល័យបច្ចេសទេសនិងវិទ្យាសាស្រ្ត និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាស្រុក បានចុះពិនិត្យសាកសពទារករងគ្រោះ​​ រួចបានបញ្ជាក់ថា សាក សពទារកខាងលើ មានកាយសម្បទាលូតលាស់គ្រប់លក្ខណៈ ពុំមានពិការភាពអ្វីឡើយ ។

សាកសព មានក្លិនស្អុយហើមរលួយខ្លាំង នៅផ្នែកក្បាល លលាដ៏ និងផ្នែកនៃដងខ្លួន ពុំអាចកំណត់លើស្លាកស្នាមរបួសសើស្បែកបាន។ ផ្នែកក និងបំពងខ្យល់ មិនមានស្នាមរបួស , ឆ្អឹងជំនី និងឆ្អឹងសន្ទះទ្រូង មិនមានស្នាមប្រះបែករឺបាក់ឆ្អឹង, សរីរាង្គទូទៅខាងក្នុង មានភាពស្អុយរបួសខ្លាំង ប៉ុន្តែសួតមានដក់ទឹកមធ្យម ។​

​តាមការសន្ឋិដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច សាកសពទារក ស្លាប់ដោយ ការលង់ទឹកក្នុងអំពើឃាតកម្ម រួចបានប្រគល់សពជូនប៉ុស្តិ៍រដ្ឋបាលទំនប់ធំ បូជានៅវត្តអង្គខ្នា តាមប្រពៃណី។

បច្ចុប្បន្ន កម្លាំងជំនាញស្រុក និងប៉ុស្តិ៍កំពុង សហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្តកំពុងបន្តការស្រាវជ្រាវបន្តទៀត៕

អត្ថបទ៖ ខេត្តកណ្តាល

Share.

Leave A Reply