អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការអាងពិពរណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២។ អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A, ភូមិក្បូន, ឃុំខ្ចាស់, ស្រុកសូទ្រនិគម, ខេត្តសៀមរាប។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ Angkor Wildlife & AQUARIUM បានឲ្យដឹងថា គម្រោងខាងលើនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ ២០២២។ អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។

សួនឧទ្យាន ក្នុងដំណាក់កាលទី១ ក៏មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ…។ល។ គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៏ប្លែកមួយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។

សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា សួនឧទ្យានខាងលើនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៏ក្នុងខេត្តសៀមរាបរួមមាន៖

• បង្កើនរយៈពេលស្នាក់នៅសំរាប់ភ្ញៀវទេសចរណ៍ដែលមកលេងខេត្តសៀមរាប
• បង្ហាញពីភាពអស្ចារ្យ អំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប
• ជាសួនកំសាន្តលំដាប់ស្ដង់ដារ អន្តរជាតិ
• ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្តោតលើបរិស្ថាន និងការអភិរក្ស
• អភិរក្សសត្វដែលរងការទន្ទ្រាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ
• ផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរ តាក់ស៊ី, ផាសអែប (PassApp) និងមគ្គុទេសទេសចរជាដើម។
• ផ្ដល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ, ដំណាំអំពៅ, ឬស្សី, ដូង, ចេក។ល។

ប្រភព៖ Angkor Wildlife & Aquarium

Share.